ជាតិ
សង្គមជាតិ
សន្និសីទអាកាសធាតុលើកទី ២៦ ៖ តើជំហររបស់ប្រទេសកម្ពុជារួមចំណែកអ្វីខ្លះ?
23, Oct 2021 , 11:10 am        
រូបភាព
ដោយ៖ Karolien Casaer-Diez

កិច្ចជជែកពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ នឹងផ្តល់នូវឱកាសសម្រាប់ពាណិជ្ជកម្មកាបូន



នៅចុងខែតុលានេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង Glasgow ជាកន្លែងដែលចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះ សន្និសីទកំពូលលើកទី២៦ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល ដែលហៅកាត់ថា COP២៦។

ការបំពេញទស្សនកិច្ចទៅកាន់ប្រទេសស្កុតឡែន ក្នុងអំឡុងពេលឆ្លងរាលដាលនៃជំងឺរាតត្បាត ហើយក្នុងអំឡុងប្រទេសនេះមានអាកាសធាតុត្រជាក់ ហើយសើមបំផុតផងគឺមិនមែនជាដំណើរទស្សនកិច្ចដ៏រីករាយមួយទេ។ ដូច្នេះ ហេតុអ្វីបានជាដំណើរទស្សនកិច្ចនេះ ត្រូវធ្វើឡើងនៅពេលនេះដូច្នេះ?

អនាគតនៃភពផែនដីរបស់យើងCOP គឺជាវេទិកាមួយដែលប្រមូលផ្តុំបណ្តាតំណាងរដ្ឋាភិបាល សង្គមស៊ីវិល ធុរកិច្ច និងប្រជាពលរដ្ឋមកពីជុំវិញពិភព​លោក ដើម្បីជំរុញសកម្មភាពឆ្ពោះទៅសម្រេចបានគោលដៅដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ជាសន្ធិសញ្ញាសម្រេចបានក្នុងឆ្នាំ២០១៥ វាមានគោលបំណងបញ្ចៀសនូវការប្រែប្រួលអាកាសធាតុប្រកបដោយគ្រោះថ្នាក់ ដោយកាត់បន្ថយការកើនឡើងកម្តៅផែនដីមិនឱ្យលើស ២ អង្សាសេ លើកម្រិតមុនសម័យបដិវដ្តន៍ឧស្សាហកម្ម និង «បន្តកិច្ចខិតខំប្រឹងប្រែង»ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកម្តៅកើនលើស ១,៥ អង្សាសេ។

ការកាត់បន្ថយការកើនឡើងកម្តៅផែនដី មានន័យថា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្រើន តួយ៉ាង កាបូនឌីអុកស៊ីត និងមេតានដែលកើតឡើងពីសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាននានាដូចជាការផលិតអគ្គិសនី និងចំណីអាហារ។
យ៉ាងណាក៏ដោយពិភពលោកកំពុងដើរខុសពីគោលដៅដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅខែសីហា ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលទទួលបន្ទុកលើបញ្ហាបម្រែបម្រួលអាកាសធាតុដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយដែលបង្ហាញពីសភាពកាន់តែអាក្រក់នៃការប្រែប្រួលអាកាសធាតុ។

ការប្រែប្រួល​អាកាសធាតុពិតជាកំពុងកើតឡើង ហើយបញ្ហានេះកាន់តែមានផលអាក្រក់ខ្លាំងឡើងៗចំពោះ​មនុស្ស​ជាតិ​។ អ្វីដែលសំខាន់ វាត្រូវបានបង្កឡើងដោយសកម្មភាពមនុស្ស។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានហៅស្ថានភាពនេះថាជា «គ្រោះអាសន្នសម្រាប់មនុស្សជាតិ»។

មកដល់បច្ចប្បន្ននេះ ភពផែនដីយើងកើនឡើងកម្តៅក្នុងកម្រិត ១,២ អង្សាសេរួចទៅហើយ។ ព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងអាកាសធាតុធ្ងន់ធ្ងរ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតក៏កំពុងកើតមានឡើងកាន់តែញឹកញាប់ថែមទៀត។

ចំណែកប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលបានរងផលប៉ះពាល់ខ្លាំងរួចទៅហើយពីព្រឹត្តិការណ៍ទាំងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និង ជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមបណ្តាប្រទេសដែលងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំ ២០២០ ទឹកជំនន់ធ្ងន់ធ្ងរបានសម្លាប់មនុស្សរាប់សិបនាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ទីលំនៅដ្ឋាន។

