ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី៖ កែរដ្ឋធម្មនុញ្ញឲ្យមេដឹកនាំមានសញ្ជាតិខ្មែរតែមួយ គឺដើម្បីប្រយោជន៍វែងឆ្ងាយរបស់ជាតិ
08, Oct 2021 , 1:00 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ រូបពី AFP
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ រូបពី AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញឲ្យឃើញពីសារសំខាន់ និងផលប្រយោជន៍ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់ឲ្យមេដឹកនាំជាតិកំពូល៤រូប រួមមាន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង ប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្រ្តី) មានសញ្ជាតិខ្មែរតែមួយគត់ ដោយមិនអនុញ្ញាតឲ្យមានសញ្ជាតិផ្សេងឡើយ។



ប្រយោជន៍ ដែលសម្តេច ហ៊ុន សែន បង្ហាញនោះទេ គឺ នៅពេលមេដឹកនាំកំពូលទាំង៤រូបរបស់កម្ពុជា មានសញ្ជាតិខ្មែរតែមួយ កម្ពុជា នឹងរួចផុតស្រឡះពីការដាក់សម្ពាធ ឬការជ្រៀតជ្រែកពីបរទេស។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា៖«យើង ត្រូវធ្វើឲ្យបានស្រូត ដើម្បីឲ្យមានភាពច្បាស់លាស់ថា តើអ្នកណាសញ្ជាតិ១ អ្នកណាសញ្ជាតិ២។ វា មានបញ្ហាចំពោះមុខ តែវា មានផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ»។

ផ្ទុយមកវិញ មេដឹកនាំកម្ពុជា មើលឃើញថា កម្ពុជា អាចនឹងរងឥទ្ធិពលពីបរទេស ឬត្រូវបរទេសបង្គាប់បញ្ជា បើអ្នក ដែលកាន់តំណែងកំពូលទាំង៤រូប ពិសេសតំណែងនាយករដ្ឋមន្រ្តី  មានសញ្ជាតិបរទេស។ ប្រធានគណបក្សដឹកនាំរដ្ឋាភិបាលរូបនេះ លើកឡើងពីទស្សនវិស័យរបស់ខ្លួនថា៖«កន្លែងនេះ [តំណែងនាយករដ្ឋមន្រ្តី]  វា ជាទំនាស់ផលប្រយោជន៍។ ការជ្រៀតជ្រែកពីបរទេទៅលើតំណែងដ៏សំខាន់នេះ គឺវា អាចកើតមាន ព្រោះអ្នក មានសញ្ជាតិ២ ត្រូវបង់ពន្ធនៅក្រៅប្រទេស ហើយគេ អាចកំញើញថា បើ មិនធ្វើតាមគេ ទ្រព្យសម្បត្តិអ្នកឯងនៅក្រៅប្រទេស គេ នឹងរឹបអូស ឬស្អីចេះចុះ ដូច្នេះនៅក្រោមឥទ្ធិពលគេ»។

បច្ចុប្បន្ន កម្ពុជា មានមនុស្សតែ៩នាក់ប៉ុណ្ណោះ ដែលត្រូវបានច្បាប់កំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយ ដោយមិនអនុញ្ញាតឲ្យមានសញ្ជាតិផ្សេង នោះគឺសមាជិកទាំង៩រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ លោក ហង្ស ពុទ្ធា សមាជិកម្នាក់ និងជាអ្នកនាំពាក្យគ.ជ.ប.ប. ប្រាប់សារព័ត៌មានថ្មីៗថា នៅពេលសមាជិកគ.ជ.ប.ណាម្នាក់ ឈប់ធ្វើជាសមាជិកគ.ជ.ប. គេ នឹងអាចមានសញ្ជាតិបរទេសបាន។

ការតាក់តែងសេចក្តីព្រាងស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ចំណាយពេលត្រឹមតែ២-៣ថ្ងៃប៉ុណ្ណោះ ពោលគឺ សម្តេចនាយករដ្ឋមន្រ្តី ផ្តួចផ្តើមគំនិត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ សេចក្តីព្រាងស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏លេចរូបរាងឡើង និងបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។

ជានីតិវិធី សេចក្តីព្រាងស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ជូនទៅរដ្ឋសភា ពីរដ្ឋសភា ទៅព្រឹទ្ធសភា ពីព្រឹទ្ធសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ក្រោយឆ្លងកាត់ការអនុម័តយល់ព្រមពីស្ថានប័នកំពូលទាំង៣នេះហើយ សេចក្តីព្រាងស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់។

