COVID-19
ជាតិ
សម្តេច ហ៊ុន សែន ឲ្យពលរដ្ឋទុកចិត្តពេទ្យខេត្ត ដោយមិនបាច់បញ្ជូនអ្នកជំងឺកូវីដមកភ្នំពេញឡើយ
19, Oct 2021 , 8:06 am        
រូបភាព
តាមរយៈសារសំឡេងពិសេសមួយនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋឲ្យទុកចិត្តលើសមត្ថភាពពេទ្យតាមបណ្តាខេត្ត និងភូមិភាគលើការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយមិនចាំបាច់បញ្ជូនមករាជធានីភ្នំពេញនោះឡើយ។ សម្តេចលើកឡើងថា ការបញ្ជូនអ្នកជំងឺមកព្យាបាលនៅរាជធានីភ្នំពេញ មិនមែនជាវិធីដ៏ល្អសម្រាប់ស្រោចស្រង់ជីវិតនោះឡើយ។

 
«កម្រិតខេត្ត និងភូមិភាគអាចឆ្លើយតបបានជាមួយនឹងការព្យាបាលសម្រាប់ជំងឺកូវីដ ដែលបានកើតនៅតាមខេត្ត ព្រោះការរៀបចំសមត្ថភាពនៅតាមខេត្តធ្វើបានយូរក្រែលមកហើយ និងពិតជាបានឆ្លើយតបនឹងបញ្ហាព្យបាលនៅតាមបណ្តាខេត្ត»។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
សម្តេច ហ៊ុន សែន ទទួលស្គាល់ថា ទម្លាប់ធម្មតារបស់ពលរដ្ឋមិនទាន់ទុកចិត្តទាំងស្រុងទៅលើមន្ទីរពេទ្យខេត្តនោះទេ ទើបបានជាប្រជាពលរដ្ឋ បញ្ជូនក្រុមគ្រួសារឪពុកម្តាយញាតិមិត្ត មកកាន់ភ្នំពេញដើម្បីទទួលបាននូវការព្យាបាល។ ប៉ុន្តែសម្រាប់សម្តេច ការបញ្ជូនអ្នកជំងឺកូវីដ មកកាន់ភ្នំពេញ គឺមិនមែនជាវិធីដ៏ល្អសម្រាប់ស្រោចស្រង់អាយុជីវិតរបស់អ្នកជំងឺទេ តែការបញ្ជូននេះនឹងនាំឲ្យគ្រោះថ្នាក់ទៅវិញ។ 
 
«បើអ្នកជំងឺធ្វើដំណើរឆ្ងាយ ដោយមានរថយន្តមានម៉ាស៊ីនត្រជាក់ ធ្វើឲ្យអ្នកជំងឺមានបញ្ហាកាន់តែធ្ងន់។ ការដំណើរពីរបីម៉ោងតាមរថយន្តមកកាន់មន្ទីរពេទ្យ ពិតជាធ្វើឲ្យអ្នកជំងឺនោះ មានភាពធ្ងន់ធ្ងរ ហើយមកមន្ទីរពេទ្យ ពិបាកស្រោចស្រង់តែម្តង»។ សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ ហើយក៏ជាការកាត់បន្ថយភាពកកកុញ អ្នកជំងឺ នៅភ្នំពេញផងដែរ។
 
ក្រោយភ្ជុំបិណ្ឌ ចំនួនឆ្លងមិនមានការកើនឡើង ដោយការឆ្លងថយចុះ ចំនួនស្លាប់ឋេរ និងមាននិន្នាការថយចុះ ប៉ុន្តែហានីភ័យនៅតែមានខ្ពស់នោះឡើុយ។ សម្តេច ហ៊ុន សែន បានរំលឹកថា ការសម្របខ្លួនរៀនរស់ជាមួយ កូវីដ ជាដំណើរការដែលចៀសមិនបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com