ជាតិ
សង្គមជាតិ
លោក ឈត ប៊ុនថង៖ មនុស្សឥឡូវចង់ល្បី និងប្រយោជន៍ ដោយមិនខ្វល់ពីសីលធម៌ និងគុណធម៌
23, Oct 2021 , 8:59 pm        
រូបភាព
 ភ្នំពេញ៖ មនុស្សភាគច្រើនចង់ល្បី ហើយហ៊ានធ្វើគ្រប់យ៉ាង ដោយមិនខ្វល់ពីសីលធម៌ និងគុណធម៌ ក្នុងសង្គម ខណៈបណ្ដាញសង្គមកំពុងដើរតួយ៉ាងសំខាន់។ នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា។



លោក ឈត ប៊ុនថង សង្កេតឃើញថា បច្ចុប្បន្នមនុស្សច្រើនឲ្យតម្លៃលើសម្ភារៈនិយម ជាងសីលធម៌និងសេចក្ដីស្មោះត្រង់។ ចំណុចនេះ លោក ប៊ុនថង ពន្យល់ថា ស្របបណ្ដាញសង្គមដើរតួរកាន់តែសំខាន់នោះ បុគ្គលិកមួយចំនួនហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីទាញមហាជនឲ្យស្គាល់ពួកគេ ហើយពួកគេនឹងទាញប្រយោជន៍ពីពលរដ្ឋ តាមរយៈបណ្ដាញសង្គមនេះវិញ។

លោកសង្កត់ធ្ងន់ថា មនុស្សឥឡូវភាគច្រើនចង់ល្បី មិនគិតពីសេចក្ដីថ្លៃថ្នូរ និងច្បាប់សង្គមនោះទេ គឺគិតតែផលចំណេញជាធំ។  «សព្វថ្ងៃមានអ្នកចូលចិត្តប្រកួតប្រជែងក្នុងបណ្ដាញសង្គម ឡាយវីដេអូ ដើម្បីតែទាញចំនួនអ្នកទស្សនា ហ៊ានធ្វើគ្រប់យ៉ាង មានស្លៀកពាក់បញ្ចេញកេរខ្មាស ហូបដង្កូវ និងហែកហូររឿងប្ដីប្រពន្ធ រហូតដល់អ្នកនយោបាយជេរប្រមាថគ្នា ដើម្បីបានការចាប់អារមណ៍ សម្រាប់តែប្រយោជន៍ឬការធ្វើអាជីវកម្ម ដោយឥតខ្វល់ពីសីលធម៌ គុណធម៌»។ នេះបើតាមលោក ប៊ុន ថង ដែលបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបរិបទសង្គមនេះ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកជំនាញផ្នែកអប់រំ បានអះអាងថា អាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កាត់ក្រុមទាំងនោះ កុំឲ្យក្លាយទៅជាក្រុមអនាធិបតេយ្យ តាមរយៈផ្លូវច្បាប់។ លោក ឈុត ប៊ុនថង បានពន្យល់ដូច្នេះថា៖«ករណីជនណា ស្លៀកពាក់មិនសមរម្យ ក្រសួងវប្បធមឬក្រសួងកិច្ចការនារី ត្រូវចេញមុខដោះស្រាយតាមដែនសមត្ថកិច្ច។ ករណី ចំណីអាហារ ក្រសួងសុខាភិបាល ត្រូវចេញផ្សព្វផ្សាយនិងចាត់វិធានការ ថាតើការអ្នកបរិភោគ ឬអ្នកប្រើប្រាស់អាចនឹងប៉ះពាល់ដល់សុខភាពឬទេ។ ចំណែក រឿងបំណុលឬការប្រាក់ ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ ត្រូវពិនិត្យលើនីតិវិធីនៃការកំណត់ការប្រាក់និងកម្ចីជាដើម ដើម្បីចាត់វិធានការលើអ្នកល្មើសច្បាប់ឲ្យទាន់ពេល»។  

ជាមួយគ្នានេះ លោក ប៊ុនថង ស្នើឲ្យអ្នកដែលគ្មានជំនាញ កុំចេញមុខបកស្រាយ វិភាគ និងផ្សព្វផ្សាយ ដើម្បីចង់បានល្បី ព្រោះការបកស្រាយមិនច្បាស់ នឹងក្លាយជារឿងបំពុលសង្គម។ ជាស្ដែងលោក សង្កេត ឃើញមានអ្នកឡាយវីដេអូ ពន្យល់ពីប្រសិទ្ធភាពថ្នាំ ឬឱសថ ទាំងបុគ្គលនោះ មិនមានជំនាញសុខាភិបាល។ «សមត្ថកិច្ចត្រូវពិនិត្យករណីនេះ ព្រោះពលរដ្ឋដែលមិនសូវមានចំណេះដឹងនឹងប្រឈមគ្រោះថ្នាក់ខ្ពស់»។ នេះបើតាមលោក ប៊ុនថង ដោយស្នើឲ្យពលរដ្ឋត្រិះរះពិចារណាថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ៕



Tag:
 សង្គម
  សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com