ជាតិ
សង្គមជាតិ
ទឹកស្ទឹងសង្កែមិនទាន់ធ្ងន់ធ្ងរទេ តែអភិបាលខេត្ត នៅតែក្រើនរម្លឹកពលរដ្ឋឲ្យប្រុងប្រយ័ត្ន
16, Oct 2021 , 10:20 pm        
រូបភាព
ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ រូបពីរដ្ឋបាលខេត្តបាត់ដំបង
ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។ រូបពីរដ្ឋបាលខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងឱ្យពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងសង្កែមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើស្រុកសំឡូត និងហូរមកចូលស្ទឹងសង្កែ បណ្ដាលឱ្យទឹកឡើងខ្ពស់។ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់ ថាស្ថានភាពទឹកនៅពេលនេះ មិនបង្កហនិភ័យធ្ងន់ធ្ងរនៅឡើយនោះទេ ក្នុងខេត្តបាត់ដំបង។



លោក សុខ លូ ប្រាប់សារព័ត៌មានថ្មីៗ តាមខ្សែទូរស័ព្ទនៅរសៀលថ្ងៃ១៦ ខែតុលា ឆ្នាំ២០២១នេះ ដូច្នេះថា៖ «មិនទាន់មានអ្វីធ្ងន់ធ្ងរទេ ដោយសារទឹកពីខាងលើខ្លាំង ធ្វើឱ្យជំនន់ទឹកភ្លៀង ហើយឥឡូវវាចូលផ្នែកខ្លះ នៃក្រុង ដែលទំនាបខ្លាំង។ បើតាមព័ត៌មានទឹកនៅខាងលើវាស្រកហើយ ប៉ុន្តែវាអាចឡើង តែវាក៏នឹងមិនឡើងខ្ពស់ប៉ុន្មានដែរ»។

ដ្បិតជំនន់ទឹកភ្លៀងមិនបង្កផលប៉ះពាល់ធ្ងន់ធរក៏ដោយ តែអភិបាលខេត្តបាត់ដំបងរូបនេះ អំពាវនាវដល់ពលរដ្ឋនៅតំបន់ទំនាប តាមបណ្ដោយស្ទឹងសង្កែ ត្រូវត្រៀមខ្លួន និងបង្កើនការប្រុងប្រយ័ត្នជាស្រេចផងដែរ៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com