ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! ញ៊ាំទឹកតិចពេក គួបផ្សំទម្លាប់៤នេះ អាចធ្វើឱ្យក្រលៀនឈឺចាប់
17, Oct 2021 , 10:59 pm        
រូបភាព
តម្រងនោម គឺជាសរីរាង្គចាំបាច់បំផុតមួយក្នុងរាងកាយដែលដើរតួនាទីសំខាន់ៗជាច្រើន។ តម្រងនោមជួយកម្ចាត់ជាតិពុលកាកសំណល់តាមរយៈទឹកនោម, ច្រោះឈាម រក្សាតុល្យភាពនៃជាតិរ៉ែ ការផលិតអ័រម៉ូន និងការរក្សាតុល្យភាពនៃសារធាតុរាវ។ កត្តាច្រើនណាស់ដែលបង្កើនហានិភ័យនៃជំងឺតម្រងនោម ហើយសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានក៏ជាមូលហេតុទូទៅបំផុតដែរ។ ទោះជាយ៉ាងណាតាមរយៈការចៀសវាងទម្លាប់និងកម្រិតការទទួលទានអាហារមួយចំនួនអាចជួយកាត់បន្ថយការប្រមូលផ្ដុំនូវកាកសំណល់ក្នុងឈាម ជួយបង្កើនភាពប្រសើរឡើងនៃសុខភាពតម្រងនោម និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ។  ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួន ព្រមទាំងប្រភេទនៃអាហារដែលបង្កើនហានិភ័យនៃបញ្ហាតម្រងនោម ៖

 
១. ញ៊ាំទឹកបានតិចពេក
 
តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។
 
២. ទម្លាប់ទទួលទានភេសជ្ជៈសូដា
 
ការទទួលទានភេសជ្ជៈសូដាអាចជួយបំបាត់ភាពស្រេកទឹក ឬបង្កើនថាមពលតាមតម្រូវការ ប៉ុន្តែការទទួលទានភេសជ្ជៈនេះចាប់ពី ២ កែវឡើងទៅអាចបង្កើនហានិភ័យនៃបញ្ហាក្រលៀន។ នេះក៏ព្រោះតែសូដាអាចបណ្ដាលឱ្យប្រូតេអ៊ីនលេចឡើងក្នុងទឹកនោមដែលជាសញ្ញាមួយបង្ហាញថា តម្រងនោម ឬក្រលៀនទទួលរងការខូចខាត។ ម្យ៉ាងវិញទៀតភេសជ្ជៈសូដា ឬភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈមានផ្ទុកជាតិកាបូណាតក៏ផ្សារភ្ជាប់ជាមួយការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ។
 
៣. ទម្លាប់ប្រើប្រាស់ ឬទទួលទានអំបិលច្រើនពេក
 
ការទទួលទានអាហារប្រៃច្រើនពេកជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម ក៏ដូចជាសុខភាពរាងកាយទាំងមូល។ ការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើឱ្យតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។
 
៤. ទម្លាប់មិនធ្វើលំហាត់ប្រាណ
 
អ្នកប្រាកដជាងាយប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើននៅពេលខ្ជិលធ្វើលំហាត់ប្រាណ។ មួយក្នុងចំណោមនោះ គឺបញ្ហាពាក់ព័ន្ធនឹងតម្រងនោម ឬក្រលៀន។ ប្រសិនបើអ្នកចង់កាត់បន្ថយហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម ចូរព្យាយាមធ្វើចលនា ឬធ្វើលំហាត់ប្រាណជាប្រចាំ។ អ្នកមិនចាំបាច់ត្រូវតែធ្វើលំហាត់ប្រាណខ្លាំងក្លាដូចជាលើកដុំដែកធ្ងន់ៗឡើយ ត្រឹមការដើរតាមដងផ្លូវ, ជិះកង់ ឬហែលទឹក គឺគ្រប់គ្រាន់ហើយ។
 
៥. គេងមិនបានច្រើនគ្រប់គ្រាន់
 
ការគេងឱ្យបានច្រើនគ្រប់គ្រាន់ គឺមិនត្រឹមតែល្អសម្រាប់សុខភាពក្រលៀន ឬតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលតែម្ដង។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់នោះវានឹងជះឥទ្ធិពលលើមុខងារនៃតម្រងនោមដែលបង្កើនហានិភ័យនៃការខូចតម្រងនោមគួរឱ្យបារម្ភ។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចបណ្ដាលឱ្យសសៃឈាមស្ទះ ឬឡើងរឹងផងដែរ។ ស្ថានភាពនេះអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់បង្កើនហានិភ័យនៃបញ្ហាតម្រងនោម។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com