ជាតិ
សុខភាព
ក្រសួងសុខាភិបាល មិនតម្រូវឱ្យធ្វើតេស្តរកកូវីដ-១៩ លើសពអ្នកជំងឺទូទៅទៀតឡើយ
22, Oct 2021 , 10:43 am        
រូបភាព
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សម្រេចមិនឱ្យធ្វើតេស្តរកវីរុសកូវីដ-១៩ លើ សពអ្នកជំងឺទូទៅទៀតឡើយ (អ្នកស្លាប់មិនមែនដោយសារជំងឺកូវីដ-១៩)។ ការសម្រេចរបស់រដ្ឋមន្ត្រីសុខាភិបាលនេះ គឺដោយសារភាពគ្រប់បណ្តប់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានកើនដល់ជាង៨២ភាគរយនៃចំនួនប្រជាជននៅកម្ពុជាសរុប ១៦លាននាក់។




សពដែលមិនមានជាអ្នកជំងឺកូវីដ-១៩ ហើយស្លាប់ដោយសារជំងឺ ឬមូលហេតុផ្សេងៗ នៅតាមមន្ទីរពេទ្យ ឬនៅតាមផ្ទះ គឺមិនតម្រូវឱ្យធ្វើតេស្តេរកមេរោគកូវីដ-១៩ទៀតឡើយ។ នេះបើតាមសេចក្តីសម្រេចរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២១តុលា ឆ្នាំ២០២១។ 
 
បើតាមលោក ម៉ម ប៊ុនហេង ការសម្រេចនេះ គឺបានឈរលើមូលដ្ឋាននៃការគ្រប់ដណ្តប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា ដើម្បីបង្កើតឱ្យមានប្រព័ន្ធភាពស៊ាំនៅក្នុងសហគមន៍។ គិតថ្ងៃទី២០តុលា ឆ្នាំ២០២១ កម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋបានជាង១៣,៦លាននាក់ ដែលស្មើនឹងប្រមាណ៨៥ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។  ប៉ុន្តែ ម៉ម ប៊ុនហេង បានបញ្ជាក់ថា  ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗជាយថាហេតុ ការគ្រប់គ្រង និងចាត់ចែកសពត្រូវអនុវត្តតាមធានការណ៍សុខាភិបាល និងស្របតាមទំនៀមទម្លាប់ប្រពៃណីសាសនាក្នុងបរិបទកូវីដ-១៩ ទៅតាមគន្លងប្រក្រតីភាពថ្មី។
 
គន្លងប្រក្រតីភាពថ្មី ដែលត្រូវអនុវត្តមាន អ្នកគ្រប់គ្រងសព ត្រូវមានឧបករណ៍ការពារខ្លួន និងសម្ភារចាំបាច់ក្នុងការចាត់ចែងសពអ្នកជំងឺទូទៅ ដោយចំពោះអ្នករៀបចំសពត្រូវលាងសម្អាតដៃមុននិងក្រោយលើកទុកដាក់សព ជាមួយអាល់កុល សាប៊ូ ពាក់ម៉ាស ស្រោមដៃ ស្រោមជើងជ័រជាប្រចាំ។ ក្នុងករណីប៉ះពាល់សារធាតុរាវចេញពីខ្លួនសព អ្នកប៉ះពាល់ផ្ទាល់នោះ ត្រូវប្រើប្រាស់នូវវ៉ែនតាការពារភ្នែក ឬរបាំងការពារមុខ និងអាវបំពង់មិនជ្រាបទឹក...៕ 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com