ជាតិ
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា​ បានបញ្ចូលសាច់ប្រាក់ជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម
15, Oct 2021 , 6:59 pm        
រូបភាព
រូបតំណាង៖ ចំការខាត់ណាផ្កា របស់ សំ សារុន ដែលជាកសិករស្ថិតក្នុងភូមិអូរតាវ៉ាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
រូបតំណាង៖ ចំការខាត់ណាផ្កា របស់ សំ សារុន ដែលជាកសិករស្ថិតក្នុងភូមិអូរតាវ៉ាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទាន(កម្ចី)ឱ្យទៅអ្នកប្រតិបត្តិករនៅវិស័យកសិកម្ម បានចំនួន៤,២ពាន់លានដុល្លារនៅក្នុងរយៈពេល៨នៃឆ្នាំ២០២១។ នេះជាការលើកឡើងរបស់ លោក រ័ត្ន សុវណ្ណនរៈ ដែលជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា(NBC) ដោយបានបញ្ជាក់ថា ទំហំឥណទានសម្រាប់វិស័យកសិកម្មនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។

 
កសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្នវិស័យនេះ កំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។  លោក រ័ត្ន សុវណ្ណនរៈ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ។ ជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
 
បើតាមអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជារូបនេះ  គិតត្រឹមខែសីហា ឆ្នាំ២០២១ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន១៧ទ្រីលានរៀល(ប្រមាណ ៤,២ ពាន់លានដុល្លារ)។  លោក រ័ត្ន សុវណ្ណនរៈ បន្តរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី១៤តុលា  ថា ៖ «បើទោះ ជាទំហំឥណទានសម្រាប់វិស័យកសិកម្មមានការកើនឡើងរៀងរាល់ឆ្នាំក្តី ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការក្នុងវិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទ្រព្យបញ្ចាំ និងការរៀបចំឯកសារកម្ចី ជាដើម»។
 
ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព លោក ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បាននិយាយដូច្នេះ៖ «ពិតណាស់ដែលយើងត្រូវអភិវឌ្ឍតាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ»។
 
កាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២១          សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និង សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញZoom។  លោក គា បូរាណ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃCMA បាន អះអាងថា  
MOUនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថានប័នទាំងពីរ តាមរយៈការបញ្ច្រៀបចំណេះដឹងហិរញ្ញវត្ថុដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជំរុញឱ្យមានការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។
 
ជាមួយគ្នានេះ លោក ស៊្រុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះស្ថាប័នទាំងពីរខាងលើដែលបានរួមគ្នា ចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅជនបទកម្ពុជា។ លោកបាននិយាយដូច្នេះ៖ «MOU រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឆ្លើយតបទៅនឹងអភិក្រមនៃភាពជាដៃគូរ ព្រមទាំងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងវិស័យកសិកម្ម ជាពិសេសសម្រាប់គ្រួសារកសិករនៅជនបទនៃប្រទេសកម្ពុជា»៕ 

Tag:
 កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com