ជាតិ
សង្គមជាតិ
អ្នកទន្រ្ទានដីព្រៃនៅស្រុកព្រៃនប់៤៣នាក់ ត្រូវបានឃាត់ខ្លួន
23, Oct 2021 , 3:10 pm        
រូបភាព
អាជ្ញាធរបង្ក្រាបពលរដ្ឋទន្ទ្រានដីព្រៃ នៅចំណុចបាតខ្ទះ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
អាជ្ញាធរបង្ក្រាបពលរដ្ឋទន្ទ្រានដីព្រៃ នៅចំណុចបាតខ្ទះ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
ភ្នំពេញ៖ សមត្ថកិច្ចចុះបង្ក្រាបក្រុមអ្នកទន្ទ្រានកាន់កាប់ដីព្រៃ បាន៤៣នាក់ ក្នុងនោះមាន៦នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ហើយ៣៧នាក់ទៀត គឺត្រូវសមត្ថកិច្ចបន្តសាកសួរ ដើម្បីរកមុខមេខ្យល់។ ពលរដ្ឋ ដែលត្រូវបានឃាត់ខ្លួន ដោយសារទន្ទ្រានដីព្រៃនេះ នៅចំណុចបាតខ្ទះ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។



មុនឈានដល់ការឃាត់ខ្លួនអ្នកទន្ទ្រានកាន់កាប់ដីព្រៃនេះ សមត្ថកិច្ចក៏បានចុះណែនាំនិងពន្យល់ពលរដ្ឋ៥៨នាក់ ដែលបានកាប់រានព្រៃ និងចងតង់ធ្វើជាជម្រក ជំវិញចំណាត់ការផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសកាប់រានដីព្រៃ។ ប៉ុន្តែក្រុមពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្គិចគ្នា ដោយប្រើហិង្សាគប់ដបសាំងលើសមត្ថកិច្ចជាដើម។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

លុះដល់ថ្ងៃទី២២ តុលានេះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួន ពលរដ្ឋ៤៣នាក់ ដែលកំពុងកាប់រានដីព្រៃនេះ នៅឃុំទួលទទឹង ស្រុកព្រៃនប់ តាមបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។  ក្នុងចំណោមពួកគេទាំងនោះ មាន៦នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ចំណែក ៣៧នាក់ទៀត បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងបន្តការសាកសួរដើម្បីស្វែងមេខ្យល់ ដែលនាំឲ្យពួកគេប្រព្រឹត្តិបែបនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«យោងតាមចម្លើយរបស់ប្រជាពលរដ្ឋទាំងនោះ គឺមានទាំងអ្នកក្នុងខេត្ត និងក្រៅខេត្ត គឺត្រូវបានមេខ្យល់ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យចូលទៅកាប់រានដីព្រៃឈើ ដើម្បីយកដីចែកគ្នា»។

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យចាញ់បោកមេខ្យល់ និងជនខិលខូច ដែលតែងតែញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដីកម្មសិទ្ធឯកជន។ លើសពីនេះ ការប្រើប្រាស់អំពើហិង្សាប្រឆាំងមន្ត្រីសាធារណៈជាដើម ដែលនាំឲ្យខ្លួនក្លាយជាជនល្មើស ហើយប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត៕
 





Tag:
 ដីធ្លី
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com