ជាតិ
ពីនេះ ពីនោះ
ទឹកជំនន់ ធ្វើឱ្យដាច់ផ្លូវ១៦ខ្សែ ក្នុងខេត្តបន្ទាយមានជ័យ
13, Oct 2021 , 6:59 pm        
រូបភាព
ជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។ រូបភាពពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បានធ្វើឱ្យផ្លូវជនបទចំនួន១៦ខ្សែ ស្មើនឹង ១ ៩៥០ម៉ែត្រ ដាច់មិនអាចធ្វើចរាចរណ៍បាន។ បច្ចុប្បន្នផ្លូវដែលដាច់នោះ ត្រូវបានអាជ្ញាធរធ្វើស្ពានឈើបណ្ដោះអាសន្ន ដើម្បីឱ្យពលរដ្ឋធ្វើដំណើរ។



ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យនាពេលថ្មីៗនេះ បានជន់លិចស្រុក-ក្រុងចំនួន៩ ក្នុងនោះស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ រងផលប៉ះពាល់ខ្លាំងជាងគេ។ តាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី១១តុលា  លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយជំនន់ទឹកភ្លៀង បានធ្វើឱ្យដាច់តួផ្លូវជាកំណាត់ៗ មិនអាចឱ្យរថយន្តចរាចរណ៍បានចំនួន១៦ខ្សែ មានប្រវែង១ ៩៥០ម៉ែត្រ និងបាក់សំណង់លូមូលគ្រប់ប្រភេទ ៣កន្លែង។
 
«តែដោយឡែកល្ងាចមិញ(ថ្ងៃទី១២តុលា)ហ្នឹងភ្លៀងទៀត ប្រវែងដាច់តួផ្លូវហ្នឹង អាចកើនលើស ១ ៩៥០ម៉ែត្រ ហើយបាក់សំណង់លូមួយកន្លែងទៀតកាលពីម្សិលមិញ វាអាចឡើងដល់៤កន្លែង»។ នេះជាការអះអាងរបស់ លោក ជា យុទ្ធារុណ ដោយលោកបន្ថែមថា ក្រៅពីប៉ះពាល់ផ្លូវ និងលូ ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចអណ្ដូងស្នប់ ១ ៣៥៨អណ្ដូង បង្គន់អនាម័យពលរដ្ឋចំនួន ៧ ៤៥០ និងបង្គន់អនាម័យសាធារណៈ ២៥៣។
 
ចំពោះ​ការលិចអណ្ដូងស្នប់ចំនួន ១ ៣៥៨អណ្ដូងនេះ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរូបនេះ បញ្ជាក់ថា មានតែអណ្ដូងមួយប៉ុណ្ណោះ ដែលអាច​ប្រើប្រាស់ឡើងវិញបាន ដោយសារអណ្ដូងនោះលិចទាំងស្រុង ហើយមន្ទីរនឹងចុះទៅស្ដារឡើងវិញ ក្រោយទឹកជំនន់ស្រក។ រីឯបង្គន់អនាម័យមិនមានការខូចខាតឡើយ។
 
ដោយឡែកផ្លូវ ដែលរងការខូចខាតទាំងនោះ នឹងត្រូវជួសជុលឡើងវិញ ក្រោយទឹកសម្រកអស់ ខណៈបច្ចុប្បន្នទីតាំងផ្លូវ ដែលដាច់ ត្រូវបានអាជ្ញាធរប្រើប្រាស់កំណាត់ឈើធ្វើជាស្ពាន សម្រាប់ពលរដ្ឋថ្មើរជើង ទោចក្រយានយន្ត និងគោយន្តធ្វើចរាចរណ៍។
 
យ៉ាងណាមិញ បច្ចុប្បន្នរដ្ឋបាលខេត្តមិនទាន់វាយតម្លៃពីទំហំទឹកប្រាក់ និងពេលវេលា លើការជួសជុលផ្លូវវិញនៅឡើយនោះទេ។ លោក  ជា យុទ្ធារុណ លើកឡើងដូច្នេះ៖ «យើងអត់ទាន់បានដឹងទេ នៅពេលដែលអស់ទឹកហើយ បានយើងចុះទៅសិក្សាវាយតម្លៃ ថាតើទីតាំងមួយហ្នឹងត្រូវការថវិកាប៉ុន្មាន»។


អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យផលប៉ះពាល់ផ្លូវថ្នល់ នៅស្រុកមង្គលបុរី ក្រោយទឹកស្រក។ រូបភាពពី ទំព័រហ្វេសប៊ុកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
 
បើតាមរបាយការណ៍ ចេញដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី៣០ខែកញ្ញា គ្រោះជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ដល់ស្រុកនិងក្រុងចំនួន៩ រួមមាន ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ ស្រុកថ្មពួក ស្រុកភ្នំស្រុក ស្រុកមង្គលបុរី និងស្រុកម៉ាឡៃ។ គ្រោះជំនន់ទឹកភ្លៀងនេះ បានធ្វើ​ឱ្យប៉ះពាល់ដល់លំនៅឋានចំនួន ១៩ ៦២៥ខ្នង, មនុស្សចំនួន ៨៤ ៦២៣នាក់ និង ១ ១៩៨គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។ ចំណែកឯដំណាំស្រូវ ២៥ ២២៣ហិកតា រងផលប៉ះពាល់ និងសត្វពាហនៈ ១០៣ក្បាលផងដែរ៕

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com