ជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យរៀបចំបដិការជាមួយថៃ ដើម្បីឱ្យចេញ-ចូល ដោយមិនធ្វើចត្តាឡីស័ក
22, Oct 2021 , 2:27 pm        
រូបភាព
ភ្នំពេញ៖ នាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២២ តុលា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពរៀបចំគោលការណ៍បដិការ(តបស្នង) ជាមួយប្រទេសថៃ ដើម្បីឱ្យអ្នកដំណើរចេញ-ចូល ប្រទេសទាំងពីរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។


កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសទាំង៤៥ ដែលរដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យពលរដ្ឋចេញ-ចូលប្រទេសខ្លួន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ដោយសារឃើញភាគីថៃ អនុវត្តនៅគោលការណ៍បែបនេះ ទើបសម្ដេច ហ៊ុន សែន ប្រាប់ឱ្យរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ពិនិត្យលទ្ធភាពអនុវត្តបដិការជាមួយថៃ ដើម្បីសម្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរ ឱ្យចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័កដែរ។ បើតាមសម្ដេច ការធ្វើបែបនេះ ក៏អាចទាញអ្នកវិនិយោគថៃ មកកម្ពុជាទៀតផង។
 
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«បើសិនជាថៃចង់អនុវត្តផែនការនេះ យើងអាចចាប់ផ្តើមមានគោលការណ៍បរិការជាមួយថៃ ដែលយើងទៅថៃក៏មិនឱ្យធ្វើចត្តាឡីស័ក ឯថៃមកយើងក៏មិនធ្វើចត្តាឡីស័ក។ អ៊ីចឹងនៅពេលដែលភ្ញៀវទេសចរទៅកាន់ប្រទេសថៃ គឺគាត់អាចមកលេងខ្មែរ ។ កន្លងទៅយើងអនុវត្តរួចទៅហើយនូវលិខិតឆ្លងដែនមួយដើរបាន២ប្រទេស»។
 
ក្រៅពីភាគីថៃ លោកនាយករដ្ឋមន្រ្តី ក៏បញ្ជាឱ្យអនុវត្តគោលការណ៍បដិការនេះ ជាមួយប្រទេសផ្សេងទៀត ដែលមានប្រជាជនចាក់វ៉ាក់សាំងបានច្រើន ដូចជា ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី ជាដើម ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ជាពិសេសលើវិស័យទេសចរណ៍ និងសេវាកម្ម នៅក្រោយវិបត្តិកូវីដ-១៩។
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាល ក៏កំពុងរៀបចំបើកប្រទេសឡើងវិញ ក្រោយឃើញស្ថានភាពឆ្លងកូវីដ-១៩ ស្រាកស្រាន្តនេះ។ បើស្ដាប់តាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល នៅកិច្ចប្រជុំពេញអង្គនោះ ឱកាសខ្ពស់នៃការបើកដំណើការជាប្រក្រតីឡើងវិញ នូវអាជីវកម្ម សាលារៀន និងកន្លែងកម្សាន្តជាដើម នឹងអាចធ្វើទៅបាននាចុងឆ្នាំនេះ។
 
 
បច្ចុប្បន្នកម្ពុជា មានប្រជាពលរដ្ឋ ជិត១៣លាននាក់ ដែលបានចាក់វ៉ាក់សាំង២ដូស ខណៈប្រជាជនថៃជាង ៣៦,៩ ភាគរយនៃប្រជាជនសរុប ជាង៦៩លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ។ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ១១៧,៥០០នាក់ ខណៈអ្នកជាសះស្បើយ១១២ ,៣៨៣នាក់ និងអ្នកស្លាប់២ ,៧១៥នាក់ រីឯថៃ មានអ្នកឆ្លង ១,៨ លានករណី ខណៈអ្នកស្លាប់មានចំនួន ១ ម៉ឺន៨ពាន់នាក់៕

Tag:
 ហ៊ុន សែន
  COVID-19
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com