ដោយឡែក នៅឆ្នាំ ២០១៩ គ្រោះរាំងស្ងួតបាននាំឱ្យមានការខ្វះខាតថាមពលធ្ងន់ធ្ងរនៅរដូវប្រាំង។ តាមការព្យាករណ៍របស់ក្រសួងបរិស្ថានបានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុអាចនឹងកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប (GDP) រហូតជិត ១០% នៅឆ្នាំ ២០៥០ ប្រសិនបើមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ។

ដើម្បីបញ្ចៀសនូវការប្រែប្រួលអាកាសធាតុអាក្រក់បំផុត ពិភពលោកចាំបាច់ត្រូវកាត់បន្ថយការបំភាយឧស្ម័នកាបូនិចឱ្យបានពាក់កណ្តាលនៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ និងឈានដល់ការបញ្ឈប់ការបញ្ចេញកាបូនទាំងស្រុងត្រឹមឆ្នាំ ២០៥០។

ការឈានដល់ «កម្រិតសូន្យទាំងស្រុង» គឺពាក់ព័ន្ធនឹងការកាត់បន្ថយការបំភាយឧស្ម័នដោយប្តូរមកប្រើបច្ចេកវិទ្យាដែលស្អាត ដូចជាថាមពលកកើតឡើងវិញ និងយានយន្តដើរដោយថមពលអគ្គិសនី បន្ទាប់មកការប្រើវិធានការស្រូបយកឧស្ម័នកាបូនិចដែលនៅសេសសល់ក្នុងបរិយាកាស ជាឧទាហរណ៍តាមរយៈការបង្កើនគម្របព្រៃឈើនៅទូទាំងពិភពលោកជាដើម។

ក្នុងន័យបច្ចេកទេស​ វាគឺជាដំណើរការដ៏ស្មុគស្មាញមួយ ប៉ុន្តែជាចុងក្រោយពិភពលោកនៅតែអាចធ្វើរឿងទាំងនេះបាន។ តាមពិតទៅ ការលំបាកពិតប្រាកដគឺខាងផ្នែកនយោបាយ។ ការរក្សាឥន្ធនៈផូស៊ីលឱ្យនៅក្រោមដី និងដើមឈើឱ្យនៅស្ថិតស្ថិរ មានន័យថា យើងកំពុងប្តូរប្រយោជន៍រយៈពេលខ្លី ដូចជាការកាប់ឈើជាដើមនោះ ទៅនឹង​ផលប្រ​យោជន៍រយៈពេលវែងរបស់មនុស្សជាតិ។ វាគឺជាជញ្ជីងថ្លឹងថ្លែងរវាង សុវត្ថិភាពរស់នៅរបស់មនុស្សជំនាន់ក្រោយ និងការទទួលបានសន្លឹកឆ្នោតដែលផ្តល់ឱ្យដោយអ្នកបោះឆ្នោត ដែលពួកគេទាំងនោះប្រហែលជាមិនចាប់អារម្មណ៍ និងយល់ដឹងច្បាស់លាស់ពីការរឹតបន្តឹងបទបញ្ញតិ្តនានាស្តីពីបរិស្ថានឡើយ។ ការសម្រេចបាននូវលទ្ធផល «ការបំភាយ​ឧស្ម័ន​កាបូនិចក្នុងកម្រិតសូន្យ​ទាំងស្រុង» ទាមទារឱ្យមានការសម្រេចចិត្តដ៏លំបាក និងភាពជាអ្នកដឹកនាំពិតប្រាកដ។

ក្រុមអ្នករៀបចំសន្និសីទកំពូលស្តីពីអាកាសធាតុ កំពុងអំពាវនាវដល់គ្រប់ភាគីទាំងអស់ បោះជំហានទៅមុខជាមួយគោលដៅកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ដើម្បីឈានដល់ការកាត់បន្ថយការបំភាយឧស្ម័នទាំងស្រុងដល់កម្រិតសូន្យនៅពាក់កណ្តាលសតវត្សរ៍នេះ។ បណ្តាប្រទេសដែលបំពុលបរិស្ថានធំបំផុតមានដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកបានដាក់ចេញគោលដៅដើម្បីឈានដល់អព្យាក្រឹតភាពកាបូនក្នុងស្រុកនៅឆ្នាំ ២០៦០  និង ២០៥០​​ រៀងគ្នា។ មិនថាអ្នកបំពុលបរិស្ថានផ្សេងទៀតនឹងធ្វើដូចគ្នាឬអត់ ហើយមិនថាតើទាំងអស់គ្នាពិតជាអនុវត្តផែនការទាំងនេះឬអត់នោះទេ ក៏វាប៉ះពាល់យ៉ាងខ្លាំងដល់ជីវិត និងជីវភាពរស់នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។

