ពីនេះ ពីនោះ
តាមពិតទៅវចនានុក្រមខ្មែរបែងចែករវាងពាក្យ «ឡាន» និង «រថយន្ត»
16, Oct 2021 , 7:29 am        
រូបភាព
មិន​ខុសនោះឡើយ ដែល​យើងប្រើ​ពាក្យ «ឡាន» និង «រថយន្ត» ជំនួសគ្នាទៅវិញទៅមក ប៉ុន្តែ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់បន្ថែមអំពីប្រភពនៃពាក្យទាំងនេះ។

 
«ឡាន» មានន័យថា រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឲ្យតឹងមានកម្លាំងប្រឹងរលារវាតចេញ សម្រាប់ញ៉ាំងគ្រឿងចក្រឲ្យដើរជាដើម។ ឡាននាឡិកា ។ ឈ្មោះចង្កៀងមានឡាន មានចក្រ មានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឲ្យពន្លឺភ្លើងភ្លឺថ្លា។ ចង្កៀងឡាន ។
 
រីឯ «រថយន្ត» មានន័យថា រថដ៏វិសេសមួយប្រភេទមានទ្រង់ទាយផ្សេងៗច្រើនបែប, មានចង្កូត មានគ្រឿងទប់, . . . បើកឲ្យលឿនទៅមុខឬឲ្យថយមកក្រោយក៏បានដោយកម្លាំងគ្រឿងយន្តប្រកបគ្នា អាស្រ័យចំហាយក្ដៅដែលឆេះប្រេងវិសេស, . . .  បើករថយន្ត, ជិះរថយន្ត ( ភាសាបារាំង ហៅដោយសង្ខេបថា អូតូ Auto, ហៅឲ្យពេញថា អូតូម៉ូប៊ិលិ៍ Automobile  ) ។ 
 
វចនានុក្រម បាន​លើកយកឧទាហរណ៍ មកពន្យល់បន្ថែមទាក់ទងនឹង​ប្រភពនៃពាក្យ​ ឡាន និង​រថយន្ត។ រថយន្តឥតមានឡានសោះទេ ប៉ុន្តែហៅតាមរូបរថតូចៗ មានទ្រង់ទ្រាយដូចរថយន្ត មានឡានមួលឲ្យតឹងរត់រឥលទៅបាន សម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជា តាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូង ខ្មែរក៏នាំគ្នាហៅ ឡាន រាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការ គួរលែងហៅ ឡាន គួរហៅ រថយន្ត វិញ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com