ពីនេះ ពីនោះ
«តប់ប្រមល់» និង «តប់កមល» ប្រើ​ពាក្យ​ណាក៏បាន​ដែរ
17, Oct 2021 , 7:29 am        
រូបភាព
ព្រួយចិត្ត, ចង្អៀតចង្អល់ចិត្ត, អផ្សុកធុញទ្រាន់ មានន័យថា «តប់ប្រមល់» (អានថា —ម៉ល់)។ តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត តប់ប្រមល់ ក្លាយមកពីពាក្យ «តប់កមល» (អានថា—កៈ ម៉ល់)។ ដូច្នេះពាក្យទាំងពីរ មានន័យដូចគ្នា និង​ប្រើ​បាន​ដូចគ្នា។

 
ឧទាហរណ៍៖ ថ្ងៃនេះខ្ញុំដូចជាតប់ប្រមល់ រកគិតអ្វីមិនលេចសោះ; ថ្ងៃនេះតប់ប្រមល់ ដោយអំពល់ព្រោះតែកូន មេបងដូចមេប្អូន វាសណ្ដូនឯងឲ្យលង់ ។ តប់ប្រមល់ទល់ពុទ្ធោ, តប់ប្រមល់ទាល់គំនិត នឹករកព្រះពុទ្ធគុណពុំឃើញ។ ខ្ញុំព្រួយចិត្តណាស់ តប់ប្រមល់ទល់ពុទ្ធោអស់ទៅហើយ!
 
ដូចគ្នា​ផងដែរ «តប់កមល» ដែលមានន័យថា មានចិត្តដូចគេតប់ឲ្យក្រំ, ឲ្យឈឺចាប់ ។ ការប្រើពាក្យ តប់ប្រមល់ និងពាក្យ តប់កមល ទាំង២នេះស្រេចនឹងអ្នកប្រើពេញចិត្ត ប្រើពាក្យណាក៏សឹងតែបាន ។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រមខ្មែរ។
 
តាមពិតទៅពាក្យ «ប្រមល់» ក្លាយមកពី​ភាសាបាលី-សំសង្ក្រឹត «កមល» (ផ្កាឈូក, ដួង ចិត្ត, បេះដូង) ដែលមានន័យដោយចំថា ចិត្ត, គំនិត; ច្រើននិយាយថា តប់ប្រមល់ គឺថប់បារម្ភខ្លាំង, ខ្វល់ចិត្តខ្លាំង, ព្រួយចិត្តខ្លាំង រកគិតអ្វីមិនលេច, ទាល់គំនិត ។ «កមល» ច្រើនប្រើក្នុងពាក្យកាព្យ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com