ជាតិ
បងប្អូន​បង្កើតដល់ទៅ​៤នាក់​ស្លាប់​ដោយសារ​លង់ទឹក​នៅខេត្តព្រះសីហនុ
08, Oct 2021 , 3:35 pm        
រូបភាព
កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃភ្ជុំបិណ្ឌចុងក្រោយ មនុស្ស៥នាក់ បានលង់ទឹក នៅឆ្នេរសមុទ្រជំទាវម៉ៅ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ជនរងគ្រោះទាំងនោះជាបងប្អូនបង្កើតនឹងគ្នា​ ហើយអាជ្ញាធរជួយ សង្គ្រោះបានម្នាក់ប៉ុណ្ណោះ ចំណែកឯ ៤នាក់ទៀតបានស្លាប់។


 
តាមរបាយការណ៍ដដែល ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះ មានប្រុស២នាក់ និងស្រី២នាក់ ហើយជាបងប្អូនបង្កើតនឹងគ្នា រស់នៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងនោះ មានបងស្រី១នាក់ ឈ្មោះ ឡេង ឌៀប អាយុ២៥ឆ្នាំ ហើយបងប្រុសម្នាក់ទៀត ឈ្មោះ ឡេង ជ្រូក អាយុ២០ឆ្នាំ និងស្រីម្នាក់ទៀត ឈ្មោះ ឡេង សុជាតា អាយុ១៦ឆ្នាំ ដោយពួកគេទាំង៣នាក់ជាកម្មកររោងចក្រ។ ចំណែកឯ ប្អូនប្រុសម្នាក់ទៀត ដែលបានស្លាប់នោះ ឈ្មោះ​ ឡេង ដាវ ជាសិស្ស អាយុ១២ឆ្នាំ។


                                  រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

ដោយឡែក ក្មេងប្រុស១នាក់ ដែលអាជ្ញាធរជួយសង្គ្រោះបាននោះ ឈ្មោះ ឡេង សុខជា អាយុ១០ឆ្នាំ ជាប្អូនប្រុសពៅ របស់អ្នកស្លាប់ទាំង៤។ លោក ឡេង យ៉ឹង ដែលជាឪពុករបស់ជនរងគ្រោះ បានបញ្ជាក់ថា កូនៗរបស់ខ្លួនបានចុះលេងទឹកសមុទ្រនៅកន្លែងកើតហេតុ ហើយជនរងគ្រោះ ឈ្មោះ ឡេង ដាវ បានលង់ទឹក បន្ទាប់មកបងៗបានទៅជួយ ទើបបណ្ដាលឱ្យរលកសមុទ្របោកទាញទៅតាមទឹកបាត់អស់។ លោក បន្ថែមថា កូនរបស់លោក ឈ្មោះ ឡេង សុខជា ដែលនៅមានជីវិតនោះ បានពាក់ពោងរូបក្ងាន ហើយត្រូវបានអាជ្ញាធរជួយសង្គ្រោះបានទាន់ពេលវេលា។
 
កន្លងមក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ក៏មានករណីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ បានលង់ទឹកសមុទ្រផងដែរ ប៉ុន្តែត្រូវបានក្រុមឆ្មាំសមុទ្រជួយសង្គ្រោះទាន់ពេលវេលា។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏អំពាវនាវដល់ពលរដ្ឋ និងអ្នកទេសចរទាំងអស់ ដែលមកកម្សាន្តតាមរមណីយដ្ឋាន តំបន់ឆ្នេរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

Tag:
 ព្រះសីហនុ
 លង់ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com