ជាតិ
សង្គមជាតិ
មន្ត្រីសាសនាព្រះពុទ្ធ ឥស្លាម និងគ្រិស្ត ប្រតិកម្មនឹងការបង្ហោះសកម្មភាពទទួលទានសត្វទាំងរស់
22, Oct 2021 , 5:22 pm        
រូបភាព
ភ្នំពេញ៖ ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា សាសនាគ្រិស្ដ និងសាសនាឥស្លាម សុទ្ធតែមិនគាំទ្រដល់ការទទួលទានសត្វទាំងរស់ ហើយបង្ហាញជាសាធារណៈ ដោយចាត់ទុកថា នេះជាទង្វើដ៏ឃោឃៅ គ្មានមនុស្សធម៌។ សារព័ត៌មានថ្មីៗ បានសាកសួរមតិយោបល់ទាំងនេះ ក្រោយមានស្ត្រីម្នាក់ថតវីដេអូបង្ហោះតាមបណ្តាញសង្គមពីសកម្មភាពបរិភោគសាច់ឆៅ និងជន្លរចង់លេបសត្វទាំងរស់។



សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានមានសង្ឃដិកា  ថា ការទទួលទានសត្វទាំងរស់ ហើយបង្ហាញជាសាធារណៈ ក្នុងបណ្ដាញសង្គម គឺជាជាទង្វើមិនល្អ មិនសមហេតុផល នាំឱ្យក្មេងៗជំនាន់ក្រោយដែលបានឃើញ មានចិត្តកាចសាហាវ។

ព្រះអង្គមានបន្ទូលបន្ថែមថា បើមនុស្សធ្វើអំពើទាំងនេះកាន់តែច្រើន នោះនឹងធ្វើឱ្យសង្គមទាំងមូល ងាយនឹងកើតអំពើហិង្សាបន្តិចម្ដងៗ។ ព្រះអង្គសង្កត់ធ្ងន់ថា ក្នុងនាមជាពុទ្ធបរិស័ទ ពួកគេគួរតែនាំគ្នាធ្វើអំពើណាដែលជាប្រយោជន៍ជាតិ សាសនា ប្រកបដោយគុណធម៌ សីលធម៌ និងមនុស្សធម៌។



«ការសម្លាប់ជីវិតសត្វផ្សេងៗ នាំឱ្យធ្លាក់ទៅក្នុងអបាយភូមិ មាននរក ប្រេត តិរច្ឆាន អសុរកាយជាដើម។  កាលណាសម្លាប់ជីវិតសត្វក្នុងបច្ចុប្បន្ន តទៅអនាគតជាតិ យើងនឹងប្ដូរទៅជាសត្វនោះត្រូវគេសម្លាប់វិញម្ដង។ ដូច្នេះនឹងមានការចងអាឃាតគ្នាទៅវិញទៅមកមិនចេះចប់»។ នេះជាការពន្យល់របស់ព្រះអង្គ ឃឹម សន។

ចំណែកលោកបូជាចារ្យ សួន ហង្សលី ទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញថ្មី ខាងសាសនាគ្រិស្ដនិកាយកាតូលិក ក៏បានអះអាងដូចគ្នាថា ការទទួលទានសត្វទាំងរស់ គឺជាទង្វើមិនសមរម្យ ដែលបង្ហាញពីភាពឃោឃៅពេក។ លោកបូជាចារ្យ ថាបើទោះបីជាក្នុងគម្ពីរគ្រិស្ដសាសនា បានចែងថា ការសម្លាប់ជីវិតសត្វ មិនបានបង្កើតបាបធ្ងន់ធ្ងរក៏ដោយចុះ ប៉ុន្តែពួកគេគួរតែឈប់ទទួលទានសត្វទាំងរស់ទៀតទើបល្អ។

 

លោកបូជាចារ្យ ពន្យល់៖«តាមគ្រិស្ដសាសនា កាលណាយើងធ្វើបាបសត្វដែលព្រះជាម្ចាស់បានបង្កើតមក គឺមានបាប។ បើចង់បរិភោគគួរតែម្លាប់ឱ្យស្រួលបួល ហើយយកទៅចម្អិន។ តែបើទទួលទានទាំងរស់ គឺជាអំពើឃោរឃៅទៅលើសត្វពេក។ ទោះនេះមិនមែនជាអំពើបាបធ្ងន់ធ្ងរ តែវាជាអំពើបាបអសីលធម៌ អគុណធម៌ ដោយសារតែមិនគោរពជីវិតសត្វ ដែលព្រះបានបង្កើត»។

