ជាតិ
កែប្រែរយៈពេលចត្តាឡីស័ក៖ មាន៣ថ្ងៃ ៧ថ្ងៃ និង១៤ថ្ងៃ
17, Oct 2021 , 10:21 am        
រូបភាព
 លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចកែប្រែការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរមកកម្ពុជា ដោយក្នុងនោះមានការធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ ៧ថ្ងៃ និង១៤ថ្ងៃ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការកែប្រែការធ្វើចត្តាឡីស័កនេះ គឺធ្វើឡើងឱ្យស្របតាមគន្លងប្រក្រតីភាពថ្មី ខណៈកម្ពុជាត្រៀមបើកសេដ្ឋកិច្ចប្រទេសឡើងវិញនៅចុងឆ្នាំ២០២១។

 
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលៗ
ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយនៅក្នុងនោះក៏មានទាំងការសម្រួលរបបនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកកម្ពុជាផងដែរ។ បើតាមសេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២១ កែប្រែការធ្វើចត្តាឡីស័កសម្រាប់ធ្វើអ្នកមកកម្ពុជានោះ គឺមានចំនួន ៣ថ្ងៃ  ៧ថ្ងៃ និង១៤ថ្ងៃ។ 
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង) ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៣ថ្ងៃ។   ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ និងចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពេញដដែល។ 
 
ដោយឡែក ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស គឺត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕
 

Tag:
 COVID-19
  ចត្តាឡីស័ក
  ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com