ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
របាយការណ៍អន្តរជាតិ៖ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមាន «នីតិរដ្ឋទាបបំផុត»
15, Oct 2021 , 1:00 pm        
រូបភាព
ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។ រូបពីទំព័រហ្វេសប៊ុក ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)។
ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី។ រូបពីទំព័រហ្វេសប៊ុក ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)។
មន្រ្តីជាន់ខ្ពស់របស់កម្ពុជា ថ្លែងការពារថា បើប្រៀបធៀបជាមួយប្រទេសដទៃ នីតិរដ្ឋ និងប្រជាធិបតេយ្យរបស់កម្ពុជា មានភាពល្អប្រសើរជាង។



អង្គការអន្តរជាតិជាន់ខ្ពស់ឈ្មោះ គម្រោងយុត្តិធម៌ពិភពលោក ឬហៅជាភាសាអង់គ្លេសថា World Justice Project (WJP) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២១ អំពីពិន្ទុនៃនីតិរដ្ឋតាមបណ្តាប្រទេសលើពិភពលោក។ សម្រាប់ឆ្នាំ២០២១នេះ មានប្រទេស១៣៩ ដែលគម្រោងយុត្តិធម៌ពិភពលោក ធ្វើសន្ទស្សន៍ ឬដាក់ពន្ទុអំពីនីតិរដ្ឋ។

ពិន្ទុ គឺគិតពី០ ទៅដល់១។ ពិន្ទុ០ គឺជាពិន្ទុតិចបំផុត ឬអាក្រក់បំផុត ហើយពិន្ទុ១ គឺជាពិន្ទុច្រើនបំផុត ឬល្អបំផុត។ ក្នុងចំណោមប្រទេសទាំង១៣៩ គ្មានប្រទេសណាមួយ ដែលបានពិន្ទុ០ឡើយ ហើយក៏គ្មានប្រទេសណាមួយ បានពិន្ទុដល់ទៅ១ពេញដែរ។

របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បង្ហាញថា នៅឆ្នាំ២០២១នេះ ចំណាត់ថ្នាក់កម្ពុជា ស្ថិតនៅបាតក្រោមឯណោះ គឺកម្ពុជា ទទួលបានពិន្ទុត្រឹមតែ០,៣២។ ពិន្ទុនេះ ធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៣៨ ដោយនៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។ វ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ទី១៣៩ ដែលជាចំណាត់ថ្នាក់ក្រោមគេបង្អស់។ វ៉េណេស៊ុយអេឡា ទទួលបានពិន្ទុ០,២៧។

ប្រទេសដែលទទួលបានពិន្ទុច្រើនបំផុត គឺដាណឺម៉ាក និង ន័រវែស។ ប្រទេសទាំង២នេះ ទទួលបានពិន្ទុយ០,៩០ ដូចគ្នា តែគម្រោងយុត្តិធម៌ពិភពលោក ឲ្យដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ទី១ ហើយន័រវែស ជាប់ចំណាត់ថ្នាក់ទី២។

តាមរយៈពិន្ទុនេះ ក្នុងចំណោមប្រទេសទាំង១៣៩ ដាណឺម៉ាក និងន័រវែស ជាប្រទេសដែលមាននីតិរដ្ឋល្អបំផុត ឯកម្ពុជា និងវ៉េណេស៊ុយអេឡា ជាប្រទេស ដែលមាននីតិរដ្ឋអន់បំផុត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកការដាក់ពិន្ទុ ឬចំណាត់ថ្នាក់ដល់កម្ពុជាអំពីនីតិរដ្ឋ ថាគ្រាន់តែធ្វើទៅតាមបំណងរបស់គម្រោងយុត្តិធម៌ពិភពលោកប៉ុណ្ណោះ ដើម្បីវាយប្រហារកម្ពុជា។ លោក លើកឡើងថា កម្ពុជា មិនមែនជាប្រទេសកុម្មុយនីស្ត ឬផ្តាច់ការឡើយ ខណៈប្រទេសខ្លះ ជាប្រទេសកុម្មុយនីស្ត និងផ្តាច់ការ។

