COVID-19
ជាតិ
មន្ទីរកសិកម្មឧត្តរមានជ័យ ចែក​ពូជ​ត្រី កង្កែប និងមាន់ដល់​ពលរដ្ឋក្រីក្រ និង​ចំណាក​ស្រុក​
14, Oct 2021 , 7:59 am        
រូបភាព
រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ
រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ
ពលរដ្ឋក្រីក្រ និង​ចំណាក​ស្រុកពីប្រទេសថៃចំនួន ៩០០គ្រួសារ នឹងទទួល​បាន​ពូជត្រី កង្កែប មាន់ រួម​ទាំង​សម្ភារកសិកម្ម​ពី​គម្រោងរបស់អង្គការ GIZ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​ស្ដារសេដ្ឋកិច្ចឡើងវិញ។ បើតាម​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមាន​ជ័យ ពលរដ្ឋ​ ៣០០គ្រួសារ នឹង​ទទួលបានពូជ​កង្កែប, ៣០០គ្រួសារ​ទទួល​បាន​ពូជ​ត្រីអណ្ដែង និង​៣០០គ្រួសារទៀត ទទួល​បានសត្វ​​មាន់ ដើម្បី​យក​ទៅ​ចិញ្ចឹម។


 
ព្រឹត្តិការណ៍​សហគមន៍​ នៅ​តែបន្តរីករាលដាលនៅតាម​បណ្ដាខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ពលរដ្ឋមួយចំនួន​​ជួប​បញ្ហាប្រឈម។ ដោយ​មើល​ឃើញ​ផល​លំបាក​របស់​ពលរដ្ឋ អង្គការ GIZ របស់​អាល្លឺម៉ង់ តាមរយៈ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បាន​ផ្ដល់​ពូជ​ត្រី កង្កែប មាន់ រួមទាំង​សម្ភារ​កសិកម្មដល់​ពលរដ្ឋក្រីក្រ និង​ចំណាកស្រុក​ពី​ប្រទេស​ថៃចំនួន ៩០០គ្រួសារ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវភាព​។
 
លោក សូត្រ ស៊ី​សុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ Thmey Thmey 25 ថា ការផ្ដល់​ពូជ​ត្រី កង្កែប និង​មាន់​ដល់​ពលរដ្ឋនេះ ក្នុង​គោល​បំណង​ស្ដារ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ជីវភាពពលរដ្ឋក្នុង​បរិបទកូវីដ-១៩។ បើតាម​ប្រធានមន្ទីរកសិកម្មរូបនេះ​​ គម្រោងរបស់អង្គការ GIZ ​អាល្លឺ​ម៉ង់ ​មាន​រយៈពេល​៤ខែ ចាប់ពីខែ​មិថុនាដល់​ខែតុលា ដោយ​បច្ចុប្បន្ន​ចែក​ដល់​ពលរដ្ឋ​ ៦០០គ្រួសារហើយ។

ប្រធានមន្ទីរកសិកម្មរូបនេះ លើកឡើង​យ៉ាងដូច្នេះ៖ «បច្ចុប្បន្ន​ មន្ទីរ​កសិកម្ម បាន​ចែក​ដល់​ពលរដ្ឋ​ ៦០០គ្រួសារហើយ។ ដោយ​ក្រុម​ចិញ្ចឹម​កង្កែប ទទួល​បាន​កង្កែប ២៥០ក្បាលក្នុង​មួយ​គ្រួសារ និងក្រុម​ចិញ្ចឹម​ត្រី​អណ្ដែង ទទួល​បាន​កូន​ត្រី ៤៥០ក្បាល ក្នុង​មួយ​គ្រួសារ»។

ដោយ​ឡែក​ សម្រាប់​ពូជមាន់វិញ មន្ទីរកសិកម្មមិន​ទាន់​បាន​ចែក​ជូន​ដល់​ពលរដ្ឋ​នោះទេ ដោយរង់ចាំមាន់ទាំងនោះ ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្រាន់សិន​។ លោក ស៊ីសុខឃាង បន្តថា ពូជមាន់​ទាំងនេះ នឹង​អាច​ចែកនៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​តុលា ដោយ​ក្នុង​មួយគ្រួសារទទួល​បាន​មាន់ចំនួន ១២ក្បាល​​។

ក្នុង​រយៈពេលជិត៤ខែនៃ​គម្រោងនេះ មាន​ពលរដ្ឋមួយចំនួន អាច​ប្រមូលផលកង្កែប និង​ត្រីអណ្ដែង​​របស់ខ្លួន​ជា​បណ្ដើរៗហើយ។ ប្រធានមន្ទីរកសិកម្មរូបនេះ បញ្ជាក់ថា៖ «មកដល់ពេលនេះ ពលរដ្ឋ​ខ្លះ​ អាច​ប្រមូលផល​កង្កែប និង​ត្រី សម្រាប់​បរិភោគ​ និង​លក់។ កង្កែប ពួកគាត់​ចិញ្ចឹមតែមួយខែបានផល ហើយ​ត្រីអណ្ដែងវិញ ចំណាយពេល​តែ​ពីរខែទេ។ នេះជា​ការចិញ្ចឹមលក្ខណៈគ្រួសារសម្រាប់ជា​ស្បៀង និង​លក់ក្នុង​មូលដ្ឋាន​»។ 

ក្រៅពី​ផ្ដល់​ពូជ​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ចិញ្ចឹម​ មន្ទីរកសិកម្ម​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ផ្ដល់​នូវ​សម្ភារ​មួយចំនួនរួមមាន តង់ និង​ចំណី​។ លើសពីនេះ ពលរដ្ឋក្រីក្រ និង​ចំណាកស្រុក​ទាំងនោះ ក៏​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេសចិញ្ចឹម​ និង​ថែទាំ​ពី​មន្រ្តី​ជំនាញផងដែរ។ ក្រោយ​ពី​គម្រោង​នេះបញ្ចប់ លោក សូត្រ​ ស៊ីសុខឃាង សង្ឃឹម​ថា ពលរដ្ឋទាំងអស់ ​អាច​បន្ត​ការចិញ្ចឹម​ ដោយ​បច្ចុប្បន្ន​ខេត្ត​ឧត្តរមានជ័យ មាន​ទីតាំងលក់​ពូជ​ត្រី និង​កង្កែប ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​កសិករ​មិនលំបាក​លើ​បញ្ហា​ខ្វះ​ពូជយក​មក​ចិញ្ចឹម។ 

សូម​បញ្ជាក់ថា ក្នុង​បរិបទកូវីដ-១៩នេះ អង្គការ GIZ ​បានផ្ដល់ការងារដល់ពលរដ្ឋក្រីក្រ និង​ចំណាកស្រុក​ពីប្រទេសថៃចំនួន ១៤០នាក់ឱ្យ​សម្អាតផ្នែកខាងក្រោមនៃសហគមន៍ព្រៃឈើចំនួន ៤ទីតាំង ដើម្បីជាគោលដៅទេសចរណ៍។ នៅតាមសហគមន៍នីមួយៗ ពលរដ្ឋ​ទាំងនោះ ត្រូវ​ចំណាយចំនួន ២០ថ្ងៃសម្រាប់ស្អាត ដោយក្នុង១ថ្ងៃ ម្នាក់ៗទទួលបានថវិកា ៣ម៉ឺនរៀល និងផ្តល់ជូនពូជមាន់ ត្រីអណ្តែង និងកង្កែប សម្រាប់ចិញ្ចឹមហូបនិងផ្គត់ផ្គង់ជីវភាពផងដែរ៕ 
 
 

Tag:
 កសិកម្ម
  COVID-19
  ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com