ក្រៅពីឃើញប្រទេសបំពុលបរិស្ថានធំៗនៅលើពិភពលោកបង្កើនគោលដៅអាកាសធាតុរបស់ខ្លួនតើប្រទេសកម្ពុជាមានចំណែកអ្វីខ្លះនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ? នោះគឺ​ផែនការផ្ទាល់របស់ខ្លួន។ ប្រទេសកម្ពុជាកំពុងរៀបចំបញ្ចប់ការចងក្រងយុទ្ធសាស្ត្រអព្យាក្រឹត្យភាពកាបូន។ វាទាមទារឱ្យមានការសម្រេចចិត្តដ៏ពិបាក ជាឧទាហរណ៍អំពីមហិច្ឆតាអភិរក្សព្រៃឈើ និង ផែនការអាជីវកម្មឧស្ម័ន។

នេះគឺជាការអនុវត្តមួយគួរឱ្យសាទរ ហើយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute) មានមោទនភាពក្នុងការគាំទ្រចំពោះគំនិតនេះ។ ទោះយ៉ាងណា មានបរិបទចាំបាច់មួយចំនួន។ ប្រទេសចិនទទួលខុសត្រូវលើលើការបំភាយ ២៦% នៃឧស្ម័នផ្ទះកញ្ចក់ទាំងអស់លើពិភពលោកបច្ចុប្បន្ន​ ខណៈសហរដ្ឋអាមេរិកបំភាយ ១៣% និងសហភាពអឺរ៉ុបបំភាយ ៨%។ ប្រទេសកម្ពុជាវិញមានចំណែកត្រឹម ០,០២% ប៉ុណ្ណោះ (WRI ឆ្នាំ ២០១៨)។

យុទ្ធសាស្ត្រអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជាមានសារសំខាន់ ព្រោះយើងមិនចង់ឱ្យប្រទេសកំពុងអភិវឌ្ឍនៅថ្ងៃនេះក្លាយជាអ្នកបំពុលបរិស្ថាននៅថ្ងៃស្អែកនោះទេ។ ទោះយ៉ាងណា ការចូលរួមចំណែកថ្នាក់ជាតិក្នុងការបំភាយឧស្ម័នបង្ហាញពីមូលហេតុមួយដែលថា បណ្តាប្រទេសក្រីក្រត្រូវការការគាំទ្រពីប្រទេសអ្នកមានក្នុងការកាត់បន្ថយការបំភាយឧស្ម័ន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អំឡុងពេលដប់ពីរឆ្នាំកន្លងមក នៅក្រោមក្របខណ្ឌ COPs បណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើន បានសន្យាផ្តល់មូលនិធិ ដល់ទៅ១០០ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ជាហិរញ្ញប្បទានអាកាសធាតុ។ យោងតាម​អង្គការសម្រាប់ការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD)  ដែលជាមានក្រុមប្រទេសអ្នកមានជាច្រើនជាសមាជិក​ ពួកគេផ្តល់មូលនិធិប្រមាណ ៨០ ពាន់លានដុល្លារ។

យ៉ាងណាមិញ នៅមានការខ្វែងគំនិតគ្នាទៅលើអ្វីដែលរាប់បញ្ចូលថាជាហិរញ្ញប្បទានអាកាសធាតុ ហើយមានតែ ២០% នៃហិរញ្ញប្បទានអាកាសធាតុប៉ុណ្ណោះដែលផ្តល់ឱ្យដល់ “ការសម្របខ្លួន” ដែលជួយគាំទ្រដល់ប្រទេសនានាក្នុងការទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ការប្រមែរប្រមូលថវិកាបន្ថែម និងទាមទារសំណងចំពោះការខាតបង់ និងការខូចខាតដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ គឺជាគោលដៅដ៏សំខាន់មួយចំពោះក្រុមប្រទេសមានការអភិវឌ្ឍតិចតួចដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

ជំហានបន្ទាប់គឺការពង្រីកទីផ្សារកាបូន។ នៅក្នុងការធ្វើពាណិជ្ជកម្មកាបូន ភាគីម្ខាងកាត់បន្ថយការបញ្ចេញកាបូន ហើយភាគីម្ខាងទៀតទិញយកឥណទានកាត់បន្ថយការបំភាយឧស្ម័ន។ ភាគីទីពីរបង្វែរប្រាក់ទៅឱ្យភាគីទីមួយ ហើយជាថ្នូរ វាអាចរាប់ជាការកាត់បន្ថយការបំភាយនៅក្នុងគោលដៅរបស់ខ្លួន។ ឧទាហរណ៍ ក្រុមហ៊ុន Disney បានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នដល់កម្រិតសូន្យនៅត្រឹមឆ្នាំ ២០៣០ ក៏ប៉ុន្តែបានទទួលស្គាល់ថា វាប្រហែលជាមិនអាចទៅរួចទេក្នុងការកាត់បន្ថយការបំភាយឧស្ម័នឱ្យបានទាំងស្រុងនៅកាលបរិច្ឆេទនោះ ទោះតាមគ្រប់មធ្យោបាយណាក៏ដោយ។ ប្រសិនបើមិនបានជោគជ័យ នោះក្រុមហ៊ុនអាចទិញឥណទាននៅកម្ពុជាដើម្បីបំពេញកាបូនដែលខ្លួនកំពុងបំភាយទៅក្នុងបរិយាកាស។

