ជាតិ
រថយន្ត
ឡានMercedes តម្លៃរាប់ម៉ឺនដុល្លារ! លោក ណន ពេជ្របង្ហើបគន្លឹះលក់រថយន្តទំនើបតម្លៃរាប់ ម៉ឺននេះ
11, Oct 2021 , 6:59 pm        
រូបភាព
លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា
លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ លោក ណន ពេជ្រ ជាអ្នកប្រឹក្សាផ្នែកលក់ក្នុងក្រុមហ៊ុនស្តារអូតូខេមបូឌា បានបង្ហើបពីរបៀបលក់រថយន្តដ៏ប្រណិត ម៉ាក Mercedes ដែលជារថយន្តដ៏ពេញនិយម។ ដើម្បីទាក់ចិត្តអតិថិជនទិញរថយន្ត លោក ណន ពេជ្រ បានប្រើយុទ្ធសាស្រ្ត៥យ៉ាងពីក្រុមហ៊ុន ស្តារអូតូ ខេមបូឌា គឺ«បីកុំ បីការពារ និងពីរចូលរួម»។ 


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និងលោក ណន ពេជ្រ ដូចតទៅ៖
 

ជំនាញផ្នែកលក់ ជាជំនាញដ៏សំខាន់សម្រាប់គ្រប់អាជីវកម្ម ដែលជួយរកចំណូលជូនស្ថាប័ន។ លើសពីនេះអ្នកលក់ គឺជាបុគ្គលដ៏សំខាន់ដែលតំណាងឱ្យស្ថាប័ន ក្រុមហ៊ុន ដោយទទួលបានការផ្តល់ឱកាសបណ្តុះបណ្តាលពីថ្នាក់ដឹកនាំពួកគេផ្ទាល់។ ជាមួយគ្នានេះ អ្នកដែលមានសមិទ្ធផលច្រើនក្នុងផ្នែកនេះទាមទារឱ្យមានភាពអំណត់ខ្ពស់ តស៊ូជម្នះរាល់ការបដិសេដពីអតិថិជន មានភាពវៃឆ្លាតក្នុងការទំនាក់ទំនង និងមានឆន្ទៈមោះមុតផងដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងកម្មវិធីគំនិតថ្មី លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់ក្រុមហ៊ុន ស្តារអូតូ ខេមបូឌា ដែលនាំចូលផ្តាច់មុខនូវរថយន្តម៉ាក Mercedes ប្រចាំប្រទេសកម្ពុជា បានលើកឡើងដូចច្នេះ៖ «កាលណាគេនិយាយអំពីផ្នែកលក់ គឺសំដៅទៅលើទិន្នន័យ តែបើគ្មានទិន្នន័យជាក់លាក់ទេ ការលក់នោះគឺមិនមានប្រសិទ្ធភាពឡើយ»។


  លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា

លោក ណន ពេជ្រ បានបង្ហើបពីយុទ្ធសាស្រ្តជំរុញការលក់ទាំងប្រាំ របស់ក្រុមហ៊ុន ស្តារអូតូខេមបូឌា រួមមាន៖ បីកុំ គឺមិនបង្ខំភ្ញៀវ មិនរំខានភ្ញៀវ និងមិនជួបផ្ទាល់ជាមួយភ្ញៀវក្នុងវិបត្តិកូវីដនេះ។ ចំណែកបីការពារគឺ ការពារមិនឱ្យអ្នកលក់ខាតបង់ នៅពេលចង់បញ្ចេញឡានពេលក្រោយ។ ការពារមិនឱ្យអតិថិជនពិបាកមកផ្ទាល់ ព្រោះរាល់ការផ្តល់ជូនព័ត៌មាន គឺបានរហ័សទាន់ចិត្ត និងច្បាស់លាស់ និងការពារមិនឱ្យអ្នកលក់ភ្លេចអតិថិជនចាស់ឡើយ ពោលគឺ រក្សាអតិថិជនចាស់ បង្កើនអតិថិជនថ្មី។ រីឯ ពីរចូលរួមគឺ ចូលរួមរៀននូវចំណេះដឹងថ្មីៗ ពិភាក្សាជាមួយអតិថិជនខ្លួន និងចូលរួមថែរក្សាទំនាក់ទំនង បង្កើតភាពចាបងប្អូនជាមួយអតិថិជន។
  
លោក ណន ពេជ្រ អ្នកប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន ស្តារអូតូ ខេមបូឌា

ចំពោះការចែករំលែកពីបទពិសោធន៍ក្នុងការលក់រថយន្តទំនើបៗរយៈពេលប្រាំឆ្នាំមកនេះ លោក ណន ពេជ្រ បានសង្កត់ធ្ងន់ថា៖ «អ្នកដែលចាប់នូវការងារនេះ ត្រូវតែស្វែងយល់ពីគុណភាពផលិតផល ឬសេវាកម្មដែលខ្លួន កំពុងធ្វើបន្តរៀនសូត្រនូវចំណេះដឹងថ្មីៗ ដែលពាក់ព័ន្ធនឹងការងារ ត្រូវទៅឱ្យដល់អតិថិជនគោលដៅរបស់ខ្លួន។ ពិសេស ដោយភាពឈ្លាសវៃ និងត្រូវបត់បែនឱ្យទាន់សភាពការណ៍ រក្សាទំនាក់ទំនងល្អជាមួយអតិថិជនចាស់ និងបង្កើតអតិថិជនថ្មីៗជានិច្ចនៅក្នុងដៃ។ ហើយការងារផ្នែកនេះលំបាក រងសំពាធច្រើន តែបើយើងធ្វើបាន អនាគតនឹងល្អ»៕
 

Tag:
 SME
© រក្សាសិទ្ធិដោយ thmeythmey.com