កីឡាជាតិ
ជាតិ
Soccer League 2013 ដល់វគ្គ ៨ ក្រុមចុងក្រោយហើយ
× កម្មវិធីប្រកួតពានរង្វាន់ Soccer League 2013 បានឈានដល់វគ្គ ១/៤ ផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីចំណាយពេលប្រកួតជម្រុះតាមពូលតាំងពីថ្ងៃទី ១១ ធ្នូ កន្លងទៅ ដោយមានក្រុមចំនួន ៣២ ក្រុមចែកជា ៨ ពូលខុសគ្នា។
វគ្គ ៨ ក្រុមចុងក្រោយនេះនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ២៨ ខែធ្នូនេះតទៅរួមមាន ក្រុមយុវជនស្ម័ក្រចិត្ត ១២ ប៉ះជាមួយក្រុមក្រុមសម្ព័ន្ធ គ.ស.ន.ប.ក វេលាម៉ោង ៤ : ៣០ នាទីល្ងាចនៅទីលានបាល់ទាត់ស្ដាតចាស់ ខណៈនៅម៉ោងដូចគ្នា ក្រុមក្រសួងព័ត៌មាន ប្រកួតជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅពហុកីឡដ្ឋានជាតិ។
ចំណែកនៅថ្ងៃទី ២៩ ធ្នូ វេលាម៉ោង ១ រសៀល ក្រុមក្រុម ភ្នំពេញកុំព្យូទ័រ ប្រកួតជាមួយក្រុម យុវជនបៃតង នៅស្ដាតចាស់ និង នៅម៉ោង ៣ : ៣០ នាទី ក្រុមក្រុម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងប្រកួតជាមួយក្រុមសហភាព សហព័ន្ធយុវជន កម្ពុជាខេត្តស្វាយរៀង។
យោងតាមលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការរៀបចំការប្រកួត បានឱ្យដឹងនាថ្ងៃបើកឆាកថា បង្កើតឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និង បង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការលេងបាល់ទាត់ ដណ្ដើមពានរង្វាន់ Soccer League។
ការប្រកួតបានចែកជាដំណាក់ៗ ដោយ វគ្គជម្រុះតាមពូល ចាប់ពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ដល់ ថ្ងៃទី ២៦ ខែ ធ្នូ ២០១៣ ។ ចំណែក វគ្គ១/៤ នឹងប្រកួតនៅថ្ងៃទី ២៨ និង ២៩ ខែ ធ្នូ ឆ្នាំ ២០១៣ ហើយវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៣ ខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com