ជាតិ
ព្រឹទ្ធាចារ្យ ទេព ម៉ារី ឯកទេសវង់ភ្លេងពិណពាទ្យ មរណភាពក្នុងវ័យ៩០ឆ្នាំ
11, Oct 2021 , 2:59 pm        
រូបភាព
ព្រឹទ្ធាចារ្យ ទេព ម៉ារី ដែលមានឯកទេសខាងវង់ភ្លេងពិណពាទ្យរូបភាព៖រូបពីអង្គការសិល្បៈខ្មែរអមតៈ
ព្រឹទ្ធាចារ្យ ទេព ម៉ារី ដែលមានឯកទេសខាងវង់ភ្លេងពិណពាទ្យរូបភាព៖រូបពីអង្គការសិល្បៈខ្មែរអមតៈ
ភ្នំពេញ៖ ព្រឹទ្ធាចារ្យ ទេព ម៉ារី ដែលមានឯកទេសខាងវង់ភ្លេងពិណពាទ្យ បានទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ និង៤៥នាទីរសៀល នៅស្រុកកំណើតរបស់អ្នកស្រី ក្នុងខេត្តកណ្ដាល។ នេះបើតាមអ្នកស្រី រស់ ស៊ីថន ត្រូវជាក្មួយរបស់ព្រឹទ្ធាចារ្យ ទេព ម៉ារី។


អ្នកស្រី រស់ ស៊ីថន ដែលត្រូវជាក្មួយប្រសា របស់ព្រឹទ្ធាចារ្យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សពព្រឹទ្ធាចារ្យ ទេព ម៉ារី បានបូជារួចហើយ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ។ អ្នកស្រីបន្ថែមថា គ្រួសារសពនឹងធ្វើពិធីបុណ្យគម្រប់៧ថ្ងៃ បញ្ជូនកុសលទៅជូនព្រឹទ្ធាចារ្យបន្ថែមទៀត នៅថ្ងៃទី១៥ តុលា។
 
អ្នកស្រី រស់ ស៊ីថន បញ្ជាក់៖«ក្រោយចូលនិវត្តគាត់(ព្រឹទ្ធាចារ្យ ទេព ម៉ារី) បានត្រឡប់ទៅស្រុកកំណើតនៅរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាលវិញ។ គាត់មានប្ដី តែគាត់មិនមានកូនទេ។
ពីមុនគាត់នៅជាមួយក្មួយស្រីបង្កើតម្នាក់ ប៉ុន្តែក្មួយស្រីរបស់គាត់បានស្លាប់ ដូច្នេះក្រោយពីគាត់ចូលនិវត្ត គាត់ក៏រស់នៅជាមួយខ្ញុំនឹងប្ដីខ្ញុំ។ ខ្ញុំនឹងប្ដីសុទ្ធតែជាក្មួយប្រសារបស់គាត់។ គាត់មានកូនសិស្សច្រើនណាស់ ខ្ញុំរាប់មិនអស់ទេ។ គាត់ចេញពីសិល្បៈ គាត់មិនយកឧបករណ៍ភ្លេងអ្វីមកតាមខ្លួនឡើយ។ គាត់តែងចិញ្ចឹម និងបណ្ដុះបណ្ដាលភ្លេងពិណពាទ្យ ដល់ក្មេងកំព្រា និងក្មេងក្រីក្រ»។
 
ព្រឹទ្ធាចារ្យ ទេព ម៉ារី បានចាប់កំណើតនៅស្រុកមុខកំពូល ក្នុងខេត្តកណ្ដាល។ តន្ត្រីការិនី ទេព ម៉ារី បានចាប់ផ្ដើមរៀនភ្លេងបុរាណនៅអាយុ១១ឆ្នាំ ពីឪពុកមាឈ្មោះ យ៉ា ឡុង។ ក្រោយពីឪពុកមាផ្លាស់ទៅបង្ហាត់ភ្លេង នៅក្នុងព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ព្រឹទ្ធាចារ្យក៏តាមទៅរៀនជាមួយឪពុកមាបន្តទៀត។ ក្រោយមកព្រឹទ្ធាចារ្យ ក៏ក្លាយជាតន្ត្រីការិនី ប្រចាំព្រះបរមរាជវាំង និងជាមិត្តរួមអាជីពជាមួយ ព្រឹទ្ធាចារ្យវីរៈសិល្បករ ឯក សុន។ 
 
ក្រោយពីរបបខ្មែរក្រហម ព្រឹទ្ធាចារ្យក៏បានអញ្ជើញទៅកាន់រាជធានីភ្នំពេញ ដើម្បីសិក្សាភ្លេងបន្ត និងបានចូលរួមហាត់ល្ខោនស្រមោលស្បែកធំ ជាមួយព្រឹទ្ធាចារ្យ វីរៈសិល្បករ ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន។  នៅឆ្នាំ២០០៣ ព្រឹទ្ធាចារ្យក៏ត្រូវបានអញ្ជើញដោយសិល្បៈខ្មែរអមតៈ ដើម្បីបង្រៀនតន្ត្រីពិណពាទ្យ តែដោយជរាភាព ព្រឹទ្ធាចារ្យមិនអាចបង្រៀនបន្តបាន។ នេះបើតាមការផ្សាយរបស់អង្គការសិល្បៈខ្មែរអមតៈ៕

Tag:
 សិល្បៈ
  វប្បធម៌
  តន្ត្រី
  គ្រូ
  ពិណពាទ្យ
  តន្ត្រីបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com