ជាតិ
«សមាគមសាលាត្រាជូ និងការិយាល័យមេធាវី សិទ្ធិស័ក្តិ» ចុះអនុស្សរណៈយោគយល់គ្នា
14, Oct 2021 , 6:04 pm        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសាលាត្រាជូ និងការិយាល័យមេធាវី សិទ្ធិស័ក្តិ បានប្រារព្ធធ្វើឡើង នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ​២០២១ ចាប់ពីម៉ោង១២ ថ្ងៃត្រង់ នៅទីស្នាក់ការការិយាល័យមេធាវី សិទ្ធិស័ក្ដិ ជាន់ទី៣ អគារមិលលីនញ៉ូម (លេខ ៦៨) ផ្លូវ ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។



ការចុះអនុស្សរណៈយោគយល់ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន២។ ទី១៖លើកកម្ពស់សមត្ថភាពនិស្សិតកម្មសិក្សាការីនៃសមាគមសាលាត្រាជូ ឱ្យទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងផ្នែកអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជា ជាមួយអ្នកជំនាញច្បាប់ដែលមានបទពិសោធទាំងផ្នែកស្រាវជ្រាវនិងការអនុវត្ដ។ ទី២៖ ចូលរួមជំរុញកាលានុវត្តភាពថ្មីៗបន្ថែមទៀតជូនដល់និស្សិតច្បាប់នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសចុះហាត់ការ និងការអនុវត្តដោយផ្ទាល់ ក្នុងគោលបំណងបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌។

នៅក្នុងកម្មវិធីនេះ ឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិសមាគមសាលាត្រាជូ មានប្រសាសន៍ថា៖«ការចុះអនុស្សរណៈយោគយល់នេះ តាមរយៈកម្មវិធីកម្មសិក្សាសាលាត្រាជូ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងកសាងទំនាក់ទំនងល្អបន្ថែមទៀតជាមួយបណ្ដាស្ថាប័នដៃគូសហការឲ្យកាន់តែមានភាពជិតស្និទ្ធ និងជាពិសេសគឺការពង្រឹងសមត្ថភាពបន្ថែមជូនដល់និស្សិត និងជាឱកាសពង្រីកដៃគូទៅស្ថាប័នផ្សេងទៀតរបស់សមាគម»។

ជាមួយគ្នានេះដែរ លោក សុន សុខកេង នាយកគ្រប់គ្រងការិយាល័យមេធាវី សិទ្ធិស័ក្ដិ ក៏បានលើកឡើងថា៖«តាមរយៈអនុស្សរណៈយោគយល់នេះ ការិយាល័យមេធាវីសិទ្ធិស័ក្តិ នឹងចូលរួមផ្តល់ឱកាសដល់កម្មសិក្សាការីមកពីសាលាត្រាជូ ដោយផ្សារភ្ជាប់នូវចំណេះដឹងផ្នែកទ្រឹស្តីដែលបានសិក្សានៅសាលា​ មកប្រើប្រាស់ក៏ដូចជាស្វែងយល់បន្ថែមក្នុងការអនុវត្តជាក់ស្តែង ជាពិសេសទទួលបានបទពិសោធក្នុងការត្រៀមខ្លួនប្រកបវិជ្ជាជីវៈច្បាប់របស់គាត់ក្រោយបញ្ចប់ការសិក្សា»។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការចុះអនុស្សរណៈយោគយល់នេះរួច សមាគមសាលាត្រាជូ នឹងរៀបចំបញ្ជូនកម្មសិក្សាការីដែលបានបញ្ចប់កម្មសិក្សានៅសមាគម ឲ្យទៅបន្ដការចុះហាត់ការក្នុងរយៈពេល៣ខែបន្ថែមទៀតជាមួយការិយាល័យមេធាវី សិទ្ធិស័ក្ដិ។

គួររំលឹកថា កម្មវិធីកម្មសិក្សាសាលាត្រាជូ គឺជាផ្នែកមួយរបស់សមាគមសាលាត្រាជូ ដែលមានប្រជាប្រិយភាព និងការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានអ្នកច្បាប់ អ្នកប្រកបវិជ្ជាជីវៈ និស្សិត សាធារណជនទូទៅ និងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសកម្មភាពនានារបស់សមាគមផងដែរ។ ក្នុងនោះ កម្មវិធីកម្មសិក្សាសាលាត្រាជូ មានការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក សមាជិការបស់សមាគមសាលាត្រាជូ និងបានរៀបចំផែនការសកម្មភាព ដូចជា ការបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន, ការបណ្ដុះបណ្ដាលច្បាប់ឯកទេស (បទបង្ហាញ), ការបណ្ដុះបណ្ដាលពិសេស, ការបណ្ដុះបណ្ដាលជំនាញទន់បន្ថែម, បទពិសោធអនុវត្ដគម្រោងនានារបស់សមាគម, ទស្សនកិច្ចសិក្សានៅបណ្ដាស្ថាប័ននានា, ការតាមដានកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សា, ការវាយតម្លៃកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សា, និងលទ្ធភាពបន្ដការបណ្ដុះបណ្ដាលជាមួយស្ថាប័នដែលជាដៃគូសហការ។

រហូតមកដល់ពេលនេះ កម្មវិធីកម្មសិក្សាសាលាតា្រជូ បានបណ្ដុះបណ្ដាលកម្មសិក្សាការី ១៨ជំនាន់ ដែលមានកម្មសិក្សាការីសរុប១៣៣រូប ដោយភាគច្រើន បន្ទាប់ពីបានបញ្ចប់ពីកម្មវិធីកម្មសិក្សានេះ និស្សិតកម្មសិក្សា មានទុននិងមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ដើម្បីបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ប្រឡងចូលក្របខណ្ឌតាមបណ្ដាក្រសួងស្ថាប័ននានា, ប្រឡងប្រកួតប្រជែងនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលា, មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី, សាលាភូមិន្ទរដ្ឋបាល, ព្រមទាំងអាចចេញប្រកបរបរវិជ្ជាជីវៈច្បាប់ ជំនួយការច្បាប់ អ្នកស្រាវជ្រាវច្បាប់ និងផ្នែកពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន៕

© រក្សាសិទ្ធិដោយ thmeythmey.com