កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Verstappen ឈ្នះការប្រណាំងជុំមួយទៀត ក្រោយទប់ទល់ការប្រជែងពី Hamilton បានសម្រេចនៅទីលាន Austin’s Circuit
25, Oct 2021 , 7:19 pm        
រូបភាព
កីឡាករប្រណាំងរថយន្ត Formula 1 របស់ក្រុម Red Bull’s Max Verstappen បានឈ្នះការប្រណាំងនាកម្មវិធី US Grand Prix នាទីលានប្រណាំងរថយន្ត Austin’s Circuit កាលពីថ្ងៃទី ២៤តែតុលា។ Verstappen បានយកជ័យជម្នះ ជាលើកទី២ ដោយរូបគេបានមកដល់ទីព្រ័ត្រមុន Lewis Hamilton  តែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយបានធ្វើឲ្យរូបគេបន្តនាំមុខកីឡាករម្ចាស់ជើងឯក៧សម័យដល់ទៅ ១២ពិន្ទុ។


ម្ចាស់ជើងឯក៧សម័យ Hamilton ដែលបើកបរឲ្យក្រុម Mercedes បានមកដល់ទីក្រោយកីឡាករ Verstappen ដោយសារតែរូបគេបានខកខានពេលវេលាបន្តិចបន្តួច ដោយសារប្ដូរសំបកកង់រថយន្តដែលជាហេតុនាំឲ្យរូបគេបានមកដល់ទីក្រោយ Verstappen ១.៣៣៣ វិនាទីតែប៉ុណ្ណោះ ហើយក៏ជាជុំដែល Hamilton ធ្វើបាននូវល្បឿនយ៉ាងលឿនផងដែរ។ ចំណែកកីឡាកររបស់ក្រុម Red Bull’s មួយរូបទៀតគឺ Sergio Perez បានបញ្ចប់ចំណាត់ថ្នាក់លេខ ៣។
 
ក្រោយពេលកីឡាករ Max Verstappen ទទួលបានជ័យជម្នះបែបនេះ ប្រធានក្រុម Red Bull’s លោក Christian Horner បាននិយាយថា«លោកហាក់ដូចមានអាយុ ២៥ឆ្នាំម្តងទៀត ខ្ញុំមិននឹងស្មានថាក្រុមយើងទទួលបានជ័យជម្នះជាបន្តបន្ទាប់បែបនេះឡើយ»។
 
មិនតែប៉ុណ្ណោះកីឡាករ Verstappen ក៏បាននិយាយអបអរនៅជ័យជម្នះរបស់គេដែរថា «ពិតណាស់ពួកយើងបានបាត់បង់នូវការនាំមុខក្នុងជុំដំបូង ប៉ុន្តែពួកយើងបានខំប្រឹងកែប្រែស្ថានកាលបានមកវិញ។ បញ្ហាកើតឡើងចេញពីសំបកកងរថយន្តរបស់យើង ខ្ញុំមិនបានគិតថាវាអាចដំណើការបានយ៉ាងល្អបែបនេះទេ ហើយជុំចុងក្រោយ គឺជាជុំដែលខ្ញុំមានភាពសប្បាយរីករាយបំផុត»។ 
 
សូមជម្រាបថា មកដល់ពេលនេះកីឡាករ Max Verstappen គឺជាកីឡាករដែលកំពុងមានពិន្ទុឈរនាំមុខគេក្នុងកំពូលតារាងនៃការប្រណាំងរថយន្ត Formula 1 World Championship។ ការប្រកួតបន្ទាប់នឹងត្រូវធ្វើឡើង នៅប្រទេសម៉ិកស៊ិក នាថ្ងៃទី៧ ខែវិច្ចិកា៕
 

Tag:
 Max Verstappen
  Lewis Hamilton
  US Grand Prix
© រក្សាសិទ្ធិដោយ thmeythmey.com