អត្ថបទពាណិជ្ជកម្ម
ធនាគារវីង និងធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក សហការគ្នា អនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាស ធុនតូច និងមធ្យម ជំហានទី២
19, Oct 2021 , 1:57 pm        
រូបភាព
 ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យ ដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២។
 
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យ តាមលក្ខខណ្ឌអនុគ្រោះ ដើម្បីលើក កម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។
 

ថ្នាក់ដឹកនាំនៃ ធនាគារវិង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថតរូបជុំគ្នានៅកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីងបានមានប្រសាសន៍ថា ៖«ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
  

ធនាគារវីង នឹងផ្តល់ឥណទានដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២

សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាស ធុនតូច និង មធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម  រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង ដែលជួយសន្សំពេលវេលា និងថ្លៃធ្វើដំណើររបស់ពួកគេ។»
 

ថ្នាក់ដឹកនាំនៃ ធនាគារវិង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ថតរូបជុំគ្នានៅកម្មវិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានមានប្រសាសន៍ថា៖ «ភាពជាដៃគូដែលបានបង្កើតឡើងនៅថ្ងៃនេះ នឹងជួយពង្រីកការគាំទ្រដល់ ធនាគារសហគ្រាសធុនតូច និងមធ្យម ឲ្យកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត តាមរយៈប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុបែបឌីជីថល នៃ ធនាគារ វីង ។ សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតក្នុងស្ថានភាពលំបាក នឹងអាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែងាយស្រួលជាងពេលមុន។
 
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានបើកដំណើរការនៅឆ្នាំ២០២០ ដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកក្នុងគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកបរិមាណនាំចេញ។»


 
ធនាគារវីងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ចំពោះកម្មវិធីស្មាតហ្វូនវីងដែលមានមុខងារច្រើនយ៉ាង និងភ្នាក់ងារវីង ដែលមានជិត ១០.០០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ គិតត្រឹមឆ្នាំ២០២០ ធនាគារវីង បាននិងកំពុងធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ សម្រាប់សេវាកម្មប្រមូល និងទូទាត់ប្រាក់>
 






(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com