ជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ឥណទាន និងហិរញ្ញប្បទានឥតសំណង ៧២លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
11, Oct 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ៧២លានដុល្លារ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ តុលា នាទីស្តីការក្រសួង។

 
ទឹកប្រាក់ទាំងនេះ គឺជប៉ុន ផ្ដល់ឱ្យកម្ពុជា យកទៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់អនុវត្តគម្រោងចំនួន៦ រួមមាន៖ គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន  (ប្រមាណ ៥៨,២១ លានដុល្លារ  អាមេរិក)។ គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក) ។
 
ចំណែកទឹកប្រាក់ ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក) សម្រាប់គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់  ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)។ រីឯសម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ក៏ត្រូវចំណាយទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)។
 
ដោយឡែកគម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក) និង គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
 
រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន បាននិយាយថា ជំនួយជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្សនៅកម្ពុជា។ «ប្រទេសជប៉ុន គឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា ហើយនិងបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍»។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។
 
បើតាមប្រមុខការទូតកម្ពុជា ប្រទេសជប៉ុនក៏បានជួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ៕
 

Tag:
 សេដ្ឋកិច្ច
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com