ជាតិ
សង្គមជាតិ
ទិវាលំនៅដ្ឋាន៖ សង្គមស៊ីវិល អំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព
20, Oct 2021 , 6:26 pm        
រូបភាព
ពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តវ៉ាលើករណីដីធ្លី កន្លងមក
ពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តវ៉ាលើករណីដីធ្លី កន្លងមក
ដោយ៖ វ៉ា សុភានុត
ក្នុងទិវាលំនៅដ្ឋានពិភពលោកលើកទី៣៦នេះ នាថ្ងៃទី២០ តុលានេះ សហគមន៍ដីធ្លី និងអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ត្រូវអភិវឌ្ឍ ដោយឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋរងផលប៉ះពាល់ ដែលប្រកបដោយបរិយាប័ន្ន និងចីរភាព។

 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) បានថ្លែងក្នុងពិធីនេះថា រាល់ការអភិវឌ្ឍណា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋរងនូវការបណ្ដេញចេញ មិនមែនជាការអភិវឌ្ឍប្រកបដោយចីរភាពឡើយ។
 
លោក សំអាត មានប្រសាសន៍ថា៖ «ប្រសិនជាបញ្ហាពលរដ្ឋសិទ្ធិលំនៅដ្ឋាននេះ នៅតែរងការបណ្ដេញចេញ ការរំលោភបំពាន ការរំលោភដីធ្លីអីជាដើម អាហ្នឹងត្រូវគិត និងពិចារណា[ឡើងវិញ] ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ [និង] ស្វែងរកដំណោះស្រាយមួយ ដើម្បីឱ្យការអភវិឌ្ឍទីក្រុង តាមបណ្ដាខេត្ត ប្រកបដោយបរិយាបន្ន [និង]ចីរភាព»។
 
ករណីផ្លាស់ប្ដូលំនៅដ្ឋាន លោក សំអាត ជុំរុញឱ្យភាគីពាក់ព័ន្ធត្រូវគិតគូពីសុខមាលភាពសង្គម និងជីវភាពប្រជាពលរដ្ឋ ដោយតម្រូវឱ្យទីលំនៅថ្មីនោះ ត្រូវមានសាលារៀន ផ្លូវ ទឹក ភ្លើង និងរៀបចំឱ្យពួកគេមានមុខរបរសមរម្យមួយផងដែរ។
 
អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ថ្លែងថា ផ្ទះអ្នកស្រីត្រូវបានឈូសឆាយ ក្រោមការអភិវឌ្ឍក្រុមហ៊ុនឯកជន ដោយសន្យាថាផ្ដល់សំណងសមរម្យ ប៉ុន្តែអ្នកស្រីពុំដែលបានទទួលសំណងអ្វីឡើយ។ អ្នកស្រី សុភី និយាយថា៖ «ក្រុមហ៊ុនក៏ជាខ្មែរ ហេតុអ្វីមិនដោះស្រាយជូនពួកខ្ញុំ ផ្ទះក៏អស់ ដីធ្លីក៏បាត់បង់»។
 
អ្នកស្រី ស៊ុំ សាម៉ុន នាយិកាអង្គការ អភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង មានប្រសាសន៍ថា រដ្ឋាភិបាលគួរណាស់តែផ្ដោតទៅលើអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ជាសំខាន់ក្នុងការអភិវឌ្ឍសង្គម។
 
អ្នកស្រី សាម៉ុន និយាយថា៖ «ការអភិវឌ្ឍឱ្យមានយុត្តិធម៌ និងសមធម៌ដ៏ត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋរបស់ខ្លួន ផ្អែកទៅលើសិទ្ធិមនុស្ស»។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទង លោក សេង ឡូត អ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើយ ដោយសារលោក រវល់ប្រជុំ។
 
លោក សារិន វណ្ណា  អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋាភិបាលមានគោលការណ៍ពីរ ក្នុងការដោះស្រាយវិវាទដីធ្លី ដែលអាចកើតឡើងនៅពេលមានការអភិវឌ្ឍម្ដងៗ។ លោកបន្ថែមថា គោលការណ៍ពីរនេះ គឺការដោះស្រាយតាមច្បាប់អស្សាមិករណ៍ ក្នុងករណីប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិ និងដោះស្រាយតាមបែ គោលនយោបាយ ប្រសិនបើពលរដ្ឋពុំមានប្លង់កាន់កាប់។
 
លោក វណ្ណា និយាយថា៖ «មានការបណ្ដេញចេញកន្លែងណាដែលមិនមានសំណងសមរម្យ ករណីដែរប្រជាពលរដ្ឋដែលតាំងទីលំនៅហើយ?។យើងមានតែការដោះស្រាយគោលនយោបាយចំពោះប្រជាពលរដ្ឋ លើកលែងតែករណីរឹងរូស មួយចំនួនដែរយើងត្រូវការប្រើ ច្បាប់អស្សាមិករណ៍ ទៅលើករណីណាដែរចាំបាច់»។
 
កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បានរកឃើញ ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និងលំនៅដ្ឋាន។ 
 
របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លី ចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ។
 
 
 
 

Tag:
 បញ្ហាដីធ្លី
  NGO
© រក្សាសិទ្ធិដោយ thmeythmey.com