ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល កំណត់ថវិកាចំណាយប្រមាណ ៨ ៥០០លានដុល្លារ នៅឆ្នាំ២០២២
22, Oct 2021 , 7:59 pm        
រូបភាព
សម្ដេចហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២តុលា ឆ្នាំ២០២៣​
សម្ដេចហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២តុលា ឆ្នាំ២០២៣​
ភ្នំពេញ៖ កម្ពុជា បានកំណត់ការចំណាយរបស់ជាតិ ប្រមាណ៨៥០០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២២។ទំហំថវិកាចំណាយនេះ គឺកើនឡើងចំនួន៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាជាតិ ឆ្នាំ២០២១។

 
រដ្ឋាភិបាលនឹងអនុម័តលើការចំណាយប្រចាំឆ្នាំ២០២២ ក្នុងទំហំថវិកាសរុប ៣៤ ៧០៨ ៦៣០ លានរៀល(ប្រមាណ៨ ៥០០លានដុល្លារ)។ ចំនួនថវិកានេះ ស្មើនឹង២៧,៩៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស-GDP) ដែលកើនឡើង៨,៤ភាគរយ ធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១។ នេះបើតាមយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ក្នុងនោះចំណាយចរន្ត (ទាំងថ្នាក់ជាតិ និងក្រោមជាតិ) មានជាង២០,៨ទ្រីលានរៀល(ប្រមាណ ៥០០០លានដុល្លារ និងចំណាយមូលធន មានជាង ១៣,៨ទ្រីលានរៀល (ក្នុងរង្វង់៣ ៤០០ លានដុល្លារ)។
 
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុបានបង្ហាញថា ការចំណាយថ្នាក់ជាតិប្រចាំឆ្នាំ២០២២ រដ្ឋាភិបាលគ្រោងថវិកាជាង៨,៤ទ្រីលានដុល្លារ(ប្រមាណ២ ០០០លានដុល្លារ)សម្រាប់ចំណាយលើវិស័យសង្គមកិច្ច។ ទំហំថវិកានេះ គឺបានកើន៨ភាគរយ ធៀបនឹងឆ្នាំ២០២១។ ចំណាយលើវិស័យរដ្ឋបាលទូទៅ ជាង២ទ្រីលានរៀល(ប្រមាណ៥០០លានដុល្លារ) កើនជិត៦ភាគរយ, វិស័យសេដ្ឋកិច្ច ជាង៦,៥ទ្រីលានរៀល (ប្រមាណ១ ៦០០លានដុល្លារ) កើន១,៧ភាគរយ និងចំណាយវិស័យការពារជាតិ ជិត៤,៨ទ្រីលានរៀល(ប្រមាណ ១ ១៧០លានដុល្លារ) ដែលត្រឹម០,៥ភាគរយ។ ដោយឡែក ថវិកាជាង ៣ទ្រីលានរៀលទៀត (៧៣០លានដុល្លារ) គឺសម្រាប់ការចំណាយថ្នាក់ក្រោមជាតិ។
 
ចំពោះចំណាយមូលធនប្រចាំដែលរដ្ឋាភិបាលគ្រោងចំណាយប្រចាំឆ្នាំ២០២២ នោះ មានការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងស្រុក មានជាង ៦,៥ទ្រីលានរៀល(ប្រមាណ ១៦០០លានដុល្លារ), ការទូទាត់ប្រាក់ខ្ចី មានជាង ១,៤ទ្រីលានដុល្លារ(ប្រមាណ៣៦០លានដុល្លារ) និងចំណាយលើការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសមានជាង ៥,៨ទ្រីលានរៀល(ជាង១ ៤០០លានដុល្លារ)៕ 
 
 

Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com