COVID-19
ជាតិ
កម្ពុជា ដាក់ដំណើរការប្រព័ន្ធ «QR Code បណ្ណចាក់វ៉ាក់សាំងឌីជីថល» ដើម្បីសម្រួលដល់ការរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ
17, Oct 2021 , 2:39 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធ «QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល» (StopCovid QR Vaccine) ដើម្បីសម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍។

 
ក្រសួងប្រៃសណីយ៍ នឹងដាក់ឱ្យដំណើរជាផ្លូវការនូវប្រព័ន្ធ «QR Code បណ្ណចាក់វ៉ាក់សាំងឌីជីថល»  ចាប់ពីថ្ងទី១៨តុលា ឆ្នាំ២០២១តទៅ។​ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធ «QR Code បណ្ណចាក់វ៉ាក់សាំងឌីជីថល» ​នេះ ក្រៅពីមានមុខងារបង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩របស់បុគ្គលម្នាក់ៗហើយនោះ ក៏អាចជួយសម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងគ្រប់គ្រងការធ្វើចត្តាឡីស័ក បានផងដែរ។ 
 
បើតាមក្រសួងប្រៃសណីយ៍ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។ ក្រសួងបានបន្តថាប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ។ លើសពីនេះ នឹងជួយទាំងការកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។
 
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្ឃឹមថា សាធារណជនទាំងអស់នឹងចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code «StopCOVID QR Vaccine» នេះ ដើម្បីសុវត្ថិភាព បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ ដើម្បីជួយជំរុញការបើកចំហរការធ្វើដំណើរឱ្យកាន់តែងាយស្រួល តាមរយៈការបន្ស៉ាំខ្លួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអាចរួមចំណែកជួយជំរុញដំណើរការប្រក្រតីនៃគ្រប់វិស័យឡើងវិញ៕ 
 

Tag:
 StopCovid QR Vaccine
© រក្សាសិទ្ធិដោយ thmeythmey.com