ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ជំរុញឲ្យមន្រ្តី បើកចិត្តទទួលយកមតិផ្ទុយ
12, Oct 2021 , 3:46 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តរតនគិរីថ្មី នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
សម្តេច ស ខេង ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តរតនគិរីថ្មី នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មិនមើលរំលងមតិផ្ទុយឡើយ។ សម្រាប់សម្តេច មតិផ្ទុយ ដែលប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានផ្សេងៗលើកឡើង អាចជួយបំពេញភាពខ្វះចន្លោះ ដែលមន្រ្តីរដ្ឋាភិបាលពុំបានគិតដល់។ ដោយមើលឃើញពីសារសំខាន់ដូច្នេះហើយ ទើបសម្តេច ណែនាំឲ្យមន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិ ត្រងត្រាប់ស្តាប់មតិផ្ទុយទាំងនោះ។



ធ្វើជាអធិបតីក្នុងពិធីលោក ញ៉ែម សំអឿន ចូលកាន់តំណែងអភិបាលខេត្តរតនគិរីថ្មី នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្តេច ស ខេង ផ្តល់ការណែនាំថា៖«យើងទាំងអស់គ្នា សមត្ថកិច្ច អង្គភាពដែលពាក់ព័ន្ធ ត្រូវតែបើកចំហ ធ្វើចិត្តឲ្យទូលាយ ដើម្បីទទួលយកមតិផ្ទុយក្នុងន័យស្ថាបនា ដែលជួនអីយើងមិនបានគិតដល់ ប៉ុន្តែអ្នកដែលមានមតិមក ពិតមែនមិនត្រូវចិត្តយើង តែវា ត្រូវនឹងស្ថានការណ៍ជាក់ស្តែង យើង ត្រូវចេះយកមកប្រើប្រាស់»។ 
 
លើកលែងមតិដែលមានលក្ខណៈញុះញង់ បង្កឲ្យមានហិង្សា បង្កឲ្យមានការបែកបាក់ជាតិ ឬបង្កឲ្យប៉ះពាល់សន្តិភាពស្ថិរភាព ដែលសម្តេចរដ្ឋមន្រ្តី ប្រាប់មន្រ្តីរដ្ឋាភិបាល មិនឲ្យទទួលយក។ ចំពោះមតិ ដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្តេច ជំរុញឲ្យមន្រ្តីរដ្ឋាភិបាល ហ៊ានទទួលយក។
 
ទន្ទឹមនឹងនេះ អនុប្រធានគណបក្សកាន់អំណាចរូបនេះ ប្រាប់ឲ្យមន្រ្តីនៅថ្នាក់មូលដ្ឋាន ព្យាយាមទទួលយកសំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ដូចជាទំនាស់ដីធ្លីជាដើម ទៅដោះស្រាយ ដើម្បីបង្កើតសុខដុមរមនាដល់ប្រជាពលរដ្ឋ៕ 

Tag:
 ស ខេង
  មតិផ្ទុយ
© រក្សាសិទ្ធិដោយ thmeythmey.com