ជាតិ
បុណ្យភ្ជុំបិណ្ឌ
លោកស្រី ឱ វណ្ណឌីន៖ មិនត្រូវសប្បាយរហូតភ្លេចកូវីដ-១៩ឡើយ
07, Oct 2021 , 7:59 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ពលរដ្ឋដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាន នាឱកាសពិធីភ្ជុំបិណ្ឌ កុំសប្បាយភ្លេចខ្លួនពីជំងឺកូវីដ-១៩ ទៅបង្កជាការចម្លងមេរោគកូវីដ-១៩ ដល់គ្រួសារ និងអ្នកដទៃទៅវិញ។


 
លោកស្រី ឱ វណ្ណឌីន បានសង្កេតឃើញថា ពលរដ្ឋមួយចំនួនដែលបានដើរកម្សាន្តតាមរមណីយដ្ឋាននានា  នៅតែខ្វៈការប្រុងប្រយ័ត្ន មិនអនុវត្តតាមវិធានការការពារររបស់ក្រសួងសុខាភិបាលណែនាំ។ ត្រង់ចំណុចនេះ នាំឱ្យ លោកស្រី មានក្ដីបារម្ភយ៉ាងខ្លាំងចំពោះ អត្រាឆ្លងកូវីដ-១៩ ក្រោយពិធីបុណ្យភ្ជុំ។ លោកស្រី ឱ វណ្ណឌីន បានថ្លែងដូច្ន៖ « នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នា ច្រើនហួសប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩  ជាពិសេសពពួកដែលតា  កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស  ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកើតឡើងគ្រប់ពេល  និងគ្រប់ទីកន្លែង»។ 
 
បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលរូបនេះ  កន្លងមកមានបណ្ដាប្រទេសមួយចំនួន បានផ្ទុះជំងឺកូវីដ-១៩ យ៉ាងច្រើនអនេក ដោយសារការកកកុញមនុស្សច្រើន ដោយពលរដ្ឋមិនគោរពតាមវិធានការការពារខ្លួន។  លោកស្រី ឱ វណ្ណឌីន ចង់ឱ្យពលរដ្ឋត្រូវ ចេះខ្លាចរអានិងមើលបំណាំប្រទេសមួយចំនួននោះ កុំឱ្យមានវិប្បដិសារី ក្រោយការសប្បាយភ្ជុំបិណ្ឌ។  « ការដកស្រង់បទពិសោធន៍  និងរៀនសូត្ររស់នៅកម្សាន្តសប្បាយរបស់យើង  ចាំបាច់ត្រូវធ្វើតាមបែប  «សន្សឹមៗ  កុំបំបោល  ក្រែងពុំដល់ដូចប្រាថ្នា» ទើបយើងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព  រក្សាបានសុខភាពបុគ្គល  គ្រួសារ  និងសហគមន៍ បានយូរអង្វែងផងដែរ»។ នេះជាការបញ្ជាក់របស់របស់លោកស្រី ឱ វណ្ណឌីន។ 
 
ជាមួយគ្នានេះ កាលពីថ្ងៃទី៦ តុលាម្សិលមិញ សម្ដេច ហ៊ុន ក៏បានអំពាវនាវតាមរយៈសារសំឡេង ដល់ពលរដ្ឋដែលធ្វើដំណើរកម្សាន្តទូទាំងប្រទេស ត្រូវការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យមហន្តរាយណាមួយ កើតឡើងក្រោយពីការសប្បាយរីករាយនាថ្ងៃបុណ្យភ្ជុំ។  
 
សម្ដេច ហ៊ុន សែន បានថ្លែងថា ប្រសិនបើស្ថានភាព ក្រោយភ្ជុំមិនធ្ងន់ធ្ងរ ដោយគ្មានអ្នកឆ្លងច្រើន ហើយចំនួនអ្នកស្លាប់ ក៏ថយចុះ នោះកម្ពុជា នឹងអាចវិលទៅរកប្រក្រតីភាព ហើយនឹងអាចឈានទៅបើកប្រទេសលើគ្រប់វិស័យឡើងវិញ។ ប៉ុន្តែបើក្រោយភ្ជុំបិណ្ឌ ករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្លាំង នោះកម្ពុជា ពុំទាន់អាចឈានទៅបើកប្រទេសពេញឡើងវិញឡើយ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com