ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ទូលព្រះរាជាថា ការកំណត់ឲ្យមេដឹកនាំមានសញ្ជាតិខ្មែរតែមួយ «អាចធ្វើទៅបាន»
11, Oct 2021 , 4:01 pm        
រូបភាព
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប លើកដៃយល់ព្រម ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក្នុងកិច្ចប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អង្គុយកណ្តាល។ រូបពីក្រុមប្រឹក្សាធម្មនុញ្ញ
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូប លើកដៃយល់ព្រម ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ក្នុងកិច្ចប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អង្គុយកណ្តាល។ រូបពីក្រុមប្រឹក្សាធម្មនុញ្ញ
ក្រោយឆ្លងកាត់កិច្ចពិភាក្សាពេញមួយព្រឹក នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យឃើញថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមេដឹកនាំកំពូល៤រូបរបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ គឺស្របទៅតាមសភាពការណ៍ជាក់ស្តែង ហើយមិនប៉ះពាល់អ្វីដល់ប្រព័ន្ធប្រជាធិបតីសេរីពហុបក្ស និងរបបរាជានិយមឡើយ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើសេចក្តីវិនិច្ឆ័យថា សេចក្តីស្នើសុំធ្វើវិសោធនកម្មនេះ «អាចធ្វើទៅបាន»។



លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានប្រកាសជាសាធារណៈ។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាធម្មនុញ្ញ បានក្រាបបង្គំទូលថ្វាយដល់ព្រះមហាក្សត្រ អំពីការអាចធ្វើទៅបាន លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យមេដឹកនាំកំពូល៤រូប មានសញ្ជាតិខ្មែរតែមួយ។
 
ក្រោយទ្រង់ទទួលបានការទូលថ្វាយមតិពីក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ ព្រះនរបតី នឹងប្រទាន​ចម្លើយដល់នាយករដ្ឋមន្រ្តី។ បើព្រះមហារាជ ទ្រង់ប្រទានចម្លើយថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចធ្វើទៅបាន នាយករដ្ឋមន្រ្តី នឹងដំណើរការលើនីតិវិធីនៃសំណើរបស់ខ្លួន ក្នុងការសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ 
 
ចំពោះសេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យមេដឹកនាំកំពូល៤រូប គឺ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្រ្តី) មានសញ្ជាតិខ្មែរតែមួយ បានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្រ្តីរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ ជានីតិវិធី នៅពេលនាយករដ្ឋមន្រ្តី ទទួលបានការប្រទានចម្លើយពីព្រះករុណា ថាអាចធ្វើវិសោធនកម្មបាន សេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញនោះ នឹងបញ្ជូនទៅស្ថាប័នកំពូលៗជាបន្តបន្ទាប់គ្នា គឺចេញពីរដ្ឋាភិបាល ទៅរដ្ឋសភា ពីរដ្ឋសភា ទៅព្រឹទ្ធសភា ពីព្រឹទ្ធសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បើព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែអនុម័តយល់ព្រមនោះ សេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវថ្វាយទៅព្រះករុណាជាម្ចាស់ជីវិត ដើម្បីទ្រង់ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់។  
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអ្នកផ្តើមគំនិតឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ។ សម្តេច ផ្តើមគំនិតឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបែបនេះ បន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មានបរទេស និងមានការផ្សាយបន្តយ៉ាងផុសផុល ពីសំណាក់ក្រុមអ្នកប្រឆាំងថា សម្តេច បានទិញសញ្ជាតិ និងលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ដែលជាកោះមួយក្នុងទឹកដីអឺរ៉ុប ហើយក៏ជាសមាជិកនៃសហភាពអឺរ៉ុបដែរ។ 
 
ការណ៍ដែលសម្តេច កំណត់ក្នុងរដ្ឋធម្មនុញ្ញឲ្យមេដឹកនាំជាតិទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ សម្តេច ចង់សបញ្ជាក់ថា សម្តេច ពិតជាមានសញ្ជាតិខ្មែរតែមួយ ដោយពុំមានសញ្ជាតិបរទេសឡើយ  ពីព្រោះថាបើសម្តេច មានសញ្ជាតិបរទេស សម្តេចនឹងត្រូវបាត់តំណែងនាយករដ្ឋមន្រ្តី នៅពេលការកំណត់នេះ ចូលក្នុងរដ្ឋធម្មនុញ្ញជាផ្លូវការ។ ឲ្យតែអ្នកគាំទ្ររដ្ឋាភិបាល ភាគច្រើន គឺបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មនេះ ខណៈអ្នកមិនគាំទ្ររដ្ឋាភិបាលខ្លះ ពិសេសក្រុមអ្នកប្រឆាំងបង្ហាញការជំទាស់។ 
 
សូមបញ្ជាក់ថា គិតទាំងលើកនេះ គឺជាលើកទី១០ហើយ ដែលរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម។ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១៕ 
  
 

Tag:
 ក្រុមប្រឹក្សាធម្មនុញ្ញ
  វិសោធនកម្មរដ្ឋធម្មនុញ្ញ
  សញ្ជាតិខ្មែរតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com