ជាតិ
សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរ២០នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ
12, Oct 2021 , 4:47 pm        
រូបភាព
ពលករខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅថៃ។ (រូបពី RCA)
ពលករខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅថៃ។ (រូបពី RCA)
ភ្នំពេញ៖ សមត្ថកិច្ចនៅតាមបណ្ដោលព្រំដែនកម្ពុជា-ថៃ បានឃាត់ខ្លួនពលករខ្មែរ២០នាក់ ដែលបម្រុងឆ្លងដែនទៅថៃខុសច្បាប់។ នេះបើតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

 
 
កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ និងកម្លាំងចម្រុះក្នុងតំបន់ បានចុះល្បាតតាមបន្ទាត់ព្រំដែននៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ហើយក៏ប្រទះឃើញពលករខ្មែរមួយក្រុម បានព្យាយាមឆ្លងដែនទៅប្រទេសថៃទាំងយប់ ដូច្នេះសមត្ថកិច្ចក៏សម្រេចឃាត់ខ្លួនពួកគេតែម្ដង។ 
 
បើតាមការសាកសួរ របស់សមត្ថកិច្ច ពលករទាំងនោះ គឺមានបំណងទៅស្វែងរកការងារនៅប្រទសថៃ។ បន្ទាប់មកពួកគេ ក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វើការណែនាំ និងរៀបចំអនុវត្តតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់និងការរាលដាលកូវីដ-១៩។ 


             ពលករបម្រុងឆ្លងដែនខុស​ច្បាប់។ (រូបពី RCA)
 
សូមបញ្ជាក់ថា ចាប់តាំងពីមាន​ការរាលដាលកូវីដ-១៩ចូលក្នុងសហគមន៍ រដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់តាមព្រំដែន ដោយពង្រឹងការយាមល្បាតតឹងរឹង ដើម្បីកុំឲ្យមានការឆ្លងដែនខុសច្បាប់ និងរាលដាលឆ្លងកូវីដ-១៩។ 
 
គិតចាប់ពីខែធ្នូឆ្នាំ២០២០ មកដល់ពេលនេះ មានពលរដ្ឋ និងពលករត្រលប់ពីប្រទេសថៃវិញចំនួន ៥ម៉ឺននាក់ ។ ក្នុងនោះអាជ្ញាធរថៃ បានចាប់បញ្ជូនពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់មកវិញជាង៦ពាន់នាក់។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ ទទួលបានពីលោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ 

Tag:
 ពលករ
  ឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com