ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន៖ ទេសចរវ៉ាក់សាំង ដែលមកកម្សាន្តកម្ពុជា ត្រូវចត្តាឡីស័ក៥ថ្ងៃ​ នៅតំបន់គោលដៅ
22, Oct 2021 , 8:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបថត៖ ក្រសួងទេសចរណ៍​
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបថត៖ ក្រសួងទេសចរណ៍​
ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងបើកក្រុងព្រះសីហនុមុនគេ ដើម្បីទទួលភ្ញៀវទេសចរមកពីបរទេស(ភ្ញៀវទេសចរចាក់វ៉ាក់សាំង)។ បន្ទាប់មក គឺបើកខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុង គោលដៅទេសចរណ៍សុវត្ថិភាពនេះ គឺត្រូវធ្វើចត្តាឡីស័កនៅតំបន់នោះផ្ទាល់ ក្នុងរយៈពេល៥ថ្ងៃ។

 
 
សម្រាប់ភ្ញៀវបរទេស ដែលធ្វើដំណើរមកកម្ពុជា ដើម្បីទៅកម្សាន្តនៅតំបន់គោលដៅទេសចរណ៍សុវត្ថិភាពនេះ គឺតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន៥ថ្ងៃ។  លោក ថោង ខុន បានលើកឡើងដូច្នេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី២០តុលា។
 
សូមស្តាប់ប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ខាងក្រោមនេះ៖ 
 


 
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋាភិបាលគ្រោងបើកខេត្តព្រះសីហនុមុនគេ ដើម្បីទទួលភ្ញៀវទេសបរទេស (ភ្ញៀវទេសចរចាក់វ៉ាក់សាំង)បន្ទាប់មកនឹងបើកខេត្តសៀមរាប និងតំបន់គោលដៅទេសចរណ៍ផ្សេងៗ។ លោក ថោង ខុន មានប្រសាសន៍ដូច្នេះ៖ « ទេសចរដែលមកកាន់គោលដៅ  គឺធ្វើចត្តាឡីស័កតែនៅក្នុងតំបន់ហ្នឹងទេ​។ មានន័យថា រដ្ឋាភិបាលអនុវត្តឱ្យធ្វើចត្តាឡីស័ក៥ថ្ងៃ»។ 
 
លោក បានពន្យល់ថា ៖« ឧបមា យើងបើកកំពង់សោម[ខេត្តព្រះសីហនុ] ហើយភ្ញៀវទេសចរហ្នឹងមកកំពង់សោមអ៊ីចឹង គឺត្រូវស្នាក់នៅកំពង់សោមហ្នឹង ដើរលេងនៅកំពង់សោម ទៅកោះ [ឬទៅកន្លែងកម្សាន្តនានានៅកំពង់សោមហ្នឹងចំនួន៥ថ្ងៃ​]។ បន្ទាប់ពី៥ថ្ងៃហ្នឹងហើយ បើភ្ញៀវអត់មានបញ្ហាអ្វីទេ[កូវីដ-១៩] ភ្ញៀវគោលដៅហ្នឹង គឺអាចដើរទូទាំងប្រទេសបាន»។ 
 
 
លោក ថោង ខុន បានបញ្ជាក់ ថា ចំពោះ​អ្នកដំណើរមកកម្ពុជាដើម្បីកម្សាន្តនៅក្នុងខេត្តគោលដៅទេសចរណ៍សុវត្ថិភាព ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិនានា គឺធ្វើតែតេស្តរហ័ស (Rapid)ទេ ។រហូតអ្នកទេសចរនោះធ្វើដំណើរដល់គោលដៅទេសចរណ៍ ទើបតម្រូវធ្វើតេស្ត​រកមេរោគកូវីដ-១៩ម្តងទៀត ដោយម៉ាស៊ីន PCR។ 
 
កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្រេចកែប្រែការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរមកកម្ពុជា ដោយក្នុងនោះមានការធ្វើចត្តាឡីស័កចំនួន៣ថ្ងៃ ៧ថ្ងៃ និង១៤ថ្ងៃ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការកែប្រែការធ្វើចត្តាឡីស័កនេះ គឺធ្វើឡើងឱ្យស្របតាមគន្លងប្រក្រតីភាពថ្មី ខណៈកម្ពុជាត្រៀមបើកសេដ្ឋកិច្ចប្រទេសឡើងវិញនៅចុងឆ្នាំ២០២១។
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង) ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៣ថ្ងៃ។   ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ និងចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃពេញដដែល។ 
 
ដោយឡែក ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស គឺត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com