ជាតិ
សង្គមជាតិ
ក្រសួង ពិចារណាដាក់សាលាបឋមសិក្សាក្រវ៉ាន់ សម្រាប់បេក្ខភាពសាលាមេត្រីបរិស្ថានថ្នាក់អាស៊ាន
23, Oct 2021 , 2:35 pm        
រូបភាព
 សៀមរាប៖ ក្រសួងបរិស្ថាន គ្រោងដាក់សាលាបឋមសិក្សាក្រវ៉ាន់ ជាបេក្ខភាពសាលាមេត្រីបរិស្ថានថ្នាក់អាស៊ាន។ គម្រោងនេះ ត្រូវបានប្រកាសនៅក្នុងពិធីប្រគល់ជ័យលាភីជាផ្លូវការដល់សាលាបឋមសិក្សាក្រវ៉ាន់ ដែលជាប់មេដាយប្រាក់ សាលាមេត្រីបរិស្ថាននៅឆ្នាំនេះ។



អគ្គនាយកនៃនាយកដ្ឋានចំណេះដឹង និងព័ត៌មាន នៃក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បានឱ្យដឹងថា ក្រសួង នឹងពិចារណាដាក់សាលាបឋមសិក្សាក្រវ៉ាន់ សម្រាប់ការប្រកួតប្រជែងសាលាមេត្រីបរិស្ថានថ្នាក់អាស៊ាន នាពេលខាងមុខ។ លោក ជួប ប៉ារីស៍ ថ្លែងដូច្នេះ ក្នុងពិធីប្រគល់ពានជ័យលាភីសាលាមេត្រីបរិស្ថាន ដល់សាលាបឋមសិក្សាក្រវ៉ាន់ នារសៀលថ្ងៃទី២១ ខែតុលា។ លោកពន្យល់ថា ការរៀបចំផ្នែកបរិស្ថាន អនាម័យ និងសោភ័ណភាព របស់សាលានេះ អាចទទួលយកបាន និងស័ក្ដិសមជាជ័យលាភីនៅឆ្នាំនេះ។ លោកមានប្រសាសន៍ទៀតថា៖« ដោយសារឃើញសាលាស្អាត [ក្រសួងបរិស្ថាន] កំពុងគិតជាបេក្ខភាពមួយ សម្រាប់ប្រកួតប្រជែងជ័យលាភីមេត្រីភាពបរិស្ថានថ្នាក់អាស៊ាន»។

បន្ថែមពីនេះ លោក ជួប ប៉ារីស៍ បានកោតសរសើរចំពោះការរៀបចំរបស់ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ គឺស្របតាមតម្លៃបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានអង្គរ ដូចជាពណ៌សាលាជាដើម។

នាយកសាលាបឋមសិក្សាក្រវ៉ាន់ លោក ឌី សំណាង លើកឡើងថា សាលារបស់លោកបានចាប់ផ្តើមគិតគូរ រៀបចំ កែលម្អបរិស្ថានចាប់ពីឆ្នាំ ២០១៤មក ដោយមានចក្ខុវិស័យច្បាស់លាស់លើការលើកកម្ពស់គុណភាពអប់រំ និងផ្នែកបរិស្ថាន។ លោកបន្តថា ក្រៅពីសាលា ក្នុងនោះក៏មានការរួមចំណែកពីអាណាព្យាបាលសិស្ស ព្រះសង្ឃ វិស័យឯកជន និងអង្គការជាតិ អន្តរជាតិ ដែលបានជ្រោមជ្រែងលើការងារអភិវឌ្ឍន៍សាលានាពេលកន្លងមក។

តាមការបញ្ជាក់ពីលោកនាយកសាលា សិស្សទាំងអស់ទទួលបានការអប់រំឱ្យយល់ដឹងពីការទុកដាក់សំរាម ការឆែកសំរាម និងវិវត្តន៍រហូតដល់ការមិនយកសំរាមប្លាស្ទិកមកសាលារៀន ហើយឧបករណ៍បរិក្ខាសាលាក៏ពុំមានប្រើប្រាស់ប្លាស្ទិកដែរ។ បច្ចុប្បន្ន សាលានេះមាន៥អាគារ ស្មើនឹង ១៣បន្ទប់ ថ្នាក់រៀនចំនួន២០ និងមានសិស្សសរុប ៨៣៧នាក់ ស្រី ៤១៨នាក់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំសាលាបឋមសិក្សាក្រវ៉ាន់លើជ័យលាភីដែលទទួលបាន។ ជួសមុខក្រសួងបរិស្ថាន លោក សៅ សុភាព បានថ្លែងអំណរគុណដល់ដៃគូសហការទាំងអស់ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំអនុវត្តន៍ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ចាប់ពីឆ្នាំ២០១៧មក ពិសេសនៅឆ្នាំ២០២១ នេះ ដ្បិតមានការរំខានពីជំងឺកូវីដ-១៩ យ៉ាងណាក្ដី។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ នៃការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ដែលរៀបចំឡើង២ឆ្នាំម្តង ដោយក្រសួងបរិស្ថាន។ ក្នុងឆ្នាំ២០២១នេះ ក្រសួង បានរើសសាលាចំនួន៦ ដែលជាប់ជ័យលាភី ក្នុងនោះសាលាបឋមសិក្សាចំនួន៣ និងសាលាវិទ្យាល័យចំនួន៣ ក្នុងនោះសាលាបឋមសិក្សាក្រវ៉ាន់ជាប់កម្រិតប្រាក់ ខណៈសាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង ជាប់កម្រិតមាស និងសាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជាប់លាភីកម្រិតសំរឹទ្ធ។ ចំណែកកម្រិតមធ្យមសិក្សា ជ័យលាភីកម្រិតមាស បានលើវិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ កម្រិតប្រាក់បានលើវិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ និងកម្រិតសំរឹទ្ធ បានលើវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្ដេច បរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង៕





Tag:
 សាលាបឋមសិក្សាក្រវ៉ាន់
  សាលាមេត្រីបរិស្ថាន
  អាស៊ាន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com