ជាតិ
សង្គមជាតិ
មាត្រាថ្មី៖ ថៅកែ ដែលប្រើបុគ្គលិកលើសពី៨ម៉ោងក្នុង១ថ្ងៃ នឹងត្រូវពិន័យប្រាក់
12, Oct 2021 , 7:18 pm        
រូបភាព
សកម្មភាពកម្មការិនី កំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រចាំកម្ពុជា កាលពីឆ្នាំ២០០៦។
សកម្មភាពកម្មការិនី កំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ។ រូប ថតដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រចាំកម្ពុជា កាលពីឆ្នាំ២០០៦។
មាត្រាថ្មីនៃច្បាប់ការងារ ដែលទើបត្រូវបានបង្កើតឡើង និងទើបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានចែងអំពីការពិន័យប្រាក់ពីថៅកែ (និយោជក) បើប្រើបុគ្គលិក ឬកម្មករ (និយោជិត) ឲ្យធ្វើការលើសពី៨ម៉ោងក្នុង១ថ្ងៃ ដែលពីមុន ច្បាប់ការងារពុំបានចែង។



មាត្រា១៣៨ថ្មីនៃច្បាប់ការងារ ចែងថា បើក្រុមហ៊ុនសហគ្រាសណា ដំណើរការការងារ៣វេន គឺអាចចែកជាវេនព្រឹក វេនរសៀល និងវេនយប់ ដោយវេននីមួយៗ មិនត្រូវលើសពីថិរវេលាធ្វើការពេញលេញរបស់កម្មករក្នុង១ថ្ងៃឡើយ ដូចមានចែងក្នុងមាត្រា១៣៧។ បើតាមមាត្រា១៣៧នៃច្បាប់ការងារ ថិរវេលាធ្វើការពេញលេញ គឺស្មើនឹង៨ម៉ោងក្នុង១ថ្ងៃ ឬស្មើនឹង៤៨ម៉ោង ក្នុង១សប្តាហ៍។ យោងតាមមាត្រា១៣៧ដដែល ក្នុង១សប្តាហ៍ គឺអនុញ្ញាតឲ្យធ្វើការតែ៦ថ្ងៃប៉ុណ្ណោះ។

ចំណែកមាត្រា៣៦៧ថ្មីនៃច្បាប់ការងារ កំណត់ពីទោសថា បើថៅកែ ប្រើបុគ្គលិក ឬកម្មករ ផ្ទុយពីមាត្រា១៣៧ និងមាត្រា១៣៨ថ្មី នឹងត្រូវផ្តន្ទាទោសជាប្រាក់ពី៣១ថ្ងៃ ទៅ៦០ថ្ងៃនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។

លោក អាត់ ធន់ មេសហជីពលេចធ្លោម្នាក់នៅកម្ពុជា ពន្យល់ថា បើថៅកែ ប្រើបុគ្គលិក ឬកម្មករលើសពី៨ម៉ោងក្នុង១ថ្ងៃ ទោះកំហុសនេះ កើតឡើងតែម្តងក៏ដោយ ក៏ថៅកែនោះ នឹងត្រូវពិន័យប្រាក់រយៈ៣១ថ្ងៃដែរ។ លោក បន្តថា ការពិន័យប្រាក់ពីថៅកែ គឺយោងទៅតាមប្រាក់ឈ្នួលប្រចាំថ្ងៃរបស់បុគ្គលិក ឬកម្មករ ដែលត្រូវបានប្រើឲ្យធ្វើការលើសម៉ោងកំណត់នោះ។

បើបុគ្គលិក ទទួលប្រាក់ឈ្នួល២១០ដុល្លារ ក្នុង១ខែ (៣០ថ្ងៃ) ឬ៧ដុល្លារក្នុង១ថ្ងៃ ដូច្នេះថៅកែ នឹងត្រូវពិន័យប្រាក់ ដោយយោងទៅតាមប្រាក់ឈ្នួលប្រចាំថ្ងៃរបស់បុគ្គលិកនោះ។ ដោយយក៧ដុល្លារក្នុង១ថ្ងៃ ទៅគុណនឹង៣១ថ្ងៃ ដែលថោកែ ត្រូវពិន័យ គឺស្មើនឹង២១៧ដុល្លារ។ នេះគឺជាការលើកឧទាហរណ៍របស់លោក អាត់ ធន់។

លោក បន្ថែមថា បើមិនរាងចោល ដោយនៅតែប្រើបុគ្គលិកលើសម៉ោងកំណត់ទៀត ថៅកែ នឹងត្រូវពិន័យប្រាក់រយៈពេល៦០ថ្ងៃ។ ៧ដុល្លារ គុណនឹង៦០ថ្ងៃ ធ្វើឲ្យថៅកែនោះ អស់ប្រាក់៤២០ដុល្លារ។ លោក ប្រាប់ថា ប្រាក់ដែលបានពីការការពិន័យនោះ គឺចូលទៅរដ្ឋ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មេសហជីពរូបនេះ មានប្រសាសន៍ថា៖«ការពិន័យហ្នឹង គឺជារឿងល្អ ដើម្បីឲ្យថៅកែ មានការទទួលខុសត្រូវ កុំឲ្យគាត់ ប្រើបុគ្គលិកហួសហេតុ»។

យ៉ាងណាក៏ដោយ លោក បញ្ជាក់ថា ច្បាប់ការងារ អនុញ្ញាតឲ្យកម្មករនិយោជិត ធ្វើការថែមម៉ោង ដើម្បីទទួលបានប្រាក់បន្ថែម។ លោក សង្កត់ធ្ងន់ថា បុគ្គលិក ឬកម្មករ អាចថែមបានតែ២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ (ទាំងអស់១០ម៉ោងក្នុង១ថ្ងៃ) ដោយមិនអាចថែមលើសពី២ម៉ោងបានឡើយ ហើយម្យ៉ាងទៀត ការថែមម៉ោង គឺត្រូវមានការស្ម័គ្រចិត្តពីបុគ្គលិក ឬកម្មករ ដោយថៅកែ មិនអាចបង្ខំបាននោះទេ។ 

ច្បាប់ការងារកន្លងមក មានចែងពីការកំណត់ម៉ោងនៃការបំពេញការងារប្រចាំថ្ងៃ តែពុំបានចែងពីការពិន័យថៅកែឡើយ បើថៅកែ ប្រើបុគ្គលិក ឬកម្មករលើសម៉ោងកំណត់៕ 

Tag:
 កម្មករនិយោជិត
© រក្សាសិទ្ធិដោយ thmeythmey.com