ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពូកែភ្លេច? ទឹកផ្លែទទឹមស្រស់ និងភេសជ្ជៈ ៦មុខនេះ អាចជួយបង្កើនការចងចាំ
16, Oct 2021 , 6:59 am        
រូបភាព
ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព​Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖

 
១. ទឹកផ្លែទទឹមស្រស់
 
ភេសជ្ជៈនេះល្អណាស់សម្រាប់ជម្រុញចរន្តឈាមរត់ទៅខួរក្បាល។ នេះមានន័យថាកោសិកាខួរក្បាលនឹងទទួលបាននូវសារធាតុចិញ្ចឹម ព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់តាមតម្រូវការដើម្បីអាចដំណើរមុខងារបានយ៉ាងប្រសើរ។
 
២. ទឹកប៉េងប៉ោះស្រស់
 
ប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា។ ដូច្នេះការទទួលទានទឹកប៉េងប៉ោះស្រស់នឹងជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរឱ្យកត់សម្គាល់។
 
៣. ទឹកការ៉ុតស្រស់
 
ការ៉ុតមានផ្ទុកសម្បូរទៅដោយសារធាតុ beta carotene ដែលល្អណាស់សម្រាប់ការចងចាំ។ សារធាតុប្រឆាំងអុកស៊ីតកម្ម beta carotene ជួយកម្ចាត់ការរលាកនៃខួរក្បាល ហើយបង្កើនការចងចាំ។
 
៤. ទឹកមើមឆៃថាវក្រហមស្រស់
 
ទឹកបន្លែមួយប្រភេទទៀតដែលអ្នកគួរទទួលទានដើម្បីរក្សាការចងចាំល្អប្រសើរនោះ គឺទឹកមើមឆៃថាវក្រហម។ ភេសជ្ជៈនេះជួយឱ្យខួរក្បាលទទួលបាននូវសារធាតុចិញ្ចឹមនិងឈាមដែលមានផ្ទុកអុកស៊ីសែនគ្រប់គ្រាន់។ ភេសជ្ជៈនេះក៏ជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។
 
៥. ទឹកកាកាវក្ដៅៗ ឬភេសជ្ជៈសូកូឡា
 
មួយពែងនៃភេសជ្ជៈកាកាវ ឬសូកូឡាក្ដៅៗអាចជួយរក្សាការចងចាំល្អប្រសើរ។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុកជួយសង្គ្រោះកោសិកាខួរក្បាលមិនឱ្យទទួលរងការខូចខាត។ ទោះជាយ៉ាងត្រូវប្រាកដថា អ្នកជ្រើសរើសសូកូឡាដែលផ្សំឡើងពីកាកាវប្រមាណ ៧០ភាគរយ និងកុំបន្ថែមគ្រីម ឬស្ករក្នុងភេសជ្ជៈមុនទទួលទាន។
 
៦. កាហ្វេ
 
ការទទួលទានកាហ្វេក៏ជួយរក្សាការចងចាំបានផងដែរ។ សារធាតុកាហ្វេអ៊ីនក្នុងកាហ្វេល្អណាស់សម្រាប់រំញោចមុខងារចងចាំនៃខួរក្បាល។ ទោះជាយ៉ាងណាអ្នកគួរចៀសវាងប្រភេទកាហ្វេដែលមានបន្ថែមគ្រឿងផ្សំផ្សេងៗដូចជាស្ករ ឬគ្រីមទឹកដោះគោជាដើម។
 
៧. តែ
 
មិនថាអ្នកចូលចិត្តតែបៃតង ឬតែក្រហម ឬតែខ្មៅ ឬតែសក៏ដោយ ការទទួលទានតែមួយពែងជាប្រចាំអាចជួយឱ្យអ្នករក្សាបាននូវការចងចាំល្អប្រសើរ។ តែសឹងគ្រប់ប្រភេទមានផ្ទុកអាស៊ីតអាមីណូ l-theanine កាត់បន្ថយភាពស្ត្រេសរ៉ាំរ៉ៃនិងការគេងមិនលក់ ខណៈដែលកត្តា ២នេះបង្កផលប៉ះពាល់ដល់សមត្ថភាពនៃការចងចាំរបស់ខួរក្បាល។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com