ជាតិ
​​​ន​យោ​បាយ​ជាតិ​
សញ្ជាតិតែមួយ ៖ ព្រះមហាក្សត្រយល់ព្រមឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមគំនិតសម្ដេច ហ៊ុន សែន
12, Oct 2021 , 9:43 am        
រូបភាព
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមនី ព្រះមហាក្សត្រ បានសម្រេចយល់ព្រមឱ្យធ្វើសោធនកម្មរដ្ឋធម្មនុញ្ញ តាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើតាមលិខិតរបស់ព្រះបរមរាជវាំង ដែលមានឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ នាថ្ងៃទី១១ តុលា។


 
ព្រះមហាក្សត្រ បានទទួលលិខិតស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលសំដៅលើដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»។
 
ក្នុងលិខិតនោះលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយព្រះមហាក្សត្រ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី រួមទាំងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិមេដឹកនាំកំពូលនៅស្ថាប័នជាតិទាំង៤រូបនេះ។
 
ក្រោយពិនិត្យសព្វគ្រប់ ព្រះមហាក្សត្រ បានប្រគល់ភារកិច្ចនេះឱ្យសម្ដេច ហ៊ុន សែន ចាត់ការតាមនីតិវិធី។
 
អត្ថបទទាក់ទង
 
 
ចំពោះសេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យមេដឹកនាំកំពូល៤រូប មានសញ្ជាតិខ្មែរតែមួយ បានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្រ្តីរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ ជានីតិវិធី នៅពេលនាយករដ្ឋមន្រ្តី ទទួលបានការប្រទានចម្លើយពីព្រះករុណា ថា អាចធ្វើវិសោធនកម្មបាន សេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញនោះ នឹងបញ្ជូនទៅស្ថាប័នកំពូលៗជាបន្តបន្ទាប់គ្នា គឺចេញពីរដ្ឋាភិបាល ទៅរដ្ឋសភា ពីរដ្ឋសភា ទៅព្រឹទ្ធសភា ពីព្រឹទ្ធសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ បើព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែអនុម័តយល់ព្រមនោះ សេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវថ្វាយទៅព្រះករុណាជាម្ចាស់ជីវិត ដើម្បីទ្រង់ឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើប្រាស់។  
 
កន្លងមកសម្ដេច ហ៊ុន សែន បានប្រកាសថា ការកំណត់ឱ្យមេដឹកស្ថាប័នកំពូលទាំង៤រូបនេះ មានសញ្ជាតិខ្មែរតែមួយ គឺដើម្បីគេចផុតពីការដាក់សម្ពាធ ឬការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ គំនិតផ្ដួចផ្ដើមរបស់នាយករដ្ឋមន្រ្តីកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានការផ្សាយរបស់សារព័ត៌មានអង់គ្លេសឈ្មោះ ឌឹ ហ្កាដៀន (The Guardian) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។ ការចុះផ្សាយរបស់សារព័ត៌មាន ឌឹ ហ្កាដៀន គឺយោងទៅតាមរបាយការណ៍ស៊ើបអង្កេតអន្តរជាតិមួយ ហៅថា The Pandora Papers Investigation។ ប៉ុន្តែ ឌឹ ហ្កាដៀន ក៏បានចុះផ្សាយកែតម្រូវឡើងវិញ ចំពោះការចុះផ្សាយខ្លួនដែរ ដោយប្ដូរពីសម្ដេចនាយករដ្ឋមន្រ្តី មានលិខិតឆ្លងដែនប្រទេសស៊ីប មកជាមនុស្សជុំវិញខ្លួនសម្ដេចវិញ កាលពីថ្ងៃទី៦ តុលា។
 
បើគិតទាំងលើកនេះទៀត រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ចំនួន១០ហើយ។ រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១៕
 

Tag:
 ព្រះមហាក្សត្រ
  ហ៊ុន សែន
  សញ្ជាតិតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com