ហេតុអ្វី វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះ ត្រូវធ្វើយ៉ាងលឿនដូច្នេះ? សម្តេច ហ៊ុន សែន ចោទសួរ ហើយឆ្លើយដោយខ្លួនឯងថា ដើម្បីឲ្យប្រជាពលរដ្ឋ ឆាប់ដឹងច្បាស់ថា សម្តេច មានសញ្ជាតិខ្មែរតែមួយ ឬមានសញ្ជាតិបរទេសផ្សេងទៀត ដូចការផ្សព្វផ្សាយ។ សម្តេច បន្ថែមថា បើសម្តេច មានសញ្ជាតិបរទេសពិតមែន តំណែងនាយករដ្ឋមន្រ្តីរបស់សម្តេច នឹងត្រូវបញ្ជប់ ក្រោយវិសោធនកម្មរដ្ឋធម្មនុញ្ញ ចូលជាធរមាន តែបើសម្តេច មានសញ្ជាតិខ្មែរតែមួយ សម្តេច នឹងនៅបន្តធ្វើជានាយករដ្ឋមន្រ្តី។

មាន៥មាត្រាក្នុងរដ្ឋធម្មនុញ្ញ គឺ មាត្រា១៩ មាត្រា៨២ មាត្រា១០៦ មាត្រា១១៩ និង មាត្រា១៣៧ បូករួម២មាត្រាទៀតនៃច្បាប់ធម្មនុញ្ញបន្ថែម គឺមាត្រា៣ និង មាត្រា៤ ត្រូវបានធ្វើវិសោធនកម្ម។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលប្រសូតនៅឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម៩លើករួចមកហើយ។ 

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ បន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មានអង់គ្លេសឈ្មោះ ឌឹ ហ្កាដៀន (The Guardian) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។ ការផ្សាយថា សម្តេច មានលិខិតឆ្លងដែនស៊ីប ក៏មានន័យថា សម្តេច មានសញ្ជាតិស៊ីបដែរ ព្រោះការដែលអាចទទួលលិខិតឆ្លងដែនប្រទេសណាមួយបាន លុះត្រាតែបុគ្គលម្នាក់ ចូលសញ្ជាតិប្រទេសនោះសិន។ ការចុះផ្សាយរបស់សារព័ត៌មាន ឌឹ ហ្កាដៀន គឺយោងទៅតាមរបាយការណ៍ស៊ើបអង្កេតអន្តរជាតិមួយ ហៅថា The Pandora Papers Investigation។

លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស និងអ្នកគាំទ្រក្រុមប្រឆាំង បានយកអត្ថបទរបស់សារព័ត៌មាន ឌឹ ហ្កាដៀន ទៅចែករំលែកលើបណ្តាញសង្គមយ៉ាងផុសផុល។ លើសពីនេះ លោក សម រង្ស៊ី បំផុសព័ត៌មានថា សម្តេច ហ៊ុន សែន ចង់រត់ចោលប្រទេស ព្រោះដឹងថា រដ្ឋាភិបាលរបស់សម្តេច ជិតដល់ទីបញ្ចប់ ដូច្នេះហើយ ទើបសម្តេច ទិញសញ្ជាតិ និងលិខិតឆ្លងដែនស៊ីប។

យ៉ាងណាក៏ដោយ ក្រោយមន្រ្តីរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា រួមទាំងអ្នកនាំពាក្យការបរទេសកម្ពុជា ដាក់លិខិតទៅកាន់សារព័ត៌មាន ឌឹ ហ្កាដៀន សុំឲ្យកែតម្រូវទៀតនោះ នៅថ្ងៃទី៧ ខែតុលា សារព័ត៌មាន ឌឹ ហ្កាដៀន ក៏បានកែតម្រូវវិញ។ សារព័ត៌មាននេះ កែតម្រូវថា មន្រ្តីមួយចំនួនក្នុងជួររដ្ឋាភិបាលរបស់សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប។ ស៊ីប គឺជាកោះ១ ដែលស្ថិតក្នុងទឹកដីអឺរ៉ុប ហើយក៏ជាសមាជិករបស់សហភាពអឺរ៉ុបដែរ៕

Tag:
 ហ៊ុន សែន
  វិសោធនកម្មរដ្ឋធម្មនុញ្ញ
  មេដឹកនាំមានសញ្ជាតិខ្មែរតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com