ស្រដៀងគ្នាដែរ ប្រទេសស៊ុយអែតបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នទាំងស្រុងដល់កម្រិតសូន្យនៅត្រឹមឆ្នាំ ២០៤៥ ។ ក្រសួងបរិស្ថានបាន និងកំពុងធ្វើការជាមួយប្រទេសស៊ុយអែត និងវិទ្យាស្ថាន GGGI ដើម្បីរៀបចំការធ្វើពាណិជ្ជកម្មកាបូនលើកដំបូងក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ដូច្នេះប្រទេសកម្ពុជាអាចជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលបានសាកល្បងពាណិជ្ជកម្មកាបូនក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នេះនឹងបង្កើតនូវប្រភពហិរញ្ញវត្ថុថ្មីដ៏ធំមួយដើម្បីជំរុញលើកទឹកចិត្តដល់ការកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងប្រទេស។ យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីបាន​បញ្ជាក់រួចហើយអំពីសារៈសំខាន់នៃបញ្ហានេះចំពោះប្រទេសកម្ពុជា។ ដូចយើងបានឃើញស្រាប់ហើយថាហិរញ្ញប្បទានអាកាសធាតុគឺមានដែនកំណត់។ ផ្ទុយទៅវិញ ហិរញ្ញប្បទានកាបូនគឺគ្មានដែនកំណត់ទេ៖ «ដោយរក្សាការកាត់បន្ថយការបំភាយឧស្ម័ន នោះអ្នកអាចរក្សាពាណិជ្ជកម្មឥណទានបាន»។

នេះបង្ហាញពីការផ្លាស់ប្តូរកិច្ចសន្ទនានយោបាយស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ យោងតាមការដកស្រង់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីបានឱ្យដឹងថា «ការដោះស្រាយបញ្ហាចំពោះការប្រែប្រួលអាកាសធាតុប្រកប​ដោយ​ប្រសិទ្ធភាព​ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និង     បរិយាប័ន្ននាពេលអនាគត»។

បន្ថែមលើនេះ ការប្តេជ្ញាចិត្តខាងអាកាសធាតុមិនត្រូវបានគេចាត់ទុកថាជាបន្ទុកទេ ប៉ុន្តែជាឱកាសទៅវិញ។ វា​ជា​​ឱកាសមួយដើម្បីបង្កើនជំហររបស់កម្ពុជាក្នុងនាមជាអ្នកបំភាយឧស្ម័នតិចតួចមួយ ក្នុងការធ្វើពាណិជ្ជកម្មឥណទានកាបូន។ ឱកាសមួយដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍តាមរយៈគម្រោងបៃតង ដូចជាការដាក់ឱ្យប្រើប្រាស់រថយន្តក្រុងអគ្គិសនីនៅក្រុងសៀមរាប ដោយមានការជំរុញពីក្រសួងសាធារណការ និងដឹក  ជញ្ជូន។ ឱកាសដើម្បីគិតពិចារណាឡើងវិញអំពីផែនការផលិតថាមពលដែលមានថ្លៃដើមខ្ពស់។ នៅដើមខែតុលានេះ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងបញ្ឈប់ការអភិវឌ្ឍគម្រោងថាមពលដើរដោយធ្យូងថ្មបន្ថែមទៀត។ វាងាយស្រួលទេក្នុង​​ការ​ដាក់​​ចេញនូវផែនការ និងគោលដៅ​។ អ្វីដែលយើងនឹងឃើញជាចុងក្រោយនៅកម្ពុជាគឺការអនុវត្តសកម្មភាព។

ក្នុងការតស៊ូដើម្បីអាកាសធាតុរបស់យើង កម្ពុជាមិនមែនជាអ្នកបង្កឱ្យមានបញ្ហាអាកាសធាតុ ទេ។ ទន្ទឹមនឹងនេះដែរប្រទេសនេះក៏ជំទាស់ដោយមិនធ្វើឱ្យខ្លួនក្លាយជាជនរងគ្រោះនៃបញ្ហានេះដែរ៕

Karolien Casaer-Diez គឺជាតំណាងប្រចាំប្រទេសកម្ពុជា នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល



© រក្សាសិទ្ធិដោយ thmeythmey.com