ជាតិ
សង្គមជាតិ
សេចក្តីរាយការណ៍៖ ទឹកស្ទឹងព្រែកត្នោតនៅទំនប់៧មករា កើនលើសកម្រិតប្រកាសអាសន្ន
26, Oct 2021 , 8:56 am        
រូបភាព
ភ្នំពេញ៖ ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅទំនប់៧មករា កើនឡើងលើសកម្រិតប្រកាសអាសន្នហើយ នៅថ្ងៃទី២៦ តុលា។ ពលរដ្ឋរស់នៅក្នុងតំបន់ តាមសណ្ដស្ទឹងព្រែកត្នោតនេះ កំពុងរងផលប៉ះពាល់។



ទឹកស្ទឹងព្រែកត្នោត បានឡើងដល់៩,១២ម៉ែត្រ កាលពីថ្ងៃទី២៥ តុលា ខណៈកម្រិតប្រកាសអាសន្ននោះ កម្ពស់ត្រឹម៧ម៉ែត្រប៉ុណ្ណោះ។ អភិបាលខេត្តកំពង់ស្ពឺ កណ្ដាល និងរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកលើសកម្រិតប្រកាសអាសន្ននេះ ។
 


អាជ្ញាធរភ្នំពេញ បានសម្រេចផ្អាកការចរាចរណ៍រថយន្តធុនធំលើផ្លូវ ២០អា ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្សារកំពង់កន្ទួត បណ្ដោះអាសន្ន ដោយសារស្ថានភាពទឹកឡើងខ្លាំង។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
 
ទឹកឡើងខ្លាំងតាមបណ្ដោយផ្លូវលេខ២០អា នេះ បណ្ដាលមកពីទឹកស្ទឹងព្រែកត្នោតឡើងយ៉ាងគំហុក ដែលបានធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដាយស្ទឹង និងធ្វើឱ្យប៉ះពាល់ផលដំណាំស្រូវជាច្រើនហិកតា ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅថ្ងៃទី២៥ ខែតុលា ។
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា ទឹកស្ទឹងព្រែកត្នោតឡើងខ្លាំង ដែលបណ្ដាលឱ្យផ្ទះពលរដ្ឋ នៅតាមស្ទឹងទាំងសងខាងជន់លិច នៅតាមដីសណ្តស្ទឹងព្រែកត្នោត និងតាមដីទំនាប ក្នុងនោះរួមមាន ក្នុងក្រុងច្បារមន ទាំងផ្នែកខាងជើង និងផ្នែកខាងត្បូង។ ក្រៅពីនេះ ទីតាំងផ្សេងៗនៅជិតទីនោះដូចជា ស្រុកសំរោងទង មានឃុំរលាំងគ្រើល ឃុំរលាំងចក ក៏មានការលិចតិចតួចដែរ។
 








ចំណែកអភិបាលខេត្តកណ្ដាល ក៏បានត្រៀមកម្លាំង ទូក សម្ភារផ្សេងៗ ជាពិសេសទីទួលសុវត្ថិភាព ដើម្បីបង្ការទឹកជន់លិច។ ជាងនេះទៅទៀត លោកក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅតាមបណ្តោយដឹងស្ទឹងព្រែកត្នោត ឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួន កុំប្រហែសចំពោះស្ថានភាពទឹកជំនន់នេះ។ទឹកស្ទឹងព្រែកត្នោតបានប៉ះពាល់ដល់ពលរដ្ឋខ្លះ ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅផងដែរ។
 
 





Tag:
 ទឹកជំនន់
  សង្គមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com