ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន​ សែន៖ វិស័យ​ឯកជន​មាន​តួនាទី​សំខាន់​​ ៣​ ក្នុងការស្តារ​សេដ្ឋកិច្ច​ក្នុងតំបន់​នៅឆ្នាំ២០២២
26, Oct 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ វិស័យឯកជន ត្រូវមានតួនាទីសំខាន់ចំនួន៣ ​ក្នុងការរួមចំណែកសម្រេចឱ្យបាននូវទិសដៅការងារ  និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ ដើម្បី​ជំរុញ​ការស្តារ និង​​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។ នេះជាការលើកឡើងរបស់ សម្តេច ហ៊ុន សែន។

 
 
សម្តេច ហ៊ុន សែន បានអះអាងថា វិស័យ​ឯកជន​ត្រូវមាន​តួនាទី​សំខាន់ៗ៣ ក្នុងការ​រួមចំណែក​ស​ម្រេច​ឱ្យបាន​នូវ​ការងារ​អាទិភាព និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ ដើម្បី​ជំរុញ​ការស្តារ និង​​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​។ ជាពិសេស ជំរុញដល់ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាប័ន្ន។ ​ សម្តេចលើកឡើងដូច្នេះ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​ក្រោម​ប្រធានបទ​៖ «​កសាង​អនាគត​ឌីជីថល​ប្រកបដោយ​ចីរភាព​របស់​យើង​»​ នៅ​ថ្ងៃទី​ ២៥តុលា ឆ្នាំ​២០២១​។
 
បើតាមសម្តេច ហ៊ុន សែន តួនាទីសំខាន់ទាំង៣របស់វិស័យឯកដែលត្រូវចូលរួមជាមួយរដ្ឋាភិបាល ក្នុងការស្តារឡើងវិញសេដ្ឋកិច្ចជាតិ និងតំបន់អាស៊ាននោះ មាន៖ ទី​មួយ. វិស័យឯកត្រូវ​ទាញយក​ប្រយោជន៍ឱ្យបាន​ជា​អតិបរមា ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាស៊ាន ដែលមាន​ស្រាប់។ ជាពិសេស​គឺទាញប្រយោជន៍ពីកិច្ចព្រមព្រៀង អា​សិប (RCEP) ដែល​គ្រោង​នឹង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ២០២២ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្មនិង​វិនិយោគ ជាពិសេស​ជំរុញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដើម្បី​បង្កើត​ការងារ​, បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​
 
ទីពីរ. វិស័យឯកជន ត្រូវចូលរួមចំណែក​អភិវឌ្ឍធនធានមនុស្ស តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ជាពិសេស​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​, ព្រមទាំង​ការលើកកម្ពស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈ​ការចូល​រួមសហការ​ជាមួយ​ធុរកិច្ច និង​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ជួយ​កាត់បន្ថយ​គម្លាត​ឌីជីថល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​។​ 
ទី​៣. វិស័យឯកជនត្រូវលើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ជាពិសេស​តាមរយៈ យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុង​គោលបំណង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​មកប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ និង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ជួយ​បំពេញតម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការស្ដារ ឡើងវិញ​នូវ​កិច្ចអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​។​
 
ដើម្បីលើកកម្ពស់ដល់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលបានប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិឱ្យទៅជាកាលនុវត្តភាព តាម រយៈការដាក់ចេញ​និង​ជំរុញ​ការអនុវត្ត​នូវ​គោលនយោបាយ និង​វិធាន​ការសំខាន់ៗ។ រួមមាន៖ ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង ច្បាប់​ស្តីពី​វិនិយោគ​ថ្មីៗ ព្រម​ជាមួយនឹង​ការបញ្ចប់​នូវ ច្បាប់​ស្តីពី sភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​(CCFTA) និង ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ (CKFTA)ដែល​នឹង​ចូល​ជា​ធរមាន ក្នុងពេល​ឆាប់ៗ​ខាងមុខ ៕​

Tag:
 ពាណិជ្ជកម្ម
  RCEP
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com