អន្តរជាតិ
មួយថ្ងៃក្រោយលោក ស៊ី ប្រកាសបង្រួបបង្រួម, មេដឹកនាំតៃវ៉ាន់ថា នឹងមិនឱនលំទោនឡើយ
10, Oct 2021 , 9:29 pm        
រូបភាព
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ថ្លែងសុន្ទរកថា។ រូបថតពីការិយាល័យប្រធានាធិបតីតៃវ៉ាន់
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ថ្លែងសុន្ទរកថា។ រូបថតពីការិយាល័យប្រធានាធិបតីតៃវ៉ាន់
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី១០ ខែតុលា ប្រកាសជំហរបង្កើនសមត្ថភាពការពារជាតិឱ្យកាន់តែខ្លាំងក្លាដើម្បីទប់ទល់នឹងសម្ពាធខាងក្រៅ។ លោកស្រី Tsai ប្រកាសបែបនេះ មួយថ្ងៃក្រោយប្រធានាធិបតីចិន ស៊ី ជិនភីង ប្រកាសថា ការបង្រួបង្រួមចិនតែមួយ ជារឿងដែលចៀសមិនផុតឡើយ។ ថ្លែងក្នុងទិវាបុណ្យជាតិ លោកស្រី Tsai បញ្ជាក់ច្បាស់ថា តៃវ៉ាន់មិនឱនលំទោនតាមការដាក់សម្ពាធណាមួយឱ្យធ្វើតាមចិនឡើយ ហើយក៏មិនដើរតាមផ្លូវដែលចិនគូសវាសនោះដែរ។

 
ទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ ហាក់ឡើងកម្ដៅខ្លាំងចាប់ពីដើមខែតុលាមក ដោយភាគីទាំងពីរឆ្លើយឆ្លងពាក្យសម្ដីគ្នាមិនចេះដាច់។ ខណៈចិននៅតែរក្សាមហិច្ឆតាបង្រួបង្រួមទឹកដីនោះ កោះតៃវ៉ាន់វិញហាក់គ្មានចេតនាដូចគ្នានេះសូម្បីបន្តិច។ អំឡុងពិធីរម្លឹកខួប១១០ នៃបដិវត្តន៍ផ្ដួលរំលំនៅថ្ងៃទី៩ ខែតុលា ប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់ជាថ្មីបំណងបង្រួបបង្រួមទឹកដី តែលោកមិននិយាយដល់ការប្រើកម្លាំងយោធាដូចពេលកន្លងមកឡើយ។
 
នៅដែនកោះតៃវ៉ាន់ ក្នុងពិធីរម្លឹកខួបដូចគ្នានេះ មេដឹកនាំតៃវ៉ាន់ Tsai Ing-wen បានប្រើប្រាស់ពិធីនេះដើម្បីផ្ញើសារទៅទីក្រុងប៉េកាំងវិញថា តៃវ៉ាន់នឹងបន្តបង្កើនការការពារជាតិ និងបង្ហាញការតាំងចិត្តរបស់ការពារខ្លួនឯង។ បើតាមលោកស្រី Tsai នឹងមិនមានអ្នកណាអាចបង្ខំតៃវ៉ាន់ឱ្យដើរតាមការកំណត់របស់ចិនបានឡើយ ហើយគេឯងក៏មិនត្រូវមានការស្រមៃថា ប្រជាជនតៃវ៉ាន់ នឹងឱនលំទោនចំពោះមុខការដាក់សម្ពាធឡើយ។
 
«នេះក៏ព្រោះតែផ្លូវដែលចិនបង្ហាញ មិនបានផ្ដល់ជីវិតបែបប្រជាធិបតេយ្យ និងសេរីភាព ឬអធិបតេយ្យសម្រាប់មនុស្ស២៣លាននាក់ឡើយ។» លោកស្រី Tsai លើកឡើងបែបនេះដោយសំដៅសំណើរបស់ទីក្រុងប៉េកាំងដែលចង់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» នៅតៃវ៉ាន់ ដូចនៅហុងកុង និងម៉ាកាវដែរ។ 
 
ក្នុងសុន្ទរកថាដដែល មេដឹកនាំតៃវ៉ាន់ដែលជាមុខសញ្ញារិះគន់របស់ប៉េកាំងចំពោះជំហរផ្ដាច់ខ្លួននោះ ក៏បញ្ជាក់ឡើងវិញការស្នើរបស់ខ្លួនទៅកាន់រដ្ឋាភិបាលចិនឱ្យចូលតុចរចាតាមគោលការណ៍ស្មើភាព។ លោកស្រី ថែមទាំងប្រកាសគាំទ្រការរក្សាស្ថានភាពច្រកសមុទ្របច្ចុប្បន្នទៀតផង។
 
បើទោះជាមានជំហរប្រកាសឯករាជ្យក្ដី លោកស្រី Tsai ត្រូវមើលឃើញថា មិនទាន់ហ៊ានដូច្នោះដែរ។ ចិនចាត់ទុកការប្រកាសឯករាជ្យណាមួយ ជាបន្ទាត់ក្រហម ហើយការឆ្លងបន្ទាត់នេះ ជាការបើកផ្លូវដលការប្រើកម្លាំងយោធាតែម្ដង៕

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com