អន្តរជាតិ
ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ព្រួយបារម្ភរឿងកិច្ចព្រមព្រៀង AUKUS
19, Oct 2021 , 10:29 pm        
រូបភាព
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមករា ២០១៩។
រូបឯកសារ៖ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមករា ២០១៩។
ដោយ: VOA
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បានបញ្ជាក់កាលពីថ្ងៃចន្ទ​ថា ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី មានការព្រួយបារម្ភអំពីការសម្រេចរបស់ប្រទេសអូស្ត្រាលីនៅក្នុងការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
ដោយសំដៅទៅលើកិច្ចព្រមព្រៀង AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីដែលបានព្រមព្រៀងគ្នាកាលពីខែមុនរវាងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លោក Saifuddin បាននិយាយថា ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី មានការព្រួយបារម្ភប្រហាក់ប្រហែលគ្នាអំពីកិច្ចព្រមព្រៀងនេះ។
 
បន្ទាប់ពីបានជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអ្នកស្រី Retno Marsudi មក លោក Saifuddin បានថ្លែងក្នុងសន្និសីទកាសែតរួមគ្នាមួយថា៖ «យើងបានយល់ស្របគ្នាលើបញ្ហាកាលពីពេលថ្មីៗនេះនៅក្នុងតំបន់ទាក់ទិននឹងប្រទេសមួយដែលនៅជិតទឹកដីរបស់យើងដែលកំពុងទិញនាវាមុជទឹកថ្មីដែលដើរដោយថាមពលនុយក្លេអ៊ែរ»។
 
លោក Saifuddin បានបន្ថែមថា៖ «ទោះបីជាប្រទេសនោះ មិនមានសមត្ថភាពខាងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏យើងមានការព្រួយបារម្ភអំពីបញ្ហានេះដែរ»។
 
កាលពីខែមុន ប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភថា កិច្ចព្រមព្រៀង AUKUS អាចនាំឱ្យមានការប្រជែងខាងសព្វាវុធនៅក្នុងតំបន់។
 
កិច្ចព្រមព្រៀង AUKUS នេះបានធ្វើឡើង នៅចំពេលដែលមានភាពតានតឹងកើនឡើងនៅសមុទ្រចិនខាងកើត (East China Sea) និងសមុទ្រចិនខាងត្បូង (South China Sea) ដែលជាផ្លូវទឹកដឹកជញ្ជូនទំនិញប្រហែលមួយភាគបីនៃពាណិជ្ជកម្មពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com