កីឡាជាតិ
ជាតិ
ត្រឹមស្មើ ហ្គាំ ក៏កម្ពុជា ឡើងទៅវគ្គជម្រុះជុំទី៣ នៃAFC Asian Cup 2023
12, Oct 2021 , 2:24 pm        
រូបភាព
កម្ពុជា ត្រូវជួបកោះហ្គាំ ជើងទីពីរ នាការប្រកួត Play-off នៃវគ្គជម្រុះ AFC Asian Cup 2023 នៅកីឡដ្ឋាន Khalifa ក្រុង Issa Town ប្រទេសបារ៉ែន នាម៉ោង១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១២ កញ្ញា ។ សម្រាប់ជើងទីពីរនេះ កម្ពុជាលេងត្រឹមស្មើជាមួយហ្គាំ ក៏មានឱកាសឡើងទៅវគ្គបន្តដែរ។


កម្ពុជា បានយកឈ្នះកោះហ្គាំ ដោយលទ្ធផល១-0 នាការប្រកួត Play-off ជើងទីមួយនៃវគ្គជម្រុះ AFC Asian Cup 2023 នៅកីឡដ្ឋាន Khalifa ក្រុង Issa Town ប្រទេសបារ៉ែន។ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីនៅនាទី២៦ ក្រោយការបញ្ជូនរបស់ខ្សែបម្រើវ័យក្មេង លឹម ពិសុទ្ធ ។
 
សម្រាប់ការប្រកួតជើងទីមួយនេះ កម្ពុជា មានឱកាសច្រើននៅវគ្គទី១ ប៉ុន្តែអាចរកបានតែ១គ្រាប់ប៉ុណ្ណោះ មុនពេលកោះហ្គាំ ចាប់ផ្ដើមពង្រឹងទម្រង់លេងឡើងវិញ នៅវគ្គទី២ ដោយមានរនាំងការពាររឹងមាំ បូករួមទាំងបច្ចេសវាយបកមកវិញ ដែលធ្វើឱ្យកម្ពុជា មិនអាចធ្វេសប្រហែសបាន។
 
កម្ពុជា ឈ្នះហ្គាំ ១គ្រាប់នៅជើងទី១នេះ តើវាបង្ហាញថា ហ្គាំគឺជាក្រុមខ្លាំង ឬមកពីទម្រង់លេងកម្ពុជា មិនល្អ។ សម្រាប់គ្រូបង្វឹកកម្ពុជា លោក Keisuke Honda គិតថា មកពីទម្រង់លេងរបស់កូនក្រុមមិនល្អ ដូចជាលេងជាមួយក្រុមខ្លាំងឡើយ។ ដូច្នេះការប្រកួតនាជើងទី២ នេះ កម្ពុជា ត្រូវការផ្ដាស់ប្ដូរ ឬពង្រឹងទម្រង់លេងឡើងវិញ ដើម្បីបន្តយកឈ្នះហ្គាំ ឡើងទៅវគ្គជម្រុះជុំទី៣ នៃAFC Asian Cup 2023។
 
ប៉ុន្តែបើសិនជា ទម្រង់លេងហ្គាំពិតជាល្អជាងមុននោះ កម្ពុជាត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឡើងទៅលេងវគ្គជម្រុះបន្ត ដោយចៀសវាងកុំឱ្យ ហ្គាំ យកឈ្នះវិញ ២-១ ឬ២-០ នៅជើងទី២នេះ។ ព្រោះបើកម្ពុជាចាញ់ហ្គាំ ២-១ នោះ គឺកម្ពុជា មិនឡើងទៅវគ្គជម្រុះជុំទី៣ បន្តឡើយ ដោយសារគេត្រូវគិតលើគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងក្រៅទឹកដី (Away Goals) ។ ការប្រកួតជើងទី២ នៅទឹកដីកណ្ដាល នាកីឡដ្ឋាន Khalifa នេះ ត្រូវបានគេចាត់ទុកជាការប្រកួតក្នុងទឹកដីកម្ពុជា។
 
សម្រាប់ការប្រកួតមួយគូទៀត នៃវគ្គ Play-off ជម្រុះ AFC Asian Cup 2023 នេះ គឺឥណ្ឌូណេស៊ី បានឡើងទៅជុំបន្តហើយ ក្រោយយកឈ្នះទាំងពីរជើង លើក្រុមឆាយនីសតៃប៉ិ ដោយលទ្ធផល៥-១ កាលពីពេលថ្មីៗនេះ។
 
បើកម្ពុជា អាចយកឈ្នះ ឬត្រឹមស្មើជាមួយកោះហ្គាំ នោះ កម្ពុជា និងឥណ្ឌូណេស៊ី នឹងត្រូវចូល Potទី៤ ។ ក្នុង Pot ទាំង៤នោះ មាន២៤ក្រុម ដែលនឹងត្រូវចាប់ឆ្នោតបែងចែកជា៦ពូលទៀត ដោយក្នុងពូលនីមួយៗ មាន៤ក្រុម ដែលត្រូវប្រកួតជម្រុះជុំទី៣ នៃវគ្គជម្រុះ AFC Asian Cup 2023។
 
គួររំឭកបន្តិចថា កម្ពុជា ធ្លាប់ជួបហ្គាំ ២លើកមកហើយ ដោយក្នុងនោះ កម្ពុជា ឈ្នះ១ និងចាញ់១លើក។ កម្ពុជា ធ្លាប់ឈ្នះហ្គាំ ៣-០ នៃការប្រកួត AFC Challenge Cup កាលពីឆ្នាំ២០០៦។ ចំណែកហ្គាំ ក៏ធ្លាប់ឈ្នះកម្ពុជា ២-០ នៃការប្រកួតលក្ខណៈមិត្តភាពផងដែរ កាលពីឆ្នាំ២០១៣។ ដូច្នេះកោះហ្គាំ មិនមែនជាក្រុមដែលអាចឱ្យកម្ពុជា មើលស្រាល និងធ្វេសប្រហែសបានឡើយ នៅក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup 2023។
 
 
 
 

Tag:
 បាល់ទាត់
  AFC Asian Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com