ជាតិ
អាជ្ញាធរខេត្តកំពត បើកទ្វារទំនប់វារីអគ្គិសនីកំចាយ ដើម្បីរំដោះទឹកជំនន់
11, Oct 2021 , 4:59 pm        
រូបភាព
រូបភាពពី_ក្រសួង_រ៉ែ និង_ថាមពល
រូបភាពពី_ក្រសួង_រ៉ែ និង_ថាមពល
ដោយ:
ភ្នំពេញ​៖ ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយក្នុងខេត្តកំពត នៅម៉ោង១១៖០០ព្រឹក​ ថ្ងៃទី១១ ខែតុលានេះ បានបើកបង្ហូរទឹកសន្សឹមៗចេញពីទំនប់វារីអគ្គិសនីកំចាយ ខណៈទឹកកើនឡើងដល់កម្រិតរំដោះត្រូវចេញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត។


គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្ដីពីការបើកទំនប់វារីអគ្គិសនីកំចាយ ដើម្បីរំដោះទឹកចេញ បន្ទាប់ពីមានភ្លៀងពីរបីថ្ងៃជាប់គ្នា។ បើតាម​សេចក្ដី​ជូនដំណឹងខាង​លើ ស្ថានភាពក្នុង​អាងស្ដុកទឹកទំនប់វារីអគ្គិសនីកំចាយ ​មាន​ការ​កើនឡើង តម្រូវឱ្យក្រុមបច្ចេកទេស បើកទំនប់បង្ហូរទឹកចេញនៅម៉ោង ១១៖០០ព្រឹកនេះ។
 
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តកំពត បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាម​ទូរសព្ទ​ថា៖ «ក្រុមបច្ចេកទេស បានបើកទឹកបង្ហូរសន្សឹមៗសិន​ ដើម្បីកុំឱ្យជន់ខ្លាំង។  បច្ចុប្បន្ននេះ ទឹកឡើងដល់កម្រិត១៤៨សង់ទីម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ បើមើលតាមធម្មតាមិនទាន់ជន់ខ្លាំងទេ តែត្រូវតែរំដោះចេញខ្លះ ដើម្បីឱ្យទឹកមានកម្រិតស្មើដូចធម្មតា និងជាការជូនដំណឹងដល់ពលរដ្ឋក្នុងតំបន់ រួមជាមួយទេសចរ ដែលទៅកម្សាន្ដនៅតំបន់នោះបានត្រៀមជាមុន»។
 
ទន្ទឹមនឹងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត និងរដ្ឋបាលខេត្តកំពត បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងរៀបចំការពារខ្លួនជាមុន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕  
 
 
 

Tag:
 ខេត្តកំពត
  វារីអគ្គីសនីកំចាយ
  រំដោះទឹក
© រក្សាសិទ្ធិដោយ thmeythmey.com