ជាតិ
ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះបណ្ដើរៗហើយ
12, Oct 2021 , 5:17 pm        
រូបភាព
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ​​កម្ពស់ទឹកដែលស្រកចុះនេះ គឺនៅចំណុចស្ពានឃ្លៃ រលាំងជ្រៃ និងកំពង់ទួល។


 
តាមប្រភពដដែល កម្ពស់ទឹកស្ទឹងព្រែកត្នោតបានស្រកចុះបណ្ដើរៗ នៅខេត្តកំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ ត្រង់ចំណុចសំខាន់មួយចំនួន។ នៅចំណុចស្ពានឃ្លៃ ក្នុងខេត្តកំពង់ស្ពឺ កម្ពស់ទឹកបានកើនដល់៤,២០ម៉ែត្រ ហើយស្រកចុះ កន្លះម៉ែត្រ។ ចំណែកឯ ចំណុចរលាំងជ្រៃ ខេត្តកំពង់ស្ពឺ កម្ពស់ទឹកបានកើនឡើងដល់៦,៩០ម៉ែត្រ ហើយស្រកចុះវិញ ០,០២ម៉ែត្រ។ ចំពោះកម្ពស់ទឹកនៅចំណុចស្ពានកំពង់ទួល (ស្ពាន៧មករា) នៅខេត្តកណ្ដាល បានកើនឡើងដល់៦,២០ម៉ែត្រ ហើយស្រកចុះ១ម៉ែត្រ បើធៀបនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ។ 


             រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ

យោងតាមស្ថានភាពទឹកស្ទឹងព្រែកត្នោតបច្ចុប្បន្ន មិនមានអ្វីជាបញ្ហាឡើយ ប៉ុន្តែអាជ្ញាធរតាមតំបន់នីមួយៗ នៅតែបន្តតាមដាន ដើម្បីបង្ការគ្រោះទឹកជំនន់ ដែលអាចនឹងកើតមាន។ ក្នុងការអនុវត្តវិធានការទប់ស្កាត់បញ្ហានេះ មន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានលើកកូនទំនប់តូចមួយនៅលើទំនប់ចាស់ ដើម្បីការពារទឹកជំនន់ក្នុងតំបន់នោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP៕

Tag:
 ទឹកស្ទឹងព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com