ពីនេះ ពីនោះ
សហាយ បើស្ត្រីជា សហាយិកា មានន័យថា សម្លាញ់, អ្នកដែលជាគ្នា...
× ពាក្យ «សហាយ» តែមួយម៉ាត់ មិនមានន័យអាក្រក់នោះឡើយ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមានន័យថា សម្លាញ់, មិត្តសម្លាញ់; អ្នកដែលទៅឬមកជាមួយ, អ្នកជូន, អ្នកកំដរ, គ្នា, អ្នកដែលជាគ្នា ( បើស្រ្តីជា សហាយិកា ) ។
ទោះបីជាយ៉ាងណាក៏ដោយ វចនានុក្រម គូសបញ្ជាក់ថា ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីផ្សេងថា " បុរសស្ត្រីដែលដើរហើរឬដែលខូចកាចនឹងគ្នា "។ មានសហាយ មានស្រីឬមានប្រុសជាអ្នកប្រព្រឹត្តស្មន់អន្ធករនឹងគ្នា ។
វាមានន័យធ្ងន់ត្រង់ការបន្ថែមពាក្យ «កំណាន់» ឬ «ស្មន់»។ សហាយកំណាន់ សហាយដែលជាកំណាន់ចិត្ត ។ សហាយស្មន់ សហាយដែលខូចកាចនឹងគ្នាដល់បែកការត្រូវបង់ប្រាក់ពិន័យមុខស្មន់ ។ ប្រើជា កិរិយាសព្ទ ក៏បាន : សហាយនឹងគ្នា ដើរហើរនឹងគ្នា, ខូចកាចនឹងគ្នា ។ ល ។
សារព័ត៌មានថ្មីៗ សូមលើកយកពាក្យ ពាក្យ «ស្មន់» មកពន្យល់បន្ថែម។ ស្មន់ មានន័យថា ខូចកាចនឹងគ្នាឬដើរហើរនឹងគ្នា (នៃបុរសស្ត្រីដែលជាប់ជាសាច់ញាតិឬដែលជាញាតិពន្ធ)។ ស្មន់នឹងគ្នា, ស្មន់អន្ធ គឺ ស្មន់ដោយមានអ្នកដទៃជួយលាក់បាំងឲ្យ។ មុខស្មន់ មុខក្រសួង ឬ នាទីដែលត្រូវពិន័យតាមមាត្រាច្បាប់បញ្ញត្តអំពីស្មន់នឹងគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com