ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើដូចម្តេចនៅពេលអ្នកចុករោយចង្កេះ?
20, Oct 2021 , 6:59 am        
រូបភាព
អ្វី​ទៅ​ជា​ការ​ចុក​រោយ​ចង្កេះ​?

 
ការ​ចុក​រោយ​ចង្កេះ​(​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​)​អាច​ធ្វើ​ឲ្យ​មាន​ឈឺ​គ្រប់កន្លែង​ ចាប់ពី​ឆ្អឹងជំនីរ​រហូត​មក​ដល់​ជើង​។​ ខ្នង​ភាគ​ខាងក្រោម​ត​ភ្ជាប់​រាង​កាយ​ភាគ​ខាងលើ​ទៅ​នឹង​រាង​កាយ​ភាគ​ខាងក្រោម​។​ គឺជា​ទីប្រជុំ​ទម្ងន់​ភាគច្រើន​នៃ​រាង​កាយ​។​ គឺ​ដោយ​មាន​តួនាទី​យ៉ាង​ដូច្នេះ​ហើយ​ទើប​ខ្នង​ភាគ​ខាងក្រោម​នេះ​ងាយ​នឹង​រង​គ្រោះ​ខ្លាំង​ណាស់​ នៅ​ពេល​ណា​ដែល​អ្នក​ចាប់​លើក​ ឈោង​ចាប់​អ្វីមួយ​ ឬ​ងាក​បែរ​ខ្លួន​។មនុស្ស​ស្ទើរតែ​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​មានការ​ឈឺ​ខ្នង​ម្តង​មួយ​កាល​ នៅ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន​។​ ដំណឹង​ល្អ​នោះ​គឺថា​ ជំងឺ​ឈឺ​ខ្នង​ភាគ​ខាងក្រោម​អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក​ បន្ទាប់​ពី​បាន​ធ្វើការ​ព្យាបាល​ជា​មូលដ្ឋាន​ខ្លះ​ដោយ​ខ្លួនឯង​។​ ក៏​ប៉ុន្តែ​ បើសិនជា​អ្នក​មានការ​ឈឺចាប់​ខ្លាំង​ហើយ​យូរ​ជា​ច្រើន​ស​ប្តា​ហ៍​ សូម​ទៅ​ពិភាក្សា​ជាមួយនឹង​វេជ្ជបណ្ឌិត​។
 
តើ​អ្វី​ដែល​ជា​មូលហេតុ​នៃ​ការ​ចុក​រោយ​ចង្កេះ​?
 
រោយ​ចង្កេះ​ឫ​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​ច្រើន​តែ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ច្រើន​ខ្លាំង​ពេក​(overuse)​ ការ​ប្រឹងប្រែង​លើស​កម្លាំង​(strain)​ ឬ​ដោយ​របួស​។​ ឧទាហរណ៍​ដូច​ជា​គេ​ច្រើន​តែ​ធ្វើ​ឲ្យ​មាន​ឈឺ​ខ្នង​នៅ​ក្នុង​ពេល​លេង​កីឡា​ ឬ​ធ្វើការ​ក្នុង​ស្រែ​ចម្ការ​ មានការ​ប៉ះទង្គិច​(​រញ្ជួយ​)​ខ្លួន​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរ​ ឬ​ខំប្រឹង​លើក​អ្វីមួយ​ដែល​ធ្ងន់​ពេក​។
 
ការ​ដែល​មាន​អាយុ​កាន់តែ​ច្រើន​ក៏​ធ្វើ​ឲ្យ​មាន​ឈឺ​ខ្នង​ដែរ​។​ ឆ្អឹង​និង​សាច់ដុំ​របស់​អ្នក​បាន​បាត់បង់​ភាព​រឹងប៉ឹង​អស់ហើយ​កាលណា​អ្នក​ចាស់​ទៅ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ងាយ​រង​របួស​កើនឡើង​។​ ថាស​ស្ពោតៗ​(spongy​ discs)​នៅ​ចន្លោះ​ឆ្អឹងខ្នង​(vertebrae)​អាច​ត្រូវ​បាន​សឹក​រិច​រិល​ លែង​ជា​ទ្រនាប់​(cushion)​ល្អ​នៅ​ចន្លោះ​ឆ្អឹង​តទៅ​ទៀត​ហើយ​។​ ថាស​មួយ​ដែល​ប៉ោង​លៀន​ចេញ​(herniated​ disc)​ អាច​សង្កត់​មក​លើ​សរសៃប្រសាទ​ ហើយ​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ឡើង​បាន​។
 
ចំពោះ​អ្នកខ្លះ​ ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​អាច​ជា​លទ្ធផល​នៃ​ជម្ងឺ​សន្លាក់​(arthritis)​ ការ​បាក់​ឆ្អឹងខ្នង​ (compression​ fractures)​ ដោយសារ​ឆ្អឹង​ពុក​(osteoporosis)​ ឬ​ដោយ​មក​ពី​អ្នកមាន​បញ្ហា​ឆ្អឹងខ្នង​តាំងពី​ពេល​កើតមក​។​
ជា​រឿយៗ​ វេជ្ជបណ្ឌិត​មិន​បានដឹង​អំពី​មូលហេតុ​នៃ​ការ​ឈឺចាប់​ខ្នង​ភាគ​ខាងក្រោម​ទេ​ ក៏​ប៉ុន្តែ​ជម្ងឺ​នេះ​អាច​នឹង​ទៅ​ជា​ជម្ងឺ​រ៉ាំរ៉ៃ​មួយ​ បើសិនជា​អ្នកមាន​ស្ត្រេ​ស​ឬ​មានការ​ធ្លាក់​ទឹកចិត្ត​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com