ដូចគ្នាដែរ លោក សាហ្វអះ ទុលឡោះ គ្រូបង្រៀនផ្នែកសាសនាឥស្លាម ក៏មិនគាំទ្រការទទួលទានសត្វទាំងរស់ដែរ។ លោកថា នៅក្នុងច្បាប់សាសនាឥស្លាម ការហូបសាច់តម្រូវឱ្យសម្លាប់ឱ្យបានសមរម្យ ដោយមិនត្រូវយកអ្វីទៅដំក្បាល ឬក៏ឆក់ខ្សែភ្លើងឡើយ។ យ៉ាងណាក៏ដោយ នៅពេលដែលសម្លាប់សត្វ សាសនាតម្រូវឱ្យសូត្រធម៌ឱ្យវាផង ព្រោះសត្វទាំងនោះក៏មានវិញ្ញាណ និងមានអារម្មណ៍ដូចមនុស្សដែរ។

លោក ទុលឡោះ បន្ថែមទៀតថា ទង្វើទាំងឡាយណា ដែលផ្ទុយអំពីការសម្លាប់សត្វឱ្យបានសមរម្យ សាសនាឥស្លាមហាមដាច់ខាត គឺមិនឱ្យទទួលទានសត្វទាំងនោះឡើយ។ ប្រសិនបើបុគ្គលណានៅតែប្រព្រឹត្ត នឹងមានបាបរហូតធ្លាក់នរក។



«មនុស្សដែលហូបសត្វទាំងរស់ តាមសាសនាឥស្លាម បុគ្គលនោះខ្វះការអប់រំផ្លូវចិត្ត ខ្វះសីលធម៌។ គាត់មិនមានចំណេះដឹងលើសិទ្ធិរបស់សត្វ។ នៅក្នុងសាសនាឥស្លាមអ្វីក៏មានសិទ្ធិ សេរីភាព ហើយយើងក៏ត្រូវគោរពវាដែរ។ នៅពេលដែលយើងត្រូវការវា យើងយកវាមកប្រើការតាមសមស្រប ឱ្យមានក្រមសីលធម៌។ យើងត្រូវគិតថាទាំងរុក្ខជាតិ ទាំងសត្វទាំងអស់ ដែលព្រះបានបង្កើតឡើងមក ក្នុងគោលបំណងបម្រើផលប្រយោជន៍របស់យើង ដូច្នេះបើគេតម្កើងយើង ផ្ដល់ផលប្រយោជន៍ឱ្យយើង យើងគួរតែគោរពសិទ្ធិរបស់សភាវទាំងនោះដែរ។ គេក៏ចេះតវ៉ា គេក៏ចេះឈឺចាប់ដូចយើងដែរ។ នេះជាការពន្យល់របស់លោក សាហ្វអះ ទុលឡោះ គ្រូបង្រៀនផ្នែកសាសនាឥស្លាម។

កន្លងមកធ្លាប់មានវីដេអូ បង្ហាញអំពីការទទួលទានសត្វទាំងរស់ តាមបណ្ដាញសង្គមនានា ក្នុងបណ្ដាប្រទេសជិតខាង ដូចជានៅប្រទេសឡាវ ថៃ វៀតណាម និងចិនជាដើម។ ទោះជាយ៉ាងណា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង បញ្ជាក់ថា នោះគឺជាជាតិសាសន៍ផ្សេង តែនេះជាខ្មែរ ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា មានសីលធម៌សង្គមនិងមនុស្សធម៌ខ្ពស់តាំងពីបុរាណ មិនគួរឱ្យមានការធ្វើទង្វើបែបនោះ ជាសាធារណៈទាល់តែសោះ។  កុំព្រោះតែភាពល្បីល្បាញ ដើម្បីតែអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យគេជឿថាខ្លួនហ៊ានធ្វើរឿងបែបនោះ ហើយត្រូវធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមទាំងមូល។ ទង្វើបែបនោះ ពិតជាបង្ហាញពីភាពកាចសាហាវរបស់បុគ្គលនោះ៕



Tag:
 សង្គម
  ព្រះសង្ឃ
  បុណ្យ
  បាប
  សត្វ
  សាសនា
  គុណធម៌
© រក្សាសិទ្ធិដោយ thmeythmey.com