អត្ថបទពាណិជ្ជកម្ម
កាន់តែពិសេស! ធនាគារអេស៊ីលីដាដាក់ដំណើរការសេវាទូទាត់តាម​ខេអេច​ឃ្យូអរកូត (KHQR Code)
25, Oct 2021 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជាកាបោះជំហានថ្មីមួយទៀត ធនាគារ អេស៊ីលីដា បាន​អភិវឌ្ឍ ​និងបាន​ដាក់ឲ្យប្រើប្រាស់​នូវ​សេវាទូទាត់តាម KHQR Codeក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់​ធនាគារជាតិនៃកម្ពុជា។
 
KHQR Codeជាស្តង់ដារឃ្យូអរកូតតែមួយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថាន​ផ្តល់​សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បី​ការទូទាត់​ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ​នៅក្នុង​ប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន។
 
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបាន​មាន​ប្រសាសន៍ថា ដោយសង្កេតឃើញថានៅតាមបញ្ជរហាងទំនិញ​ និងអ្នកផ្តល់នូវ​សេវាកម្មនានា​​បានដាក់ឃ្យូអរកូត​សម្រាប់ទូទាត់​របស់គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​ជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់​មានការលំបាកក្នុងការ​ជ្រើសរើសដើម្បីទូទាត់។ 


 
លោកបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា៖«ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ​រួមទាំង​គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុសរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា "KHQR" ដែលជាប្រព័ន្ធទូទាត់​ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូតសម្រាប់​វិស័យធនាគារនិងហិរញ្ញវត្ថុដើម្បីធ្វើ​ប្រតិបត្តិការទូទាត់រ​វាងគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិក​សំដៅ​ផ្តល់នូវភាពងាយស្រួល​ជូនអ្នកប្រើប្រាស់ប្រកប​ដោយប្រសិទ្ធភាព ទាន់សម័យ មានសុវត្ថិភាព និងទំនុកចិត្តខ្ពស់»​​។ 
 
លោកបានថ្លែងបន្តទៀតថា៖ ការបង្កើត"KHQR" ក្នុងវិស័យធនាគារនេះស្ថិតក្រោម​គំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា ជាពិសេស​លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ​កម្ពុជា និង​ជាស្ថាបនិក​ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។


 
លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃ​កម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុង​វិស័យហិរញ្ញវត្ថុបានផ្តល់ឱកាសនិងជំរុញឱ្យគ្រឹះ​ស្ថាន​ធនាគារនិងហិរញ្ញវត្ថុដាក់ចេញនូវឧបករណ៍និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជាការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត តាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូត ជាដើម។ 
 
លោកជំទាវបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះជាយ៉ាងនេះក៏ដោយ ការទូទាត់​តាមឃ្យូអរកូត​កន្លងមកនៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយ​ស្រួល​សម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លង​គ្រឹះស្ថានទៅវិញទៅមកបាន»។ 
 


«ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុរបស់​រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ​ នៃកម្ពុជាបានដាក់​ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេក​ទេសខេអេចឃ្យូអរកូត (KHQR Code) សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០កន្លងមក» នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សេរី ៕ 





© រក្សាសិទ្ធិដោយ thmeythmey.com