ដោយផ្អែកលើហេតុផលនេះ លោក វាយតម្លៃថា នីតិរដ្ឋរបស់កម្ពុជា មានភាពល្អប្រសើរជាងប្រទេសមួយចំនួន ទាំងនៅក្នុងតំបន់ ទាំងនៅក្នុងពិភពលោក។ លោក បន្ថែមថា កម្ពុជា ក៏កំពុងប្រឹងប្រែងកសាងលទ្ធិប្រជាធិបតេយ្យ សង្គមសេរី និងប្រព័ន្ធយុត្តិធម៌ផងដែរ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់រូបនេះ ថ្លែងថា៖«ការរស់នៅជាក់ស្តែងរបស់កម្ពុជា ប្រៀបធៀបជាមួយប្រទេសមួយចំនួនដទៃទៀត គេអាក្រក់ជាងយើងឆ្ងាយណាស់។ រឿងសេរីភាព ខ្ញុំគិតថា ខ្មែរមិនអស្ចារ្យទេ ក៏ប៉ុន្តែប្រសើរដូចគេដូចឯងមួយចំនួន ប្រសើរជាងគេជាងឯងមួយចំនួន»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្ស័យថា គម្រោងយុត្តិធម៌ពិភពលោក ទទួលព័ត៌មាន និងទិន្នន័យខុស ដែលជាហេតុនាំឲ្យការធ្វើរបាយការណ៍ពីកម្ពុជា ក៏ខុសដែរ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការស្រាវជ្រាវហ្នឹង អាចមានការទទួលព័ត៌មានខុស។ [អាចទទួលព័ត៌មាន] ពីភាគីតែម្ខាង អាចពីក្រុមសង្គមស៊ីវិល ឬពីក្រុមមាននិន្នាការប្រឆាំង ដែលផ្តល់ព័ត៌មានខុស នាំឲ្យការប្រើប្រាស់វិធីសាស្រ្ត និងការបញ្ចេញលទ្ធផល ក៏ខុសតាមហ្នឹងដែរ»។

លោក បន្ថែមថា ក្រុមសង្គមស៊ីវិល និងក្រុមអ្នកមាននិន្នាការប្រឆាំង ធ្លាប់ផ្តល់ព័ត៌មានខុស ដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សប្រចាំកម្ពុជារួចមកហើយ។ លោក លើកឧទាហរណ៍ជាក់ស្តែងថា កន្លងមក ក្រុមសង្គមស៊ីវិល ផ្តល់តួលេខទៅដល់អ្នករាយការណ៍ពិសេស អំពីមនុស្សជាង៧០០នាក់ ដែលត្រូវចាប់ខ្លួន ដោយសារល្មើសនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ តែតាមការពិត ក្នុងចំណោមជាង៧០០នាក់នោះ មានតែជាង១០០នាក់ទេ ដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយក្នុងចំណោមជាង១០០នាក់ទៀតសោត មានតែជាង៣០នាក់ប៉ុណ្ណោះ ដែលត្រូវឃុំខ្លួន ហើយក្រៅពីនេះ គ្រាន់តែរងការពិន័យជាប្រាក់ រួចត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ពិន្ទុអំពីនីតិរដ្ឋ ដែលកម្ពុជា ទទួលបានក្នុងឆ្នាំ២០២១នេះ មិនសូវខុសពីឆ្នាំ២០១៩ និង ឆ្នាំ២០២០ ប៉ុន្មានឡើយ។ នៅឆ្នាំ២០២០ ក្នុងចំណោមប្រទេស១២៨ កម្ពុជា ទទួលបានពិន្ទុ០,៣៣ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១២៧។ ចំណែកកាលពីឆ្នាំ២០១៩ ក្នុងចំណោមប្រទេស១២៦ កម្ពុជា ទទួលបានពិន្ទុ០,៣២ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១២៥។ ៣ឆ្នាំជាប់គ្នា ចំណាត់ថ្នាក់របស់កម្ពុជា នៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ ឯវ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ក្រោមគេបង្អស់អំពីនីតិរដ្ឋនេះ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។

គម្រោងយុត្តិធម៌ពិភពលោក សរសេរលើបណ្តាញសង្គមធ្វីតធឺ (Twitter) ថា ប្រជាជនជាង៨៤ភាគរយ លើពិភពលោក រស់នៅក្នុងប្រទេស ដែលនីតិរដ្ឋ ត្រូវបានបំពាន៕


របាយការណ៍អំពីពិន្ទុនីតិរដ្ឋនៃប្រទេសទាំង១៣៩ នៅឆ្នាំ២០២១




Tag:
 កម្ពុជា
  WJP
  នីតិរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com