ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! ផ្លែចេក, បាយស និងអាហារ ៦មុខនេះ ញ៊ាំច្រើនពេកអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព
18, Oct 2021 , 6:59 am        
រូបភាព
មិនថាអ្វីក៏ដោយ ​ឱ្យតែពេក គឺច្រើនតែផ្ដល់ផលប៉ះពាល់ច្រើនជាងអត្ថប្រយោជន៍។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទទួលទានផ្លែចេក និងអាហារ ៥មុខខាងក្រោមច្រើនពេក ៖

 
១. ផ្លែចេក
 
ការទទួលទានផ្លែចេកច្រើនពេកអាចបង្កបញ្ហាពុកធ្មេញ។ ក៏ដូចនឹងជាតិស្ករដែរ ផ្លែឈើនេះអាចផលិតនូវបាក់តេរីដែលបំផ្លាញធ្មេញបង្កការឈឺចាប់ដល់កាចាធ្មេញ។ ទោះជាយ៉ាងណាបរិមាណនៃជាតិស្ករក្នុងផ្លែចេកមិនសូវខាប់ឡើយ។ អ្នកក៏ប្រហែលជាអាចជួបប្រទះអាការៈឈឺក្បាលជាពិសេសនៅពេលទទួលទានចេកទុំខ្លាំងច្រើន ខណៈដែលវាមានផ្ទុកសារធាតុ tyramine ខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានចេកត្រឹម ២ផ្លែបានហើយក្នុងមួយថ្ងៃ។
 
២. ការ៉ុត
 
បន្លែមើមនេះមានផ្ទុកសារធាតុ beta-carotene ដែលរាងកាយបំលែងជាវីតាមីន A។ ទោះបីជាការលើសវីតាមីន A មិនកើតមានដោយសាររាងកាយបំលែងសារធាតុ beta-carotene ទៅជាវីតាមីន A តាមតម្រូវការ ប៉ុន្តែការលើសសារធាតុ beta-carotene អាចនឹងកើតមានក្នុងរាងកាយដោយបង្កជាជំងឺ carotenemia នាំឱ្យស្បែកប្រែជាពណ៌លឿង។
 
៣. ផ្លែបឺរ
 
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងវីតាមីនសំខាន់ៗជាច្រើន។ វាអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អនិងរក្សាសុខភាពកោសិកាតាមរយៈជាតិខ្លាញ់ monosaturated ដែលមានផ្ទុក។ ទោះជាយ៉ាងណាខ្លាញ់នៅតែជាខ្លាញ់ គឺអាចបង្កផលប៉ះពាល់ដល់សសៃឈាមបាន។ ម្យ៉ាងវិញទៀតផ្លែបឺរមានផ្ទុកកាឡូរីខ្ពស់ដែលអាចបង្កបញ្ហាពិបាករំលាយនៅពេលទទួលទានច្រើន។ ហើយកាឡូរីច្រើនពេកអាចបង្កបញ្ហាស្ទះសសៃឈាម។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួរទទួលទានផ្លែបឺរលើសពី ១ ផ្លែក្នុងមួយថ្ងៃឡើយ។
 
៤. ឈីស
 
ការទទួលទានឈីសច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺបេះដូង។ អាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ឆ្អែត saturated ដែលមិនល្អសម្រាប់សសៃឈាមបេះដូង។ ឈីសក៏ច្រើនតែបង្កអាការៈក្រហាយទ្រូងផងដែរតាមរយៈបរិមាណនៃអ័រម៉ូន cholecystokinin ដែលត្រូវបានបញ្ចេញខណៈពេលទទួលទាន។
 
៥. បាយស
 
ទោះបីជាបាយសមានរសជាតិឆ្ងាញ់ ប៉ុន្តែអាហារនេះមានផ្ទុកវីតាមីនមិនច្រើនឡើយ។ បន្ថែមពីនេះបាយសអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឆាប់រហ័សដោយសារវាមានផ្ទុកជាតិសសៃតិច ប៉ុន្តែជាតិកាបូអ៊ីដ្រាតដែលរាងកាយបំលែងទៅជាជាតិស្ករខ្ពស់ដែលមិនល្អសោះឡើយសម្រាប់អ្នកជំងឺទឹកនោមផ្អែមហើយ។ របបអាហារមានជាតិស្ករខ្ពស់ក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់ផងដែរ។​ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរកាត់បន្ថយបាយស ហើយព្យាយាមទទួលទានបាយអង្ករសម្រូបជំនួសវិញ។
 
៦. ប្រូខូលី ឬផ្កាខាត់ណាខៀវ
 
បន្លែនេះមានផ្ទុកសារធាតុ thiocyanates ដែលអាចធ្វើឱ្យមានការផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនលើសកម្រិត។ ជាលទ្ធផលអ្នកអាចជួបប្រទះអាការៈជ្រុះសក់, ហើមមុខ និងផលប៉ះពាល់គួរឱ្យបារម្ភផ្សេងទៀត។ ផ្កាខាត់ណាខៀវក៏អាចបង្កបញ្ហាតឹងច្រមុះនិងអាការៈផ្សេងទៀតពាក់ព័ន្ធការអាឡែកស៊ីដូចជារោលរមាស់លើស្បែក។ ដើម្បីជាការប្រសើរ អ្នកមិនគួរទទួលទានបន្លែនេះច្រើនជាង ៤ពែងក្នុងមួយថ្ងៃឡើយ។
 
៧. សណ្ដែកសៀង
 
សណ្ដែកសៀង ព្រមទាំងអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់រួមបញ្ចូលទាំងវីតាមីន B ជាតិសសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងប្រូតេអ៊ីនគុណភាពខ្ពស់។ ទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងមានបញ្ហាពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីដនោះគួរប្រយ័ត្នក្នុងការទទួលទានសណ្ដែកសៀង ឬអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀង។ សណ្ដែកសៀងមានឥទ្ធិពលធ្វើឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការយឺតខុសពីធម្មតា។ នៅពេលអ្នកទទួលទានផលិតផលផ្សំពីសណ្ដែកសៀងច្រើនពេកក្រពេញទីរ៉ូអ៊ីតមិនអាចស្រូបយកអ៊ីយ៉ូតបានគ្រប់គ្រាន់ឡើយ ជាហេតុបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារខុសប្រក្រតី។
 
៨. ប្ល៊ូបឺរី
 
ផ្លែឈើនេះអាចធ្វើឱ្យកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះទាបខ្លាំងក្រោមកម្រិតធម្មតាដែលគ្រោះថ្នាក់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ផ្លែបឺរីក៏អាចធ្វើឱ្យឈាមប្រែជារាវផងដែរ! ដូច្នេះចូរប្រយ័ត្ន ពិសេសប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំណាមួយ។ ការទទួលទានផ្លែប្ល៊ូបឺរីច្រើនពេកថែមទាំងអាចបង្កបញ្ហាភាពខ្លីនៃដង្ហើម ឬភាពមិនប្រក្រតីនៃដង្ហើមទៀតផង ខណៈដែលផ្លែឈើនេះមានផ្ទុកវីតាមីន K ខ្ពស់។ ត្រឹម ១ពែងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com