អន្តរជាតិ
អាម៉េរិកជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដែលលោកត្រាំបានដកខ្លួនចេញ
15, Oct 2021 , 4:21 pm        
រូបភាព
រូបថត AFP
រូបថត AFP
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៤ ខែតុលាបានប្រកាសថា អាម៉េរិកត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ជាលើកដំបូង បន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំបានដកខ្លួនចេញពីក្រុមប្រឹក្សានេះ។ អាម៉េរិកបានដកខ្លួនចេញក្នុងឆ្នាំ២០១៨ដោយលោកត្រាំអះអាងថាក្រុមប្រឹក្សាលម្អៀង ចំពោះអ៊ីស្រាអែល។


 
កាលពីដើមឆ្នាំ២០២១ រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសពីបំណងរបស់ ខ្លួនក្នុងការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សឡើងវិញជំនួសឱ្យគោលនយោបាយ «អាមេរិកទីមួយ» របស់លោកត្រាំដែលបានដកអាម៉េរិកចេញពីអង្គការអន្តរជាតិមួយចំនួន។
 
ចំពោះសភាអាម៉េរិកទាំងពីរបក្សបានរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្សពីការដែលបានរាយ ការណ៍ដោយលម្អៀងថា អ៊ីស្រាអែលបានរំលោភបំពានជនជាតិប៉ាឡេស្ទីន។ ប៉ុន្តែរដ្ឋ បាលបៃឌិនបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននឹងទាញយកផលប្រយោជន៍របស់ខ្លួនឱ្យបានល្អប្រសើរជាងមុនដោយចូលរួមតុចរចាដើម្បីជជែកដេញដោលជាមួយសមាជិកផ្ទៃក្នុងនៃក្រុមប្រឹក្សានោះ។
 
«ទីក្រុងវ៉ាស៊ីនតោនបានឈ្នះជាសមាជិកមួយនៃក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិក្រោយរបស់ខ្លួនដែលចាប់ផ្តើមនៅឆ្នាំ ២០២២»។ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្ល៊ីងខិន បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី១៤ ខែតុលា។
 
ជុំវិញរឿងនេះ លោកប្ល៊ីងខិនបានលើកឡើងថា ក្រុមប្រឹក្សានេះផ្តល់វេទិកាដែលអាម៉េរិក អាចពិភាក្សាដោយបើកចំហអំពីវិធីសាស្ត្រដែលធ្វើឱ្យបញ្ហាប្រសើរឡើង។ លោកបន្តថា ជាមួយគ្នានេះដែរ អាម៉េរិកក៏អាចចូលរួមដោះស្រាយកំហុសមួយចំនួនរបស់ក្រុមប្រឹក្សានេះ ដូចជាការយកចិត្តទុកដាក់មិនស្មើគ្នាចំពោះអ៊ីស្រាអែល និងសមាជិកភាពនៃរដ្ឋមួយចំនួន ដែលមានកំណត់ត្រារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។
 
បន្ទាប់ពីមានការប្រកាសសេចក្ដីថ្លែងការណ៍ខាងលើ អ្នកនាំពាក្យក្រសួងការបរទេស អាម៉េរិកលោក Ned Price បានស្រង់សម្ដីលោកប្ល៊ីងខិនថា អាម៉េរិកនឹងប្រឆាំងដាច់ខាត ចំពោះការផ្តោតចិត្តទុកដាក់ដោយលម្អៀងរបស់ក្រុមប្រឹក្សាទៅលើអ៊ីស្រាអែល។ ប៉ុន្តែ លោកក៏បានការពារការសម្រេចចិត្តចូលរួមជាមួយស្ថាប័នមួយនេះ។
 
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សមានរដ្ឋជាសមាជិកចំនួន ៤៧ ប្រទេសមកពីតំបន់ភូមិ សាស្រ្តចំនួន ៥ ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតUNសម្រាប់អាណត្តិចំនួនបី ឆ្នាំ។ ចំពោះការបោះឆ្នោតថ្ងៃទី១៤ ខែតុលា ជ្រើសរើសសមាជិកថ្មីចំនួន១៣រូប និងជ្រើស រើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន ៥ រូបឡើងវិញនោះ គ្មានការប្រណាំងប្រជែងគ្នា នោះទេ។
មហាសន្និបាតក៏បានជ្រើសរើសប្រទេស កាហ្សាក់ស្ថាន ហ្គំប៊ី បេណាំង កាតា អេមីរ៉ាតអារ៉ាប់រួម ម៉ាឡេស៊ី ប៉ារ៉ាហ្គាយ ហុងឌូរ៉ាស លុចសំបួ ហ្វាំងឡង់ ម៉ុងតេណេហ្គ្រោ និងលីទុយអានី ហើយជ្រើសឱ្យកាមេរូន អេរីត្រេ សូម៉ាលី ឥណ្ឌា និងអាហ្សង់ទីនឱ្យជាប់ ឆ្នោតជាថ្មី៕

© រក្សាសិទ្ធិដោយ thmeythmey.com