អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិនក្តៅក្រហាយ ព្រោះសមាជិកព្រឹទ្ធសភាបារាំងហៅ«កោះតៃវ៉ាន់» ថា ជាប្រទេស
08, Oct 2021 , 9:11 pm        
រូបភាព
លោក Alain Richard អតីតរដ្ឋមន្រ្តីការពារជាតិបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំង( ខាងឆ្វេង) ជាមួយអ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ Facebook-Tsai Ing-wen
លោក Alain Richard អតីតរដ្ឋមន្រ្តីការពារជាតិបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំង( ខាងឆ្វេង) ជាមួយអ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ Facebook-Tsai Ing-wen
រដ្ឋាភិបាលចិន នៅថ្ងៃទី៨ ខែតុលា បង្ហាញអារម្មណ៍ខឹងសម្បារ​ និងទិតៀនដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាបារាំងមួយក្រុម ទៅកាន់កោះតៃវ៉ាន់ និងហ៊ានហៅកោះនេះថា ជាប្រទេសថែមទៀត។ ដោយចាត់ទុកថា​ ទស្សនកិច្ចនេះនឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគីរវាងចិន និងបារាំង ​​ក្រុងប៉េកាំងក៏បានស្នើឱ្យបារាំង គោរពអធិបតេយ្យ និងបូរណភាពដែនដីខ្លួនឱ្យបានខ្ជាប់ខ្ជួនផងដែរ។ 

សមាជិកព្រឹទ្ធសភាបារាំងមួយក្រុម ដែលដឹកនាំដោយលោក Alain Richard អតីតរដ្ឋមន្រ្តីការពារជាតិបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំងផង បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់រយៈពេល ៥ថ្ងៃ ដោយមកដល់ដែនកោះមួយនេះ តាំងពីថ្ងៃទី៦ ខែតុលា។ ក្នុងសុន្ទរកថាមួយ បន្ទាប់ពីជំនួបជាមួយអ្នកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ លោក Richard បានហៅកោះតៃវ៉ាន់ ជាប្រទេសពេញៗមាត់ ដែលការណ៍នេះបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំងដែរ។ សម្រាប់ចិន កោះតៃវ៉ាន់ គឺជាអាណាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយមហាអំណាចនេះថែមទាំងទាមទារឲ្យបណ្តាប្រទេសដទៃគោរពគោលការណ៍ «ចិនតែមួយ» ដែរ។ 
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានតបនឹងអតីតរដ្ឋមន្រ្តីការពារជាតិបារាំងថា ពាក្យសម្តីរបស់លោក Richard បានធ្វើឡើងលើសពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងប៉ារីស។ មន្រ្តីជាន់ខ្ពស់ចិនរូបនេះ ក៏បានបន្តផងដែរថា ការហៅតៃវ៉ាន់ជាប្រទេស គឺខុសនឹងការអនុវត្តអន្តរជាតិ ហើយបារាំងគួរតែគោរពអធិបតេយ្យ និងបូរណភាពដែនដីចិន។ 
 
ចំណែកស្ថានទូតចិនប្រចាំនៅទីក្រុងប៉ារីសវិញ បានព្រមានទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាបារាំង ថា ទង្វើបែបនោះ នឹងបំផ្លាញមុខមាត់របស់បារាំង។ ខុសពីអង់គ្លេស អាមេរិក និងអូស្រ្តាលីជាដើម បារាំង កន្លងមក មិនសូវរិះគន់ចិនប៉ុន្មានឡើយ ទាក់ទិននឹងបញ្ហាហុងកុង ស៊ីនជាំង និងសមុទ្រចិនខាងត្បូង ហើយថែមទាំងស្និទ្ធជាមួយរដ្ឋាភិបាលក្រុងប៉េកាំងថែមទៀត។ ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើទស្សនកិច្ចចំនួនពីរលើកនៅចិន។ 
 
កន្លងទៅ ចិនបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងឱ្យហោះមកកៀកដែនកោះតៃវ៉ាន់ ដែលធ្វើឱ្យយោធាកោះមួយនេះ បញ្ជូនយន្តហោះខ្លួនទៅព្រមាន និងពង្រាយប្រព័ន្ធខែលការពារមីស៊ីល ដើម្បីតាមដាន ក៏ដូចជាការពារខ្លួន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com